ខេត្តស្ទឹងត្រែង ៖ ដើម្បីរក្សាបានទំនួលខុសត្រូវតួនាទីភារកិច្ច នាយកដែនជម្រកសត្វព្រៃព្រៃឡង់នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះអនុវត្តប្រតិបត្តិការល្បាតក្នុងតំបន់អភរក្សរបស់ខ្លួន ដើម្បីត្រួតពិនិត្យ អង្កេតតាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

យុទ្ធនាការល្បាតនេះ បានធ្វើឡើងរយៈពេល៤ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តោតសំខាន់លើចំណុចក្តៅ និងទីតាំងដែលរងហានិភ័យខ្ពស់នៃការលួចលាក់កាប់ឈើខុសច្បាប់ ការបរបាញ់សត្វព្រៃ និងការទន្ទ្រានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ។

កិច្ចប្រតិបត្តិការ និងការប្តេជ្ញាចិត្តសកម្មភាពចុះល្បាតនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ ។

នាយកដែនជម្រកសត្វព្រៃព្រៃឡង់នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោកទូច វិចិត្រ បានបញ្ជាក់ថា ក្រុមឧទ្យានុរក្សបានបែងចែកជាច្រើនក្រុមតូចៗ ដើម្បីធានាថាការគ្របដណ្ដប់ភូមិសាស្ត្រមានប្រសិទ្ធភាព និងអាចឆ្លើយតបបានទាន់ពេលវេលាចំពោះបទល្មើសនានា។

លោកបន្តថា ការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សបានពិនិត្យរាល់សកម្មភាពគួរឱ្យសង្ស័យផ្តិតយករូបភាព និងព័ត៌មានអំពីការប្រែប្រួលនៃគម្របព្រៃឈើ និងសត្វព្រៃ ។ ប្រសិនក្នុងករណីបទល្មើសជាក់ស្តែងជំនាញ និងអនុវត្តច្បាប់កសាងសំណុំរឿងតាមនីតិវិធីចំពោះជនល្មើស ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិនេះ ៕



ចែករំលែកព័តមាននេះ