ខេត្តស្វាយរៀង ៖ មនុស្សយើងកើតមកក្រោមមេឃមួយ ប៉ុន្តែវាសនាមនុស្សមិនដូចគ្នានោះទេ ជាក់ស្តែងដូចគ្រួសារលោកយាយ វ៉ាន់ សារ៉ាន់ ដែលរស់នៅភូមិសេកជ្រំ ឃុំស្វាយតាយាន ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង ជួបនឹងបញ្ហាក្នុងជីវភាពរស់នៅ ណាមួយទៀតខ្លួនចាស់ជរាមិនអាចរកមុខរបរអ្វីមករកស៊ីចិញ្ចឹមខ្លួនបានឡើយ គឺមានតែបងប្អូនជិតខាងហុចម្ហូបសម្លបានមួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ។

ហើយអ្វីដែលវេទនា និងជួបការលំបាកខ្លាំងជាងនេះទៀតនោះ គឺផ្ទះរបស់គាត់គ្មានបង្គន់ប្រើប្រាស់ឡើយ លុះនៅពេលបត់ជើងម្តងៗ គឺមានតែសុំផ្ទះបងប្អូនជិតខាងប្រើសិន ហើយនឹងរាល់ពេលងួតទឹកម្តងៗ គឺរង់ចាំទាល់តែយប់ ទើបអាចងួតទឹកបាន។

លោកយាយ វ៉ាន់ សារ៉ាន់ អាយុ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយ ហើយងងឹតភ្នែករស់នៅភូមិ-ឃុំខាងលើ ដែលរស់នៅក្នុងផ្ទះតូចមួយប្រក់ពីលើស័ង្កសីច្រេះពុក និងរកតែកន្លែងដាក់គ្រែពុំបានផងនោះ ចំណែកផ្ទះបាយវិញធ្លុះធ្លាយ បែកបាក់យកក្រណាត់ចងបិតបាំងទៀត។

លោកយាយបានអំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភ អង្ករ គ្រឿងបរិភោគ និងឧបភោគ ប្រាក់កាស់ជួសជុលផ្ទះ និងសម្លៀកបំពាក់ ភួយក្រាស់ដល់រូបគាត់ផង និងចង់បានបង្គន់ប្រើប្រាស់មួយ ពីព្រោះរាល់ថ្ងៃគឺសុំគេប្រើប្រាស់នោះទេ។

ពាក់ព័ន្ធបញ្ហាលោកយាយខាងលើនេះ លោក រស់ សុជាតិ ជាមេភូមិសេកជ្រំ បានឱ្យដឹងថា លោកយាយវ៉ាន់ សារ៉ាន់ រូបនេះពិតជាក្រលំបាកពិតប្រាកដមែន។ ម្យ៉ាងវិញទៀតផ្ទះរបស់គាត់ គឺគ្មានបង្គន់ប្រើប្រាស់ទេ ហើយរស់នៅសព្វថ្ងៃបានបងប្អូនជិតខាងអោយបាយសម្លហូប។

លោកមេភូមិបានបន្តទៀតថា កន្លងមក អាជ្ញាធរភូមិ-ឃុំបានរាយការណ៍ទៅកាកបាទក្រហមជួយផ្តល់គ្រឿងឧបភោគបរិភោគ ចែកជួនដល់ពួកគាត់ផងដែរ ប៉ុន្តែអំណោយទាំងនោះមិនអាចគ្រប់គ្រាន់តាមតម្រូវការនោះទេ។ លោកមេភូមិក៏បានអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់លោកយាយផង៕

ចែករំលែកព័តមាននេះ