រាជធានីភ្នំពេញ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់ជាច្រើនឆ្នាំមកហើយ ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងស្រាវជ្រាវធនធានធម្មជាតិបានចាត់ទុកព្រៃរបោះនៅតំបន់ទេសភាពខ្ពង់រាបខាងកើតនៃប្រទេសកម្ពុជា គឺជាក្តីរំពឹងចុងក្រោយសម្រាប់វត្តមានពពួកសត្វព្រៃកម្រ និងជិតផុតពូជនៅលើពិភពលោក ។
នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF ប្រចាំនៅកម្ពុជា លោក សេង ទៀក បានឱ្យដឹងខណៈទស្សនៈកិច្ច កាលពីពេលថ្មីៗថា ព្រៃរបោះដែលមានក្នុងដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកភ្នំព្រេច ដែលស្ថិតក្នុងខេត្តមណ្ឌលគិរី គឺជាកន្លែងផ្តល់ជម្រកចំណី និងការបង្កពូជដល់សត្វព្រៃ ដែលកំពុងទទួលរងការគម្រាមកំហែងជាសកលជាច្រើនប្រភេទរាប់បញ្ចូលទាំងប្រភេទរងគ្រោះជិតផុតពូជដូចជា ៖ សត្វទន្សោង ដំរីអាស៊ី ក្រពើភ្នំ ខ្លារខិន សត្វត្រយង សត្វត្មាត ក្ងោកបៃតង សត្វរមាំង ខ្ទីង ឈ្លួស ប្រើស និងពពួកពានរផងដែរ ។
លោកនាយកអង្គការថា កាលពីប្រមាណជាង៥០ឆ្នាំមុន ប្រភេទសត្វតិណាសីធំៗដូចជា គោព្រៃ ដំរីអាស៊ី និងរមាំង ក៏ដូចជាប្រភេទសត្វមំសាសី រួមមានខ្លាធំ និងខ្លារខិន មានចំនួនយ៉ាងច្រើន រស់នៅក្នុងតំបន់ព្រៃរបោះភាគខាងជើង និងភាគឥសាន្តនៃប្រទេសកម្ពុជាដែលអ្នកវិទ្យាសាស្ត្របានប្រៀបធៀបតំបន់អេកូឡូស៊ីនេះ ទៅនឹងតំបន់ព្រៃធម្មជាតិនៃប្រទេសអាហ្វ្រិកខាងកើត ។ ប៉ុន្តែការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់បានធ្វើឱ្យចំនួនសត្វព្រៃ និងធនធានជីវៈចម្រុះធ្លាក់ចុះយ៉ាងខ្លាំង ។
បើតាម លោក សេង ទៀក បានអះអាងថា«ការព្យាករថាចំនួនសត្វព្រៃអាចនឹងកើនឡើងវិញ ប្រមាណ៣០ភាគរយ ក្នុងរយៈពេល១០ឆ្នាំខាងមុខ បើសិនជាមានវិធានការការពារទាន់ពេលវេលា តាមរយៈការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងទៅលើអ្នកបរបាញ់ និងកាប់ព្រៃឈើធម្មជាតិ» ។ បើតាមរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញថា បច្ចុប្បន្ន សម្រាប់តំបន់អាស៊ីអាគ្នេយ៍ តំបន់ធនធានព្រៃរបោះដែលនៅសេសសល់ក្នុងសភាពតភ្ជាប់គ្នាតាន់តាប់ល្អ និងធំជាងគេ គឺស្ថិតនៅភាគឥសាន្តនៃប្រទេសកម្ពុជា ហើយដែល ត្រូវបានគេផ្តល់ឈ្មោះថា ជាតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ។ តំបន់នេះជាតំបន់ មួយស្ថិតក្នុងចំណោមតំបន់អេកូឡូស៊ីដែលមានតម្លៃជីវៈចម្រុះខ្ពស់ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គរបស់អង្គការ WWF។
ចំណែក កញ្ញា Milou Groenenberg ប្រធានផ្នែកតាមដាន និងស្រាវជ្រាវជីវៈ ចម្រុះនៃអង្គការ WWF បានឱ្យដឹងថា ចំនួនសត្វព្រៃដ៏កម្រ និងងាយរងគ្រោះជាច្រើនដូចជា ៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ត្រូវបានថតរូបភាពបានដោយម៉ាស៊ីនកាម៉េរាស្វ័យប្រវត្តិ ក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងក្នុងដែនជម្រកស ត្វព្រៃភ្នំព្រេច ។
កញ្ញាថា តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក៏ត្រូវបានអ្នកវិទ្យាសាស្ត្រអន្តរជាតិចាត់បញ្ចូលក្នុងបញ្ជីសកលនៃតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ជា សកលចំនួន២០០ តំបន់ សម្រាប់ការអភិរក្សធនធានធម្មជាតិជាសកល ដែលត្រូវបានទទួលស្គាល់អនុវត្តដោយអង្គការ WWF និងបណ្តាអង្គការធំៗផ្សេងៗទៀត នៅលើសកលលោក ។
បើតាមរបាយការណ៍បានពីការតាមដាន និងស្រាវជ្រាវជីវៈចម្រុះរបស់អង្គការ WWF បានបង្ហាញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សត្វព្រៃប្រភេទក្រចក ជើងចំពាមមានដូចជា ៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ជាដើមនេះ មានចំនួនកាន់តែតិចទៅៗនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ។ កត្តាចំបងដែលនាំឱ្យពពួកសត្វទាំងនោះថយចុះ គឺដោយសារបញ្ហាបាត់បង់ព្រៃជម្រក ការដាក់អន្ទាក់ ការប្រមាញ់ខុសច្បាប់ និងការជួញដូរ និងបញ្ហាកង្វះប្រភពទឹកជាដើម ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យការអនុវត្តច្បាប់ និងការពារព្រៃឈើ និងសត្វព្រៃនៅស្នូលនៃដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូដទៃផ្សេងៗទៀត បាននិងកំពុងពង្រឹងការគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះដ៏សម្បូរបែប តំបន់ទេសភាពខ្ពង់រាបខាងកើតមានដូចជា នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃកែវសីមា ។
ប្រភពបានលើកឡើងថា ដែនជម្រកសត្វព្រៃស្រែពក ជាឧទាហរណ៍មួយនៃការ គ្រប់គ្រងព្រៃឈើ និងសត្វព្រៃបានល្អ ខណៈតំបន់នេះត្រូវបានចុះបញ្ជីជាដីកម្មសិទ្ធិរដ្ឋ និងមិនអនុញ្ញាតឱ្យអ្នកគ្មានភារកិច្ចចូលទៅកាន់តំបន់ស្នូលនៃដែនជម្រកសត្វព្រៃនេះនោះទេ៕
ចែករំលែកព័តមាននេះ