ទីក្រុងបាងកក ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ (DES) កាលពីពេលថ្មីៗនេះ បានព្រមានសាធារណជនឱ្យត្រៀមខ្លួនប្រឈមមុខនឹងសកម្មភាពបោកប្រាស់ធំៗចំនួន ៤ ដែលត្រូវបានរំពឹងថានឹងកាន់តែខ្លាំងឡើងនៅឆ្នាំក្រោយ ដោយជំរុញឱ្យប្រជាជនប្រុងប្រយ័ត្ន និងជៀសវាងការក្លាយជាជនរងគ្រោះនៃករណីក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត ឬអនឡាញ។
លោកស្រី Suchada Zhang Thaensap លេខាធិការរបស់រដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរបស់ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ បានលើកឡើងថា ការព្រមាននេះ ស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មតាមអនឡាញ ក្រោមការដឹកនាំរបស់លោក Chaichanok Chidchob រដ្ឋមន្ត្រីក្រសួងផ្ទាល់ ដោយបានសង្កត់ធ្ងន់លើការបង្កើនការយល់ដឹងរបស់សាធារណជន និងអក្ខរកម្មឌីជីថល ដើម្បីកាត់បន្ថយការខាតបង់ពីសកម្មភាពឆបោក។
វិធីសាស្ត្របោកប្រាស់ទាំង ៤ ដែលត្រូវបានឃើញញឹកញាប់បំផុតក្នុងប្រទេសថៃ នោះគឺ ទី១.ការផ្ញើសារទាំង SMS និង LINE ផងដែរ ដោយក្លែងមកជាមួយតំណភ្ជាប់ទាមទារការទូទាត់ប្រាក់។ ទី២.ការហៅទូរស័ព្ទ Deepfake ដំណើរការដោយ AI មកជាមួយរូបភាព វីដេអូ និងអាត់សំឡេងក្លែងក្លាយ។ ទី៣.គម្រោងវិនិយោគរូបិយប័ណ្ណឌីជីថលក្លែងក្លាយ ឬ ភាគហ៊ុនឌីជីថល និងទី៤. ប្រវត្តិរូបក្លែងក្លាយលើបណ្តាញទំនាក់ទំនងសង្គមបង្កើតការបោកប្រាស់ស្នេហា ហាងលក់ដូរ និងសណ្ឋាគារក្លែងក្លាយជាដើម។ ក្រសួងបន្ថែមថា បណ្តាញបោកប្រាស់ទូទៅបំផុតទាំង ៤ កើតឡើងលើហ្វេសប៊ុក (Facebook), មជ្ឍមណ្ឌលផ្តល់ព័ត៌មាន (Call Center), គេហទំព័រ និងកម្មវិធី TikTok។
តាមរយៈនេះ ក្រសួងបានជំរុញឱ្យសាធារណជនអនុវត្តតាម ៤ កុំ រួមមាន កុំចុចលើតំណភ្ជាប់ (Link) កុំជឿ កុំប្រញាប់ប្រញាល់ និងកុំផ្ទេរ (ប្រាក់ ឬព៏ត៌មាន)។ ជាមួយគ្នានោះដែរ ករណីសង្ស័យថាជាការក្លែងបន្លំ ឬធ្លាប់ត្រូវបានគេបោកប្រាស់ មន្ត្រីជំនាញបានណែនាំឱ្យទាក់ទងទៅមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងការឆបោកតាមអ៊ីនធឺណិត (AOC 1441) ឬ ទូរស័ព្ទទាន់ហេតុការណ៍ 1111 ពេលណាក៏បាន ២៤ ម៉ោងក្នុង១ថ្ងៃ ដើម្បីជួយបញ្ឈប់ប្រតិបត្តិការ និងបង្កកគណនីជាបន្ទាន់។
ដោយដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលប្រតិបត្តិការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា AOC 1441 លោកស្រី Suchada បានឱ្យដឹងថា ជនរងគ្រោះនៃករណីឆបោកភាគច្រើនជាមនុស្សពេញវ័យគ្រប់អាយុធ្វើការ ដោយក្នុងនោះក្រុមមនុស្សអាយុពី ២០ ទៅ ៤៩ ឆ្នាំមានចំនួន ២២៣ ៣០០ ករណី បន្ទាប់មកក្រុមអាយុពី ៥០ ទៅ ៦៤ ឆ្នាំមាន ៥៣ ២៦៥ ករណី៕ ប្រភព ៖ VNA


ចែករំលែកព័តមាននេះ