ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​កូ​វី​ដ​១៩ ៖ ប្រធាន CVEA រំពឹង​ថា ​ឆ្នាំ​២០២១​វិនិយោគិន​បរទេស​នឹង​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ឡើង​វិញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​មើលឃើញ​ថា​មាន​ប្រទេស​ជា​ច្រើន​បាន​នឹង​កំពុង​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ ១៩ ហាក់​មាន​ចំនួន​ច្រើន​ឡើង​ៗ ជា​ពិសេស​កម្ពុជា​ក៏​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​នា​ខែកុម្ភៈ​ដ៏​ខ្លី​ខាង​មុខ​នេះ​ពី​មហាមិត្ត​ចិន ធ្វើ​ឲ្យ​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​បង្ហាញ​នូវ​ក្តី​រំពឹង​ថា​វិស័យ​អចល​ទ្រព្យ​នឹង​មាន​ទឹកមាត់​លេប​ឡើង​វិញ​ឆាប់​ៗ ។​ លោក ច្រឹ​ក…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​មើលឃើញ​ថា​មាន​ប្រទេស​ជា​ច្រើន​បាន​នឹង​កំពុង​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ ១៩ ហាក់​មាន​ចំនួន​ច្រើន​ឡើង​ៗ ជា​ពិសេស​កម្ពុជា​ក៏​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​នា​ខែកុម្ភៈ​ដ៏​ខ្លី​ខាង​មុខ​នេះ​ពី​មហាមិត្ត​ចិន ធ្វើ​ឲ្យ​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​បង្ហាញ​នូវ​ក្តី​រំពឹង​ថា​វិស័យ​អចល​ទ្រព្យ​នឹង​មាន​ទឹកមាត់​លេប​ឡើង​វិញ​ឆាប់​ៗ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ហៅ​កាត់​ថា (CVEA) បាន​បង្ហាញ​ក្តី​រំពឹង​ថា​វិនិយោគិន​បរទេស​នឹង​ចូល​មក​កម្ពុជា ដើម្បី​ស្វែងរក​ការ​វិនិយោគ​ជា​ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​បាន​ធ្លាក់​ចុះ​ពេញ​មួយ​ឆ្នាំទៅ​ហើយ នោះ ។

លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​បន្ត​ថា អំឡុង​ខែ កក្កដា ឬ​ខែសីហា ឆ្នាំ​នេះ នៅ​ពេល​វ៉ាក់សាំង​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​កាន់តែ​ច្រើន​នៅ​លើ​ពិភពលោក ពេល​នោះ​វិនិយោគិន​បរទេស​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​វិនិយោគ​នៅ​ក្រៅប្រទេស​ឡើង​វិញ​ហើយ​ពេល​នោះ​ដែរ កម្ពុជា​ក៏​រំពឹង​ថា​នឹង​ទទួល​បាន​វិនិយោគិន​បរទេស​ថ្មី ៗ​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ​ផង​ដែរ ។

អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា « វិនិយោគិន​មុន​នឹង​គេ​ទៅ​ប្រទេស​ណាមួយ​គេ​ត្រូវ​មើល​សិន​ថា តើ​ប្រជាជន​ប្រទេស​នោះ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ហើយ​ឬ​នៅ ហើយ​បើសិនជា​យើង​បាន​ចាក់​រួច​ហើយ​នោះ វិនិយោគិន​គេ​អត់​ខ្លាច​នឹង​មក​ប្រទេស​យើង​ទេ » ។ លោក​បាន​បន្ថែម​ថា យ៉ាងណា​ក្ដី ទោះបី​វ៉ាក់សាំង​បាន​ចាក់​ទៅ​ពលរដ្ឋ​ហើយ​ក្ដី ក៏​វិនិយោគិន​នៅ​តែ​មិន​ទាន់​ទុកចិត្ត​ភ្លាម​ៗ​ដែរ​គេ​ត្រូវ​រង់ចាំ​មើល​សិន​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នោះ ដោយ​ប្រើ​ពេល​យ៉ាង​ណាស់​ក៏​៣​ទៅ​៦​ខែ​ដែរ ។ បន្ទាប់​ពី​រយៈពេល​នោះ បើសិនជា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព នោះ​វិនិយោគិន​នឹង​ចាប់ផ្ដើម​ជាមួយនឹង​គម្រោង​ថ្មី​ៗ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នៃ​ទីផ្សារ​អចលនទ្រព្យ ។

លោក​បន្ថែម​ទៀត​ថា ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​មើលឃើញ មានការ​រីកសាយ​ភាយ​ទៅ​កាន់​តំបន់​ថ្មី​ៗ និង​រីក​ស្ទើរតែ​គ្រប់​ទិស​នៃ​រាជធានី​ភ្នំពេញ ។ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ដែល​ជា​តំបន់​ជាប់មាត់​ទន្លេ ត្រូវ​បាន​ចាប់អារម្មណ៍ ក្នុង​ការ​អភិវឌ្ឍ​ជា​តំបន់​លំនៅ​ឋាន ។ នៅ​តាម​ផ្លូវជាតិ​លេខ​៥ និង​លេខ​៦ ក៏​ជា​តំបន់​ជាប់មាត់​ទន្លេ​ដែរ ហើយ​ក៏​កំពុង​មានការ​អភិវឌ្ឍ​ជា​តំបន់​លំនៅ​ឋាន​ដូច​គ្នា ។ ក្រៅពី​ការ​អភិវឌ្ឍ​លំនៅ​ឋាន តំបន់​ពាណិជ្ជកម្ម ក៏​ត្រូវ​បាន​មើលឃើញ​ថា​កំពុង​ទទួល​បានការ​អភិវឌ្ឍ​យ៉ាង​សកម្ម​ផង​ដែរ ។

លោក សន សៀ​ប អនុប្រធាន​ប្រតិបត្តិ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​តែ​មានឱកាស​ខ្ពស់ ដោយ​តម្រូវការ​លំនៅ​ឋាន​នៅ​តែ​មាន​ខ្ពស់​ទាំង​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ខ្ពស់ និង​លំនៅ​ឋាន តម្លៃ​សមរម្យ ជាក់ស្ដែង​លំនៅ​ឋាន​នៅ​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​អភិវឌ្ឍន៍​ហើយ​នោះ គឺ​មានការ​គាំទ្រ​ពី​សំណាក់​ប្រជា​ពល​ជា​ច្រើន​ផង​ដែរ ។

លោក​បាន​បន្ត​ថា បើ​ទោះបី​មានការ​អភិវឌ្ឍ​លំនៅ​ឋាន​ពី​សំណាក់​ក្រុមហ៊ុន​ជា​ច្រើន​ហើយ​ក្តី តែ​តម្រូវការ​នៃ​ផ្នែក​នេះ​ក៏​នៅ​តែ​មាន​ដដែល ហើយ​ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍ​បន្ថែម​ទៀត ដោយសារ​តែ​កំនើន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំ​ពែ​ញ បាន​កើនឡើង​ពី​មួយ​ឆ្នាំ​ៗ​ទៅ​មួយ​ឆ្នាំ ជាក់ស្ដែង​សិស្ស​និស្សិត​ដែល​ពី​បណ្ដា​ខេត្ត​ចូល​មក​សិក្សា​នៅ​ភ្នំពេញ​មាន​ជា​រៀង​រាល់​ឆ្នាំ​ហើយ​ក្នុង​បរិមាណ​រាប់​ម៉ឺន​នាក់ ។ ក្នុង​ចំណោម​សិស្ស​និស្សិត​ទាំងនោះ មាន​ខ្លះ​ក៏​ជួល​ផ្ទះ​ហើយ​អ្នកខ្លះ ដែល​ឪពុក​ម្ដាយ​មាន​ជីវភាព​ធូរធា​ក៏​បាន​ទិញ​ផ្ទះ​នៅ​ភ្នំពេញ ដើម្បី​កូន​ស្នាក់​នៅ​ជាដើម ។

តាម​របាយការណ៍​របស់​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ការ​វិនិយោគ​អចលនទ្រព្យ​ពី​សំណាក់​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​និង​ជា​ទំហំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ