បាត់ដំបង ប្រគល់សាលារៀន ដែលធ្វើមណ្ឌលចត្តាឡីស័ក ឲ្យសិស្សចូលរៀនវិញ
- បាត់ដំបង
(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្ត លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង…
(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្ត លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង…
(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្ត លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបកិច្ចការងារធ្វើចត្តាឡីស័ក និងផែនការបន្ត សម្រាប់មណ្ឌលចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរង ក្រុង ស្រុក លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
លោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកទាំង ៣ ជាប់ព្រំដែន រួមមាន ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពិនិត្យទីតាំងសាលារៀន ដែលជាមណ្ឌលចត្តាឡីស័ក ហើយត្រូវយកទីតាំងមណ្ឌលចត្តាឡីស័កណាមួយ ច្របាច់បញ្ចូលគ្នា និងត្រូវលាងសម្អាត រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបើកដំណើរការសិក្សាឡើងវិញផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា មណ្ឌលចត្តឡីស័កក្រុង ស្រុកមួយចំនួន បានលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងបានបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនវិញហើយ រួមមាន ៖ មណ្ឌលចត្តាឡីស័កក្រុងបាត់ដំ បង( វិទ្យាល័យព្រះមុន្នីវង្ស) មណ្ឌលចត្តាឡីស័កស្រុកថ្មគោល (វិទ្យាល័យជ្រៃ) និងមណ្ឌលចត្តាឡីស័កស្រុកសង្កែ (វិទ្យាល័យអន្លង់វិល)។
លោកបានបន្ថែមថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ពលករ ដែលវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក សរុបប្រមាណ ៣០៧៩នាក់ បានបញ្ចប់ចត្តាឡីស័កប្រមាណ ១៧១០នាក់ បញ្ជូនទៅបណ្តាខេត្តផ្សេងៗ ៣១៩នាក់ នៅសល់ក្នុងមណ្ឌលចត្តាឡីស័ក ១០៥០នាក់។ ចំណែកករណីកើតជំងឺកូវីដ១៩ថ្មី ចំពោះពលករ នៅខេត្តបាត់ដំបង មានសរុប ១៧នាក់ ជាសះស្បើយចំនួន ៧ នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរបង្អែកខេត្ត ចំនួន ១០ នាក់ ៕ ដោយ៖ ហួត សុងហាក់
ចែករំលែកព័តមាននេះ