គ្រឿងក្នុងជ្រូកជាងកន្លះតោន ត្រូវដុត​ចោល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឿងក្នុងជ្រូកជាងកន្លះតោន ត្រូវដុត​ចោល

1 ខែ មុន
  • Banteay Meanchey

បន្ទាយមានជ័យ៖ គ្រឿងក្នុងជ្រូកជាងកន្លះតោន ត្រូវបានមន្ត្រីគយ និងរដ្ឋាករតំបន់៥ ចាប់បាន យកទៅដុតចោល នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅជាយក្រុងសិរីសោភ័ណ​។…

បន្ទាយមានជ័យ៖ គ្រឿងក្នុងជ្រូកជាងកន្លះតោន ត្រូវបានមន្ត្រីគយ និងរដ្ឋាករតំបន់៥ ចាប់បាន យកទៅដុតចោល នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅជាយក្រុងសិរីសោភ័ណ​។

មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្តាយមានជ័យ បានប្រាប់ថា​ ដើម្បីពង្រឹងការប្រមូលពន្ធជូនរដ្ឋ និងបង្ក្រាបអំពើរត់ពន្ធ និងទប់ស្កាត់ទំនិញខូចគុណភាព ​មន្ត្រីជំនាញបានឃាត់រថយន្ត ១គ្រឿង ដឹកទំនិញ ដោយ​ឆែកឆេររកឃើញមានកេសស្នោរ ចំនួន ៩កេស ដែលដាក់គ្រឿងក្នុងជ្រូក មានទំងន់ ៥៤០គីឡូក្រាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នា២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ គ្រឿងក្នុងជ្រូកទាំងនោះ នាំចូលពីប្រទេសថៃ។

មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានបញ្ជាក់ថា ក្រោយពេលដែលឃាត់រថយន្តដឹកទំនិញបង្កប់កេសដាក់គ្រឿងក្នុងជ្រូក ត្រូវទំលាក់ ធ្វើការត្រួតពិនិត្យ ឃើញថា ជាទំនិញដឹកគ្មានច្បាប់អនុញ្ញាត និងដឹកគ្មានលក្ខណៈបច្ចេកទេស បណ្តាលឲ្យ​ទំនិញខូចគុណភាព មានគ្រឿងក្នុងជ្រូក ដូចជា បេះដូង ក្រលៀន ថ្លើម ក្រពះ ពោះវៀនធំ ពោះវៀនតូច ឆ្អឹងជំនី ដែលធុមក្លិនស្អុយ។

មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានបញ្ជាក់ថា គ្រឿងក្នុងជ្រូក ដែលត្រូវមន្ត្រីជំនាញ​ចាប់បានជាងកន្លះតោននោះ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ ហើយដឹកបង្កប់ តាមទំនិញបម្រុងនាំចេញទៅលក់នៅភ្នំពេញ។

​ក្រោយពេលចាប់បានហើយ គ្រឿងក្នុងជ្រូកទាំងនោះ ត្រូវបានមន្ត្រីគយ និងរដ្ឋាករតំបន់៥សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្ត យកទៅដុតកម្ទេចចោល នៅជាយក្រុងសិរីសោភ័ណ​៕ ដោយ៖ ប៊ុន ធឿន