ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិចំបក់ ប្រតិកម្មចោទក្រុមឈ្មួញជីករណ្តៅដីយកអាចម៌ដីលក់ប្រើប្រាស់រថយន្តធុនធំដឹកដីបង្កឲ្យស្រុតខូចផ្លូវលំក្នុងភូមិប្រវែងប្រមាណ១,៥០០ម៉ែត្រក្លាយជារណ្តៅ ជង្ហុក និងមានផក់ល្បាប់រអិលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង និងបែកលូកាត់ថ្នល់ រីឯរណ្តៅដីដែលពួកគេជីកយកអាចម៌ដី គឺជីកជ្រៅជម្រៅជិត១០ម៉ែត្រហើយកៀកនឹងដីស្រែរបស់ប្រជាពលរដ្ឋទៀត ខ្លាចបាក់ច្រាំងរណ្តៅនៅរដូវវស្សាបាក់ដល់ដីស្រែរបស់ពលរដ្ឋ និងធ្លាក់សត្វគោក្របីចូលក្នុងរណ្តៅដីគ្រោះថ្នាក់ សូមឲ្យអាជ្ញាធរមេត្តាចុះពិនិត្យដោះស្រាយផង ព្រោះធ្វើបែបនេះមិនខុសពីពាក្យថា អាណាងាប់អីងាប់ទៅ ឱ្យតែអញបានរស់បានសុខ។

ប្រជាពលរដ្ឋប្រតិកម្មនេះ កើតឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
បើតាមប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនលី ភួន មកពីខេត្តព្រៃវែង បានយកគ្រឿងចក្រ អេស្កាវទ័រ មកជីករណ្តៅដីយកអាចម៌ដីលក់ឲ្យក្រុមហ៊ុនដីឡូតិ៍ ដោយប្រើប្រាស់រថយន្តដឹកដីធុនធំជាច្រើនគ្រឿងដឹកដីបង្កឲ្យបាក់ស្រុតផ្លូវលំមុខផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិចំបក់ ប្រវែងប្រមាណជា១,៥០០ម៉ែត្រក្លាយទៅជារណ្តៅ ជង្ហុកជ្រៅៗ ហើយបែកល្បាប់រអិលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។

ហើយបើជិះម៉ូតូ និងរថយន្តតូចត្រូវវាងចុះក្នុងស្រែទើបបាននិងមានបែកលូដែលដាក់កាត់ថ្នល់ទៀតផង ចំណែករណ្តៅដីក្រុមហ៊ុនលីភួន ជីកទទឹងប្រមាណ៤០ម៉ែត្រ បណ្តោយ១០០ម៉ែត្រ ជម្រៅជាង០៨ម៉ែត្រ ដោយទុកមាត់រណ្តៅតែ០៣ម៉ែត្រ បង្កឲ្យមានការព្រួយបារម្ភខ្លាចបាក់ច្រាំងរណ្តៅ បាក់ដីស្រែរបស់ប្រជាពលរដ្ឋដែលនៅជុំវិញរណ្តៅn: ជាពិសេសព្រួយបារម្ភខ្លាចគ្រោះថ្នាក់ ធ្លាក់ក្មេង និងធ្លាក់សត្វគោ ក្របីចូលក្នុងស្រះរណ្តៅដីជ្រៅបែបនេះ សូមឲ្យអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យដោះស្រាយ។

ទាក់ទិនករណីខាងលើនេះដែរ ក្រុមហ៊ុនលីភួន ម្ចាស់គ្រឿងចក្រជីករណ្តៅដី និងដឹកអាចម៌ដីលក់ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនលោកមិនដឹងទេ ចំពោះច្បាប់អនុញ្ញាតិ ដោយក្រុមហ៊ុនលីភួន គ្រាន់តែស៊ីឈ្នួលជីក និងដឹកដីឲ្យក្រុមហ៊ុនលោកពេជ្រ សាលី ម្ចាស់ដីឡូតិ៍ ជាអ្នករត់ច្បាប់ ដូច្នេះសួរទៅលោកពេជ្រ សាលីទៅ។
ព័ត៌មានពិស្តារន៍នឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។









 
                        
  
			         
				
ចែករំលែកព័តមាននេះ