រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ទោះបីជាកម្ពុជាបូមប្រេងខ្លួនឯងក៏ដោយ កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃ ដូច្នេះតម្លៃប្រេងនៅកម្ពុជាបន្តប្រែប្រួលតាមតម្លៃប្រេងលើទីផ្សារអន្តរជាតិ ។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានលើកឡើងតាមបណ្តាញសង្គមរបស់ក្រសួង ដោយបានពន្យល់ប្រជាពលរដ្ឋខ្មែរបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនមានរអ៊ូថា «កម្ពុជាបូមប្រេងខ្លួនឯងហើយ ហេតុអ្វីបានជាតម្លៃប្រេងនៅកម្ពុជាបន្ដឡើងថ្លៃទៀត ក្នុងរយៈពេលប៉ុន្មាននេះ»។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា តើការទទួលបានតំណក់ប្រេងដំបូងមានន័យយ៉ាងណាចំពោះកម្ពុជា?
ក្រសួងបន្ដថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ ។ ប្រេងឆៅទាំងនោះមិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ ដូចជា ការយកទៅចាក់បញ្ចូលយានជំនិះ និងមធ្យោបាយដឹកជញ្ជូនដូចជា ម៉ូតូ ឡាន បាននោះទេ ។ ដើម្បីទទួលបានប្រេងឥន្ធនៈ ដូចជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន LPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់ ។
ក្រសួងរ៉ែ បញ្ជាក់យ៉ាងដូច្នេះថា «ដោយហេតុថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់ នៅប្រទេសផ្សេងឡើយ ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល» ។
ក្រសួងបានបន្ដថា តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១៥ថ្ងៃ ចុងក្រោយនេះ មានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេ ដែលមានតម្លៃប្រេងកើនឡើង ។
ជាងនេះទៅទៀត ក្រសួងរ៉ែ សូមបញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានដាក់ចេញរូបមន្តកំណត់ថ្លៃលក់រាយប្រេងដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើ ទីផ្សារអន្តរជាតិរៀងរាល់១៥ថ្ងៃម្តងលើសពីនេះ រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេង ឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ ។
សូមជម្រាបថាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពេលកន្លងមកនេះ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។ សម្តេចតេជោក៏បានលើកឡើងថា ថវិកាវិស័យប្រេងកាតនេះនឹងយកទៅធ្វើការអភិវឌ្ឍលើវិស័យសុខាភិបាល និងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ