រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ជាអភិបាលខណ្ឌ បានចុះចាប់ម៉ូតូគ្រប់ប្រភេទ បំពាក់ស៊ីម៉ាំងប្រែនបំពងសំឡេង ដែលបង្កការរំខានដល់ភ្លៀវជាតិ អន្តរជាតិ តាមបណ្តាភូមិគ្រឹះថ្នាក់ដឹកនាំ និវេសន៍ស្ថាន និងលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម ជាពិសេសក្នុងម៉ោងសម្រាក បានចំនួន៦១គ្រឿង ដើម្បីអប់រំណែនាំ និងឱ្យពួកគាត់ប្តូរស៊ីម៉ាំងទើបឱ្យត្រឡប់ទៅផ្ទះវិញ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឱ្យកោះសន្តិភាពដឹងថា ក្នុងរយៈពេលជិត២ខែកន្លងមកនេះ ដោយចាប់អនុវត្តពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះស្ទាក់ចាប់ឃាត់ម៉ូតូដែលបំពាក់បំពង់ស៊ីម៉ាំងប្រែនបានសរុបចំនួន៦១ គ្រឿង ក្នុងនោះពិន័យម៉ូតូបានចំនួន ៣៦គ្រឿង រថយន្ត០១គ្រឿង និងអប់រំចំនួន១៣គ្រឿងទៀត មិនពិន័យទេ ព្រោះបំពង់ស៊ីមាំងស៊ីន តែមានសំឡេងលឺ នៅសល់មិនទាន់ពិន័យចំនួន១២គ្រឿង។
លោក សុខ ពេញ បានឱ្យដឹងទៀតថា ការឃាត់ម៉ូតូដែលបំពាក់ស៊ីម៉ាំងប្រែន និងធ្វើការពិន័យនោះ ព្រោះជាប្រភេទម៉ូតូស៊ីម៉ាំងកែច្នៃខុសប្រក្រតី ដែលបានធ្វើឲ្យប៉ះពាល់រំខានការសម្រាក ការរស់នៅដល់ថ្នាក់ដឹកនាំទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស ព្រមទាំងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ លោកអភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ម៉ូតូដែលឃាត់បាននោះ យកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីធ្វើការអប់រំ ណែរនាំដល់ម្ចាស់ឲ្យបញ្ឃប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតីបែបនេះទៀត ហើយការងារនេះសមត្ថកិច្ចខណ្ឌដូនពេញនឹងបន្តធ្វើសកម្មភាពត្រួតពិនិត្យ និងបង្ក្រាបឱ្យបានជាប់ជាប្រចាំតែម្តង៕ ដោយ ៖ ចន ណារិទ្ធ