ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធមានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧ នគរបាលការពារបេតិកភណ្ឌ សាលាឃុំបល្ល័ង្ក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបល្ល័ង្ក និងមេភូមិស្នាសង្គ្រាម បានចុះទប់ស្កាត់ និងអប់រំអ្នកភូមិចំនួន២គ្រួសារ ដែលបានរុករានដីធ្វើកសិកម្ម ក្នុងបរិវេណប្រាសាទបន្ទាយខ្យង ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ដែលក្រុមការងារនេះ ដឹកនាំដោយ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ។
តាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ចុះថ្ងៃទី២០ កក្កដា ២០១៥ បញ្ជាក់ថា អ្នកភូមិចំនួន២នាក់ ម្នាក់ឈ្មោះ ឈឿន យ៉ាន់ និងម្នាក់ទៀតឈ្មោះ កាំ ពិ អ្នកទាំង២នាក់ មានទីលំនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង បានរុករានទន្ទ្រានយកដីធ្វើកសិកម្ម នៅក្នុងតំបន់ការពារប្រាសាទបន្ទាយខ្យង ដែលកំពុងអភិរក្ស ។
បន្ទាប់ពីក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅឃាត់ និងណែនាំឲ្យពួកគាត់បានយល់ដឹងអំពីកិច្ចការអភិរក្សបេតិកភណ្ឌ ដែលជាសម្បត្តិរបស់យើងទាំងអស់គ្នារួចមក អ្នកភូមិទាំងពីរនាក់ខាងលើ បានយល់ព្រមឈប់រុករានដីតំបន់ការពារប្រាសាទតទៅទៀត និងបានធ្វើកិច្ចសន្យាប្រគល់ដីឲ្យអាជ្ញាធរអប្សរា ដើម្បីដាំដើមឈើឡើងវិញ ។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា នឹងធ្វើការបោះបង្គោលកំណត់តំបន់ការពារប្រាសាទបន្ទាយខ្យង នៅពេលឆាប់ៗខាងមុខនេះ ចៀសវាងមានបញ្ហាជាមួយពលរដ្ឋទៅថ្ងៃក្រោយ ។
គួរបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយខ្យង ត្រូវបានសាងសង់ឡើងដោយព្រះរាជគ្រូ យជ្ញវរាហ ក្នុងអំឡុងសតវត្សទី១០ ព្រះរាជគ្រូអង្គនេះ ជាព្រះគ្រូរបស់ព្រះមហាក្សត្រពីរជំនាន់ គឺព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៥ លោកបានកសាងប្រាសាទសំខាន់ៗចំនួន៣ គឺ ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយខ្យង និងប្រាសាទមួយទៀតនៅឃុំដំដែក ស្រុកសូទ្រនិគម ដែលតាមបញ្ជីសារពើភណ្ឌ ហៅថា ប្រាសាទសេកតាទុយ ៕
ចែករំលែកព័តមាននេះ