ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជីវិតចុងក្រោយ ស្ត្រីចំណាស់វ័យជាង៩០ឆ្នាំម្នាក់ បានអង្គុយក្រោមកំដៅថ្ងៃលើកដៃសំពះមិនឈប់ ដើម្បីសុំទានរកប្រាក់តាំងពីព្រលឹមទល់ព្រលប់ពិតជាគួរឲ្យសង្វេគពេកព្រៃ។
ស្ត្រីចំណាស់ខាងលើឈ្មោះ ប៉ក់ វីន អាយុ៩១ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត។

ស្ត្រីចំណាស់រូបនេះប្រាប់ថា គាត់ជាស្ត្រីមេម៉ាយយូរឆ្នាំមកហើយ ដោយដំបូងគាត់មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប លុះមានគ្រួសារក៏ចាកចេញពីស្រុកមករស់នៅជាមួយប្តីនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងបន្តមករស់នៅក្នុងភូមិ-សង្កាត់ខាងលើជាង១០ឆ្នាំមកហើយ ព្រមទាំងប្រកបរបរសុំទាននេះជិត១០ឆ្នាំដូចគ្នា។

លោកយាយបន្តទៀតថា កន្លងមក គាត់រស់នៅជាមួយកូនស្រីម្នាក់ និងចៅប្រុសម្នាក់។ កូនស្រីរបស់គាត់ជាស្ត្រីមេម៉ាយ ដោយសារតែប្តីទៅចោលតាំងពីកូននៅក្នុងផ្ទៃម្ល៉េះ ប៉ុន្តែជាអកុសលប៉ុន្មានឆ្នាំមុន កូនស្រីគាត់បានបាត់បង់ជីវិតដោយសារតែជំងឺ បន្សល់ចៅប្រុសអាយុ២១ឆ្នាំម្នាក់ឲ្យគាត់ទទួលអម្រែកតែម្នាក់ឯង។
លោកយាយបន្តថា ចៅប្រុសរបស់គាត់បានទៅបាត់ចោលគាត់ឱ្យរស់នៅម្នាក់ឯងឯកា គ្មានទីពឹងតាំងពីខែតុលា ឆ្នាំ២០២០ម្ល៉េះ មិនដឹងថាទៅណានោះទេ និងមិនដែលឃើញវិលមកជួបគាត់វិញឡើយ។

បើទោះជាលោកយាយរូបនេះ ក្លាយទៅជាអ្នកសុំទានស្ទើរដុះស្លែ ដើម្បីក្រពះក៏ដោយ ប៉ុន្តែសម្រាប់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ឬហៅថា ប័ណ្ណក្រីក្រនោះ លោកយាយពុំដែលទទួលបានទេ ពោលគឺគាត់ថា ធ្លាប់ទទួលបានត្រឹមរបបអង្ករ២៥គីឡូក្រាមពីអាជ្ញាធរម្តងគត់ នាពេលកន្លងមក។
លោកយាយរៀបរាប់ទាំងក្តុកក្តួលចិត្តថា បើមិនប្រកបរបរសុំទានទេ គាត់គ្មានប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃឡើយ ហើយថា មុខរបរសុំទានរបស់គាត់មិនសូវសល់ច្រើនទេ ព្រោះគាត់ចាស់ហើយ ដើរមិនរួច ម្យ៉ាងត្រូវចំណាយប្រាក់ជួលម៉ូតូគេឌុបទៅមកកន្លែងអង្គុយរកប្រាក់ផងដែរ។
ទោះបីជីវិតជាអ្នកសុំទានមែន ប៉ុន្តែលោកយាយរូបនេះមិនភ្លេចឡើយពីវិធីការការពារមេរោគកូវីដ១៩ របស់ក្រសួងសុខាភិបាលឡើយ គឺគាត់បានពាក់ម៉ាស់យ៉ាងត្រឹមត្រូវ។ ហើយដើម្បីជីវិតចុងក្រោយ លោកយាយបានទទូចសុំសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសអាជ្ញាធរ មេត្តាជួយគាត់ផង ព្រោះចង់បានប្រាក់សម្រាប់ដោះស្រាយជីវភាព និងទៅវត្តបានធ្វើបុណ្យទាននឹងគេ។
បើតាមលោក សន មុន្នី មេភូមិមិត្តភាព ទទួលស្គាល់ថា លោកយាយចំណាស់ខាងលើ ពិតជាពលរដ្ឋរស់នៅក្នុងភូមិរបស់លោកមែន។ ពេលសាកសួររឿងប័ណ្ណក្រីក្រ មេភូមិរូបនេះប្រាប់ថា បានធ្វើរបាយការណ៍ពីលោកយាយទៅថ្នាក់លើរួចហើយនាពេលកន្លងមក ប៉ុន្តែមិនដឹងថា យ៉ាងម៉េច ខាងក្រុមការងារផ្តល់ប័ណ្ណក្រីក្ររបស់សង្កាត់ និងខាងសង្គមកិច្ចក្រុង មិនទាន់ឃើញចុះមកសម្ភាសន៍ ឬអាចមកពីបញ្ហាកូវីដក៏ថាបាន៕
ចែករំលែកព័តមាននេះ