ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធា​រណរដ្ឋ​ឥណ្ឌា​ផ្តល់​ជំនួយ​១​លាន​៥​សែន​​ដុល្លារ​​សាង​សង់​សារ​មន្ទីរ​វាយន​ភណ្ឌ

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ សារ​មន្ទីរ​វាយ​នភណ្ឌ​ប្រពៃណី​អាស៊ី​មួយ បាន​ចាប់​ដំណើរ​ការ​​​សាង​សង់​នៅ​លើ​ទឹក​ដី​វប្ប​ធម៌​​ប្រវត្តិ​សាស្រ្ត​ ខេត្ត​សៀម​រាប ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធា​រណរដ្ឋ​ឥណ្ឌា ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង​១​លាន​៥​សែន​ដុល្លារ​អាមេ​រិក ។ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១០ លោកជំទាវ ប្រាទី​បា ទេវី​ស៊ីង​ ប៉ាទីល ប្រធានា​ធិបតី​​នៃ​សាធា​រណរដ្ឋ​ឥណ្ឌា រួម​ជា​មួយ​លោក គង់ សំអុល ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​ព្រះ​បរម​រាជ​វាំង

ខេត្ត​សៀម​រាប ៖ សារ​មន្ទីរ​វាយ​នភណ្ឌ​ប្រពៃណី​អាស៊ី​មួយ បាន​ចាប់​ដំណើរ​ការ​​​សាង​សង់​នៅ​លើ​ទឹក​ដី​វប្ប​ធម៌​​ប្រវត្តិ​សាស្រ្ត​ខេត្ត​សៀម​រាប ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធា​រណរដ្ឋ​ឥណ្ឌា ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង​១​លាន​៥​សែន​ដុល្លារ​អាមេ​រិក ។ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១០ លោកជំទាវ ប្រាទី​បា ទេវី​ស៊ីង​ ប៉ាទីល ប្រធានា​ធិបតី​​នៃ​សាធា​រណរដ្ឋ​ឥណ្ឌា រួម​ជា​មួយ​លោក គង់ សំអុល ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​ព្រះ​បរម​រាជ​វាំង បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​បញ្ចុះ​បឋម​​សិលា​សាង​សង់​សារមន្ទីរ​វាយ​នភណ្ឌ​អាស៊ី ដែល​ជា​ជំនួយ​របស់​រដ្ឋា​ភិបាល​ឥណ្ឌា ។

អភិ​បាល​ខេត្ត​សៀម​រាប លោក​ស៊ូ ភិរិន្ទ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​នោះ បាន​មាន​ប្រសាសន៍​ថា សំណង់​អគារ​សារ​មន្ទីរ​វាយន​ភណ្ឌ​ប្រពៃ​ណី​អាស៊ី ​ដែល​នឹង​លេច​ចេញ​ជា​រូប​រាង​យ៉ាង​ធំ​អស្ចារ្យ​នៅ​លើ​ទឹក​ដី​អង្គរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ គឺ​សំរាប់​ដាក់​តាំង​ពិពរ័ណ៍​ផលិត​ផល​ជា​ច្រើន​ ជា​ពិសេស​កំណាត់ និង​សូត្រ​មក​ពី​បណ្តា​​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី ។ លោក​បាន​បន្ថែម​ថា សារ​មន្ទីរ​នេះ​ជា​ជំនួយ​របស់​សាធា​រណរដ្ឋ​ឥណ្ឌា​ដែល​គេ​ដាក់​​ថា ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​វប្ប​ធម៌​ឥណ្ឌា​សំរាប់​ប្រទេស​​ជា​សមា​ជិក​​នៃ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ទន្លេ​មេ​គង្គ-គង្គា ។

មន្ត្រី​អាជ្ញា​ធរ​អប្សរា​បាន​ថ្លែង​ថា អគារ​សារ​​មន្ទីរ​វាយន​ភណ្ឌ​ប្រពៃ​ណី​អាស៊ី​នេះ គ្រោង​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​ជាង​១​លាន​៥​សែន​ដុល្លារ​អាមេ​រិក សាង​សង់​លើ​​ផ្ទៃ​ដី​ជិត​១​​ហិកតា ជាប់​កែង​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ ក្នុង​បរិវេណ​បុរី​សណ្ឋា​គារ​វប្ប​ធម៌​ និង​ទេស​ចរណ៍​ដែល​​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​អប្សរា ។ យោង​តាម​ឯក​សារ​របស់​អាជ្ញា​ធរ​អប្ស​រា​បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ស្ថាបនា​សារ​មន្ទីរ​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​មាន​ការ​យល់​ដឹង​អំពី​បេតិក​ភណ្ឌ​ពិភព​លោក​នៃ​តំបន់​អង្គរ សំរាប់​ប្រទេស​ជា​សមា​​ជិក​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទន្លេ​មេ​គង្គ-គង្គា រួម​មាន​ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ ភូមា ថៃ វៀត​ណាម និង​បណ្តា​ប្រទេស​ពី​ភូមិ​ភាគ​អាស៊ី​គ្នេយ៍ មាន​ម៉ាឡេ​ស៊ី ឥណ្ឌូ​ណេស៊ី សិង្ហ​​បុរី និង​ហ្វ៊ី​លី​ពីន​ជា​ដើម ។

លោក​ប៊ុន ណារិទ្ធិ អគ្គ​នាយក​អាជ្ញា​ធរ​អប្ស​រា បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ​ថា សារ​មន្ទីរ​នេះ​​នឹង​បង្ហាញ​នូវ​បេតិ​កភណ្ឌ​អរូបី​របស់​បណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ក្នុង​ការ​រក្សា​ចំណេះ​ដឹង​ប្រពៃ​ណី​ ដែល​បន្សល់​ទុក​​ពី​ដូន​តា​របស់​ពួក​គេ​តាម​រយៈ​ការ​ដាក់​តាំង​ផលិត​ផល​ដែល​ភាគ ច្រើន​ធ្វើ​ពី​សូត្រ​ និង​កំណាត់ ។ លោក​បន្ថែម​ថា ក្រោយ​ពី​ការ​សាង​សង់​រួច​ សារ​មន្ទីរ​នេះ​នឹង​ត្រូវ​ប្រគល់​​មក​ឱ្យ​អាជ្ញា​ធរ​អប្សរា​គ្រប់​គ្រង ព្រោះ​​បាន​សាង​សង់​លើ​ដី​របស់​អាជ្ញា​ធរ​អប្សរា ។

សូម​ជំរាប​​ផង​ដែរ​ថា បច្ចុ​ប្បន្ន​​​ខេត្ត​សៀម​រាប​ដ៏​មាន​សក្តានុ​ពល​លើ​វិស័យ​ទេស​ចរណ៍​របស់​​ប្រទេស​កម្ពុជា​មួយ​នេះ​ មាន​សារ​មន្ទីរ​ចំនួន​៣ ហើយ​បូក​បញ្ចូល​ទាំង​សារ​មន្ទីរ​វាយន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែល​កំពុង​ចាប់​ដំណើរ​ការ​សាង​សង់​នេះ សំរាប់​ដាក់​តាំង​រតន​សម្បត្តិ​ដ៏​មាន​តំលៃ​មហា​សាល​របស់​ដូន​តា បង្ហាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​-អន្តរ​ជាតិ ទស្សនា​និង​ស្វែង​យល់​ពី​ប្រពៃណី​របស់​ខ្មែរ ៕