ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព្វថ្ងៃ​មាន​ឱសថ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​បេ តម្លៃ​៤២​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ថ្លើម​សេ ៦៨​ដុល្លារ​រយៈពេល​បី​ខែ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ មាន​ឱសថ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ បាន​បន្ត​ចុះថ្លៃ​ពី​រាប់​ពាន់​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ មាន​ឱសថ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ បាន​បន្ត​ចុះថ្លៃ​ពី​រាប់​ពាន់​ដុល្លារ មក​ប្រមាណ​៦៨​ដុល្លារ សម្រាប់​ព្យាបាល​រលាក​ថ្លើម​សេ ក្នុង​រយៈពេល​បី​ខែ អាច​ជា​សះស្បើយ​៩៥% និង​ប្រមាណ ៤២​ដុល្លារ ក្នុង​មួយ​ឆ្នាំ សម្រាប់​ព្យាបាល​រលាក​ថ្លើម​បេ ។

លោក​ជំទាវ យក់ សម្បត្តិ ថ្លែង​អោយ​ដឹង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តី​អំពី​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ និង​ហិរញ្ញប្បទាន សម្រាប់​កម្មវិធី​ឆ្លើយ​តប​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​បេ និង​សេ ឆ្នាំ​២០២០-២០២៤ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០២១​នេះ ។

តាម​ការ​ប៉ាន់ស្មាន របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ឆ្នាំ​២០១៧ ក្នុង​ប្រទេស​កម្ពុជា មាន​អ្នកជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ប្រភេទ​វីរុស​បេ ស្មើនឹង​៤៧៥,០០០​នាក់ និង​អ្នក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​វីរុស​សេ មាន​ត្រឹម ២៥៧,០០០​នាក់​។

លោក​ជំទាវ ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​សេ គឺ​បណ្តាល​មក​ពី​ការ​ការ​បរិភោគ​ម្ហូបអាហារ​មិន​មាន​អនាម័យ ពិសេស​អ្នក​ចូល​ចិត្ត​ពិសា​ស្រា​ច្រើន និង​បារី ។

លោក​ជំទាវ បាន​បន្ត​ថា ជំងឺ​រលាក​ថ្លើម​បេ និង​សេ​នេះ ប្រសិនបើ​យើង មិន​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​ទេ វា​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​ធ្វើ​ឲ្យ​អ្នកជំងឺ ទៅ​ជា​ក្រិន​ថ្លើម និង​ឈាន​ដល់​ជំងឺមហារីក​ថ្លើម​ទៀត​ផង ។

លោក​ជំទាវ ក៏​បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្តេជ្ញា និង​ធ្វើការ​ជាមួយ​ដៃគូ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ជំងឺ​រលាក​ថ្លើម​បេ និង​សេ ដោយ​ផ្ដោត​លើ​ចក្ខុវិស័យ​«​គ្មាន​ការ​ឆ្លង​មេរោគ​រលាក​ថ្លើម​ថ្មី​នៅ​កម្ពុជា​» ប្រជាជន​កម្ពុជា ដែល​មាន​មេរោគ​រលាក​ថ្លើម​រ៉ាំរ៉ៃ អាច​ទទួល​បាន​សេវា ធ្វើ​រោគវិនិច្ឆ័យ ការ​ព្យាបាល និង​ថែទាំ ដោយ​មាន​ប្រសិទ្ធភាព មាន​តម្លៃ​សមរម្យ និង​មានគុណ​ភាពល្អ ។ តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ប្រទេស​កម្ពុជា​បេ្ត​ជ្ញា​ចូលរួម ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ និង សេ នៅ​ឆ្នាំ​២០៣០ ដោយ​អនុលោម​តាម គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ការ​កាត់​បន្ថយ អត្រា​ឆ្លង​ថ្មី​៩០% និង អត្រា​មរណភាព ៦៥% នៅ​ឆ្នាំ​២០៣០ ។

បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កម្ពុជា ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​ជំងឺថ្លើម​ប្រភេទ​បេ និង​សេ នោះ​ទេ ដោយ​មិន​បាន​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀត​ទាត់ ឡើយ​លុះដល់​ពេល​មាន​ចេញ​ជា​រោគ​សញ្ញា ហើយ​ទើប​ទៅ​រក​គ្រូពេទ្យ​ពិនិត្យ​ទើប​ដឹង​ថា ខ្លួន​មាន​កើត​ជំងឺថ្លើម​ប្រភេទ​បេ ឬ​សេ ។ ប្រជាពលរដ្ឋ ដែល​មាន​ជំងឺ​ទាំងនេះ គួរតែ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​មានការ​ធ្ងន់ធ្ងរ​វិវត្តន៍​ទៅ​ជា​ក្រិន​ថ្លើម ឬ​មហារីក​ថ្លើម ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ