សង្គ្រាមប្រឆាំងកូវីដ១៩ ឆ្លុះបញ្ចាំងពីសមត្ថភាពដឹកនាំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមប្រឆាំងកូវីដ១៩ ឆ្លុះបញ្ចាំងពីសមត្ថភាពដឹកនាំ

4 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ ខណៈដែលកូវីដ១៩ បានសម្លាប់មនុស្សជាង ២លាននាក់ និង​បានធ្វើអោយ​មនុស្សជាង ៩៦លាននាក់ ធ្លាក់ខ្លួនឈឺ នៅទូទាំងពិភពលោកនោះ ប្រទេសកម្ពុជា ស្ថិតក្នុង​ចំណោម…

ភ្នំពេញ៖ ខណៈដែលកូវីដ១៩ បានសម្លាប់មនុស្សជាង ២លាននាក់ និង​បានធ្វើអោយ​មនុស្សជាង ៩៦លាននាក់ ធ្លាក់ខ្លួនឈឺ នៅទូទាំងពិភពលោកនោះ ប្រទេសកម្ពុជា ស្ថិតក្នុង​ចំណោម ប្រទេស​មួយចំនួនតូចប៉ុណ្ណោះ ដែលមិនមានអ្នកស្លាប់ ដោយជំងឺនេះ និង​មានចំនួនអ្នកឆ្លងកូវីដ១៩​ តិចតួច បើប្រៀបធៀបនឹងប្រទេសនានា នៅលើពិភពលោក។

គិត​មកដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កម្ពុជា ​មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥៨នាក់។ ក្នុងនោះ ៤០៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥៣នាក់ កំពុង​សម្រាកព្យាបាល នៅមន្ទីរពេទ្យ​។ នៅកម្ពុជា មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឡើយ។​

ក្នុងចំណោម​អ្នកឆ្លងកូវីដ១៩ ទាំង ៤៥៨នាក់ គឺមានពលករខ្មែរ ធ្វើដំណើរ​មកពីប្រទេសថៃ ចំនួន ៨២នាក់។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានអ្នកជាសះស្បើយ ៤០នាក់ហើយ​​។

ស្ថានភាពកូវីដ១៩ អាចស្ថិតនៅក្រោមការគ្រប់គ្រងបាន រហូតមកដល់ពេលនេះ មិនមែនជា ការចៃដន្យឡើយ។ វាជាលទ្ធ​ផលនៃការសម្រេចចិត្តផ្នែកនយោបាយរបស់ថ្នាក់ដឹកនាំ និង​ការប្រឹងប្រែងការងារ មិនចេះនឿយហត់របស់ក្រុមគ្រូពេទ្យ។

មកដល់ពេលនេះ ​កម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទប់ស្កាត់​ដ៏មានប្រសិទ្ធភាព​ មិន​ឲ្យកូវីដ១៩ ឆ្លងដាលដាល​ក្នុងប្រទេស។ នោះគឺ​រាល់អ្នកធ្វើដំណើរ​មកពីក្រៅប្រទេស តាមជើងយន្តហោះ ពេលមកដល់កម្ពុជាភ្លាម ត្រូវពិនិត្យ​សុខភាព និងធ្វើវិភាគរកកូវីដ១៩ ហើយទោះក្នុង​ជើងយន្តហោះ មានអ្នកឆ្លងកូវីដ១៩ ឬក៏មិនមាន គឺអ្នកដំណើរទាំងអស់ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ យ៉ាង​ហ្មត់ចត់ទាំងអស់គ្នា នៅតាមសណ្ឋាគារ និងទីកន្លែង ដែលក្រសួងសុខាភិបាល បានរៀបចំ​។

ដោយឡែក នៅតាមព្រំដែនគោក ជាមួយប្រទេសថៃ ក៏ដូចគ្នា។ គ្រប់អ្នកដំណើរ ពិសេស​ពលករខ្មែរ មកពីថៃ ក៏ត្រូវត្រួតពិនិត្យសុខភាព និងយកវត្ថុសំណាក វិភាគរកមេរោគកូវីដ១៩ នៅច្រកព្រំដែន ហើយនាំទៅធ្វើចត្តាឡីស័ក នៅកន្លែង ដែល​អាជ្ញាធរខេត្ត តាមព្រំដែន បានរៀបចំ ឲ្យគ្រប់ ១៤ថ្ងៃ តាមវិធានសុខាភិបាល​យ៉ាងត្រឹមត្រូវ​។

ការដាក់ចេញនូវវិធានការ​ទាន់ពេលវេលា និងវិធានការដ៏មានប្រសិទ្ធភាព​ ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ របស់​រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ កាលពីខែមករា ឆ្នាំ២០២០ មកដល់ខែមករា ឆ្នាំ២០២១ គឺ​សបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអន់ មិនចាញ់​បណ្តាប្រទេស ដែលមានធនធាន ច្រើននោះទេ​។

ការទប់ស្កាត់ និងព្យាបាល​​កូវីដ មិនសំដៅទៅលើ​ប្រទេសអ្នកមាន អ្នកក្រ ឬក៏ប្រទេស ដែលមាន​ធនធាន​ច្រើន ឬធនធានតិច​នោះទេ​ តែអ្វីដែល​សំខាន់ គឺការដាក់ចេញនូវ​វិធានការទាន់ពេលវេលា និង​មាន​ប្រសិទ្ធ​ភាព​។ រីឯនៅថ្នាក់ក្រោម ក៏បាន​អនុវត្ត​ល្អត្រឹមត្រូវ ពិសេសប្រជាពលរដ្ឋ បានចូលរួម​សហការ និង​អនុវត្តតាមវិធានការ​សុខាភិបាលយ៉ាង​ត្រឹមត្រូវ​។

ចំណែក​គ្រូពេទ្យជួរមុខ ដែលជាទ័ពអាវសរបស់​កម្ពុជា ក៏បានលះបង់​សេចក្តីសុខផ្ទាល់ខ្លួន ដើម្បី​ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩។ នេះ​ឆ្លុះបញ្ចាំងពីភាពខ្លាំងរបស់កម្ពុជា ភាពខ្លាំង របស់សម្តេចតេជោ ហ៊ុន សែន និង​ភាពខ្លាំងរបស់វិស័យ​សុខាភិបាល​កម្ពុជា​។

ជោគជ័យ​នៃការទប់ស្កាត់​កូវីដ និងការព្យាបាលកូវីដកន្លងមក ក៏បញ្ជាក់ថា ប្រព័ន្ធសុខាភិបាល របស់កម្ពុជា មិន​អន់ខ្សោយ ដូចដែល​មតិមួយចំនួន ​ធ្លាប់វាយប្រហារ​​កន្លងមកនោះទេ​។ នៅពេល​នេះ វិស័យ​សុខាភិបាលកម្ពុជា​ មានការអភិវឌ្ឍន៍ទាំង​បច្ចេកទេស និងទាំង​សមត្ថភាពគ្រូពេទ្យ​។ នោះគឺ​ក្រុមគ្រូពេទ្យរបស់​កម្ពុជា ដែលជាកងទ័ពអាវស ជួរមុខ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពិនិត្យព្យាបាលដល់អ្នកជំងឺ ដែលជាជនជាតិខ្មែរផង និងជនបរទេសផង ហើយ​នៅក្នុងមន្ទីរពេទ្យរបស់ខ្មែរយើងផ្ទាល់ទៀតផង​។

អ្នក​ជំងឺកូវីដ​​មួយ​ចំនួន កន្លងមក​​ មិន​មែន​ឈឺ​ស្រាលៗ​​ទេ​​។​ ​​​តែ​​​ដោយ​​សារ​​តែ​​សមត្ថភាពរបស់​គ្រូ​​ពេទ្យកម្ពុជា ​មាន​​​ចំណេះ និង​​ជំនាញ​​​​​ ​ពិសេស​​លើ​​បញ្ហា​ជំ​​ងឺ​​សួត​​ ទើប​អាចជួយ​ព្យាបាលដ៏មានប្រសិទ្ធភាព​លើអ្នកជំងឺកូវីដ១៩ មិនថា ខ្មែរ ឬក៏ជនបរទេសទេ​ ដែលបានជាសះស្បើយជាបន្តបន្ទាប់ ហើយមិនមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ នោះទេ​។

សូមឲ្យកម្ពុជា បន្ត​ជោគជ័យ ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ ខណៈដែល​រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏វាងវៃ​ បន្តដឹកនាំកម្ពុជា ដើម្បីស្តារ និង​បន្តការអភិវឌ្ឍន៍​ ក្រោយវិបត្តិកូវីដ១៩​៕ ដោយ៖ មុត ស្រីពៅ