ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​តាអោ​ង​​អាយុកាល​ជិត​៩០០​ឆ្នាំត្រូវ​បាន​ជួសជុល​ជា​លើក​ដំបូង​

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុង​ចំណោម​ស្ពាន​បុរាណ​ចំនួន​២៣​លើ​ដងផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាណ (​ព្រះ​ខ័ន​កំពង់ស្វាយ​)​។ សព្វថ្ងៃ​ស្ពាន​បុរាណ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដែល​បង្ក​ឡើង​ពី​កត្តា​មនុស្ស​និង​ធម្មជាតិ…

ខេត្តសៀមរាប ៖ ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុង​ចំណោម​ស្ពាន​បុរាណ​ចំនួន​២៣​លើ​ដងផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាណ (​ព្រះ​ខ័ន​កំពង់ស្វាយ​)​។ សព្វថ្ងៃ​ស្ពាន​បុរាណ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដែល​បង្ក​ឡើង​ពី​កត្តា​មនុស្ស​និង​ធម្មជាតិ ធ្វើ​ឱ្យ​ផ្នែក​ជា​ច្រើន​របស់​ស្ពាន​បុរាណ​បាន​ប្រេះ​ញែក​ចេញពី​គ្នា ហើយ​នៅ​ផ្នែក​កណ្តាល​តួ​ស្ពាន​សងខាង ថ្ម​មួយ​ចំនួន​បាន​រលុះ​ធ្លាក់ និង​ផ្នែក​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​ដែរ​។


តាម​ការ​បញ្ជាក់​របស់​លោក ពុទ្ធ សុទ្ធ មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​និង​ជា​ប្រធាន​គម្រោង​ជួសជុល​ស្ពាន​តាអោ​ង​ឱ្យ​ដឹង​ថា​៖ អាជ្ញាធរ​ជាតិ​អប្សរា​ផ្តើម​គម្រោង​ជួសជុល​ដំណាក់កាល​ទី​១​នេះ​ចំនួន​២​ចំណុច​សំខាន់​ៗ គឺ​នៅ​ជញ្ជាំង​ស្ពាន​ផ្នែក​ខាងជើង​ដែល​បាន​រលុះ​ធ្លាក់​និង​មាន​រហែក​ធំ​ចេញ​ក្រៅ​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​។ ក្រុមការងារ​នឹង​ធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ការ​ជួសជុល​ថ្ម ការ​រៀបចំ​ពង្រឹង​ជើង​សសរថ្ម​ដែល​រលុះ​ធ្លាក់​ឡើង​វិញ ការ​បង្ហាប់ដី​កន្លែង​ច្រោះ​នៅ​គល់​ស្ពាន​ខាងលិច​និង​ការ​រៀបចំ​បង្កាន់ដៃ​នាគ​ដាក់​ចូល​តាម​ទីតាំង​ដើម​ឡើង​វិញ​។

ចំពោះ​ប្រវត្តិ​និង​ចំណុច​សំខាន់​នៃ​ស្ពាន​បុរាណ​មួយ​នេះ លោក ពុទ្ធ សុទ្ធ បាន​ប្រាប់​ថា ​៖ «ស្ពាន​តោ​អោ​ង​ឬ​តា​អុង មាន​បណ្តោយ​ប្រវែង​៧០​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ និង​មាន​រន្ធត្រដេវ​ចំនួន​១៤​។ រន្ធត្រដេវ​នីមួយ​ៗ​មាន​ទទឹង​ប្រវែង​២​ម៉ែត្រ​និង​កម្ពស់​៦​ម៉ែត្រ​។ ស្ពាន​នេះ​ធ្វើ​អំពី​ថ្មបាយក្រៀម លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល​៩​និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំ​កណ្តាល​ក្បាល​នាគ​ធ្វើ​អំពី​ថ្មភក់​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ស្ពាន​នេះ គេ​ពុំ​ដឹង​ច្បាស់​ថា​វា​ចាប់​ផ្តើមកសាង​ឡើង​ក្នុង​រាជ្យ​ណា​ទេ គឺ​គ្រាន់តែ​ដឹង​ជា​ទូទៅ​ថា​ស្ពាន​នេះ​សាង​ឡើង​នា​សម័យ​អង្គរ​។ ប៉ុន្តែ​បើ​មើល​លើ​ចម្លាក់​បង្កាន់ដៃ​នាគ គេ​អាច​ដឹង​ថា វា​ស្ថិត​ក្នុង​រចនាបថ​បា​យ័ន្ត (​ឆ្នាំ​១១៨១-១២២០​នៃ​គ្រិស្តសករាជ​)»​។

សូម​បញ្ជាក់​ថា ស្ពាន​បុរាណ​ដែល​មាន​អាយុកាល​ជិត​៩០០​ឆ្នាំ​នេះ បាន​ប្រារព្ធ​ពិធី​ប្រុង​ពលី​សែន​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​និង​ជោគជ័យ​ក្នុង​ការ​ជួសជុល​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ដែល​មាន​ឯកឧត្តម គឹ​ម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សហការី រួម​នឹង​លោក​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេឃុំ មេ​ភូមិ កងរាជអាវុធហត្ថ និង​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ជា​ច្រើន​នាក់​បាន​ចូលរួម​ឱ្យ​ពរ​ជ័យ​។ គម្រោង​ជួសជុល​ស្ពាន​បុរាណ​នេះ បាន​ប្រើ​ថវិកា​មូលនិធិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយនឹង​បញ្ចប់​គម្រោង​នៅ​ខែមិថុនា ឆ្នាំ​២០២១៕

អត្ថបទសរសេរ ដោយ