ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​សន្តិសុខ

1 នាទី មុន

ទីក្រុង​តូ​ក្យូ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump ) បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន…

ទីក្រុង​តូ​ក្យូ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump ) បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) នៅ​ទីក្រុង​តូ​ក្យូ ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​សន្តិសុខ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទី​ភ្នា​ក់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) បាន​ចេញផ្សាយ​។

ប្រទេស​ជប៉ុន​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្តល់​កញ្ចប់​វិនិយោគ​ទំហំ​ទឹកប្រាក់​រហូត​ដល់ ៥៥០​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុងឆ្នាំនេះ រួម​ទាំង​ការ​សាងសង់​នាវា និង​ការ​សន្យា​ទិញ​សណ្តែកសៀង ឧស្ម័ន ព្រមទាំង​រថយន្ត​ភី​ក​អាប់ (Pickup) ផលិតផល​របស់​អា​មេ​រិ​ក​ផង​ដែរ​។

ជាមួយ​គ្នា​នោះ លោកស្រី តា​កា​អ៊ី​ឈី ក៏​មាន​គម្រោង​ជម្រាប​ជូន​លោក ត្រាំ ថា លោកស្រី កំពុង​ត្រៀមខ្លួន​ជ្រើសតាំង​លោក​សម្រាប់​បេក្ខភាព​ពានរង្វាន់​ណូបែល​សន្តិភាព (Nobel Peace Prize) បន្ទាប់​ពី​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​បាន​ជ្រើសតាំង​លោក​សម្រាប់​ពានរង្វាន់​ដែល​លោក​ចង់​បានជា​យូរ​មក​ហើយ​។

យោង​តាម​ការ​បញ្ជាក់​សេត​វិមាន​បានឱ្យ​ដឹង​ថា មេដឹកនាំ​កំពូល​ទាំង​ពីរ ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ធនធាន​រ៉ែ​សំខាន់​ៗ និង​ធនធាន​រ៉ែ​ដ៏​កម្រ ដែល​មាន​សារៈសំខាន់​សម្រាប់​ផលិតផល​ជា​ច្រើន​ប្រភេទ រាប់​ចាប់ពី​ស្មា​ត​ហ្វូ​ន​រហូត​ដល់​យន្តហោះ​ចម្បាំង​។

បន្ទាប់​មក លោក ត្រាំ នឹង​ជួប​ជាមួយ​បណ្តា​មេដឹកនាំ​ធុរកិច្ច​ជប៉ុន នៅ​ក្នុង​ទីក្រុង​តូ​ក្យូ មុន​ពេល​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ជាទី​ដែល​លោក​នឹង​ជួប​ជាមួយ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក លី ជេ​ម្យុ​ង (Lee Jae Myung) ពោល​១​ថ្ងៃ មុន​កិច្ចប្រជុំ​កំពូល​របស់​លោក ត្រាំ ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង (Xi Jinping)​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​នៅ​ទីនោះ លោក ត្រាំ បាន​និយាយ​ថា លោក​សង្ឃឹមថានឹង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជាម​ហា​យក្ស​សេដ្ឋកិច្ច​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ