ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូនលោក ភោក សំអាល់ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី គង់ សារឿន អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីននៅខេត្តស្វាយរៀង ដែលបានទទួលមរណភាព ដោយរោគាពាធ។
នៅព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៥ ស្អែកសម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ដ នឹងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពវីរៈនារីគង់សារឿន ដែលបានទទួលមរណៈភាពដោយរោគាពាធ ។ ពិធីបុណ្យរៀបចំនៅគេហដ្ឋានសព ស្ថិតនៅភូមិអូក្ដាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។
លោកស្រី គង់ សារឿន ជាអតីតវីរៈនារីផ្នែកដោះមីន និងជាយុទ្ធមិត្តឆ្នាំ ១៩៧៨ លោកស្រី បានលះបង់គ្រួសារចូលបម្រើកងទ័ព ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ លោកស្រីជាវីរៈនារីដោះមីន សង្គ្រោះដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងបានរស់នៅធ្វើស្រែនិងលំនៅឋាន រស់នៅបានសុខសាន្ត វីរៈនារីគង់សារឿន ត្រូវបានប្រជាពលរដ្ឋខេត្តស្វាយរៀងគោរពស្រឡាញ់។លោកស្រីវីរៈនារីគង់សារឿន បានទទួលមរណៈភាពនៅវេលាម៉ោង ១និង០៣នាទីយប់រំលងអធ្រាត្រនៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥ ក្នុងជន្មាយុ៦៨ឆ្នាំ ។
សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតនៅ ភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប។ប្រជាពលតដ្ឋខេត្តស្វាយរៀងមានទុក្ខដ៏ក្រៀមក្រមចំពោះការទទួលមរណៈភាព វីរៈនារីគង់សារឿន គឺបាត់បង់វីរៈនារី ម្នាក់ដែលបានបូជាជីវិតជូនជាតិជាពិសេសប្រជាពលរដ្ឋខេត្តស្វាយរៀងបានចងចាំជានិច្ចមិនអាចបំភ្លេចនូវគុណូបការៈនេះបានឡើយ សូមវិញ្ញាណក្ខន្ធលោកស្រីវីរៈនារីគង់សារឿន ទៅបដិសន្ធិនៅសុគតិភពចុះ៕

ចែករំលែកព័តមាននេះ