ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ដំណឹងអតីតអនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ជាង ១៦ឆ្នាំ ពេលដឹងដំណឹងវិញ គាត់មាន​ជំងឺធ្ងន់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ​ទឹកប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀល ត្រូវបាន​លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា…

ខេត្តកំពង់ឆ្នាំង៖ ​ទឹកប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀល ត្រូវបាន​លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១ បានដឹកនាំ​ក្រុម​ការងារ នាំយកទៅប្រគល់ជូនអតីតអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលបានចូលនិវត្តន៍ និងកំពុងមានជំងឺប្រចាំកាយ រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

នៅក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី មានប្រសាសន៍ថា​ ដោយសារ​លោក នូ សារុន អតីតអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ពេលចូលនិវត្តគាត់បានផ្លាស់ទីលំនៅ ទៅរស់នៅរាជធានីភ្នំពេញ ទើបធ្វើឱ្យដាច់​ទំនាក់ទំនង និងមិនបានដឹងពីសុខទុក្ខរបស់លោក ហើយក្រោយមក ទទួលដំណឹងថា​ គាត់មានជំងឺ តែមិនដឹងអាសយដ្ឋាន​។

ប៉ុន្តែថ្មី​ៗនេះ ដោយសារតែទទួលបានដំណឹងច្បាស់លាស់ ថា លោកកំពុងតែមាន​ជំងឺធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាល នៅផ្ទះក្នុង​រាជធានីភ្នំពេញ ទើបថ្ងៃនេះ លោកជំទាវ បានដឹកនាំក្រុមការងារ ជាមន្ត្រីរាជការខេត្តកំពង់ឆ្នាំង សូមនាំយកទឹកប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀល មកប្រគល់ជូន​លោក នូ សារុន អតីតអនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងគ្រា ដែល​លោក កំពុងមានជំងឺនេះ​។

លោកជំទាវ បន្តថា ចំពោះប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀលនេះ គឺ ១លាន ៣០ម៉ឺន ជាថវិកា​របស់លោកជំទាវ និងក្រុមការងារ ចំណែក ១លានទៀត ជាថវិការរបស់​លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង​។

នៅក្នុងឱកាសនោះដែរ ក្រុមគ្រួសាររបស់លោក នូ សារុន ក៏បានលើកដៃថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ និងលោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដែលខំស្វះស្វែងរក និងផ្ដល់ថវិកាដល់​លោក នូ សារុន ដែលកំពុងតែមានជំងឺប្រចាំកាយ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនេះ​។

​លោក កូយ ភារុំ ជាប្រធានផ្នែកបសុព្យាបាល នៃការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង ដែលជា​កូនប្រុសរបស់លោក នូ សារុន បានឱ្យដឹងថា​​ ឪពុករបស់លោក បានចូលនិវត្តន៍ នៅឆ្នាំ​២០០៤ ហើយក្រោយមក គាត់ចាប់ផ្តើមឈឺ សម្រាកលើកន្ទេល ដោយសារ​សំពាធឈាមឡើងខ្ពស់ ដែលជំងឺនេះ មានរយៈពេលជាង ១០ឆ្នាំហើយ និងថ្មីៗនេះ ស្ថានភាពកាន់​តែធ្ងន់ធ្ងរទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមគ្រួសារ ព្យាយាមផ្តល់ដំណឹង មកថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង ឱ្យទៅសួរសុខទុក្ខ​ឪពុកលោក ព្រោះវាជាឱកាសចុងក្រោយ។

គួរបញ្ជាក់ដែរថា លោក នូ សារុន គឺជាអតីតអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តកំពង់ឆ្នាំង ដែលធ្លាប់មានស្នាដៃក្នុងការដឹកនាំ កសាងក្នុងមន្ទីរកសិកម្ម បានរីកចម្រើនគួរកត់សម្គាល់ ក្នុងពេលលោក បំពេញតួនាទី ជាអនុប្រធានមន្ទីរ៕  ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ