ធនាគារជាតិកម្ពុជាបានប្រកាសការពារអតិថជនដែលបានប្រើប្រាស់កម្ចីហិរញ្ញវត្ថុពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទំាងអះអាងថានឹងខិតខំលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋ ស្របពេល ដែលបរិយាបន្នហិរញ្ញវត្ថុបានកើនឡើងនិងស្ថិតក្នុងបរិការណ៍ប្រឈមនិងវិត្តតាមរយៈការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនៅតាមមូលដ្ឋាន ការទទួលសំណួរនិងសំណើរបស់សាធារណជនពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងយុទ្ធនាការនានា ដែលបានបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់សាធារណជន។

ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋជាបេសកកម្មមួយដែលបានជោគជ័យ ដែលថ្នាក់ដឹកនាំធនាគារជាតិអះអាងថាទទួលបាននៅឆ្នាំ២០២០។ បេសកកម្មនេះបន្តនៅឆ្នាំ២០២១ទៀត ខណៈអ្នកពាក់ព័ន្ធជាច្រើនអះអាងថាចំណេះពីហិរញ្ញវត្ថុរបស់ពលរដ្ឋខ្មែរនៅមានកម្រិត។ សមាគមធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ទើបតែប្រកាសពីការកម្មវិធីប្រកួតប្រជែងក្នុងការផលិតវីដេអូខ្លី អប់រំពលរដ្ឋឲ្យយល់ដឹងពីហិរញ្ញវត្ថុនេះដែរ។

ធនាគារជាតិនៃកម្ពុជា បានធ្វើការបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២០និងប្រកាសទិសដៅការងារឆ្នាំ២០២១ កាលពីសប្តាហ៍មុន។លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិថាឆ្នាំ២០២០ធនាគារជាតិកម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការរក្សាបានស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ព្រមទំាងគរពូនទនបម្រុងអន្តរជាតិ ក្នុងកម្រិតគ្រប់គ្រាន់សម្រាប់បម្រើដល់គោលនយោបាយរូបិយវត្ថុ។

តាមសេចក្តីប្រកាសព័ត៌មាន ធនាគារកណ្តាលអះអាងថា វិស័យធនាគារបានគំាទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់មលលើអាជីវកម្មនិងប្រជាជនក្រីក្រ ដោយបានដាក់ចេញនូវវិធានការមួយចំនួនរួមមានការបង្កើនសាច់ប្រាក់ក្នុងដៃរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់ការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ។ ឆ្នាំ២០២០កន្លងមកធនាគារជាតិកម្ពុជាក៍បានគំាទ្រដល់នវានុវត្តបច្ចេកវិទ្យា និងការលើកកម្ពស់ប្រាក់រៀលផងដែរ។

“ជាទិសដៅធនាគារជាតិនឹងបន្តចូលរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជំរុញការអភិវឌ្ឍប្រព័ន្ធធនាគារឲ្យកាន់តែទំនើប ប្រកបដោយបរិយាបន្ននិងភាពទុកចិត្តខ្ពស់ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦ ឆ្នាំ២០២៥ និងស្របតាមការវិវត្តនៃទំនាក់ទំនងនិងដំណើរការសេដ្ឋកិច្ចក្នុងបរិការណ៍នៃ ប្រក្រតីថ្មី សំដៅគំាទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលស្តារកំណើនសេដ្ឋកិច្ចឡើងវិញ”។ នេះជាការបញ្ជាក់ពីបេសកកម្មរបស់ធនាគារជាតិទៅថ្ងៃមុខ៕
ចែករំលែកព័តមាននេះ