ប្រទេសថៃ ៖ តុលាការថៃកាលពីថ្ងៃទី១៩ មករា បានកាត់ទោសស្ត្រីអាយុ៦៥ឆ្នាំម្នាក់ ដាក់ពន្ធនាគារដល់ទៅ៤៣ឆ្នាំ ពីបទចែកចាយបណ្ដាសារដែលរិះគន់ប្រមាថព្រះមហាក្សត្រ តាមបណ្ដាញសង្គម។
នោះជាសេចក្ដីរាយការណ៍របស់មេធាវីម្នាក់របស់នារីនោះ ដែលទោសនេះជាទោសធ្ងន់បំផុត ពុំធ្លាប់មានក្នុងប្រទេសចំពោះរឿងប្រមាថស្ដេច។ ការកាត់ទោសដ៏ធ្ងន់នេះកើតមានក្នុងពេលដែលថៃ កំពុងជួបប្រទះនឹងបាតុកម្មជាប់រដឹក ទាមទារឲ្យនាយករដ្ឋមន្ត្រីលោកប្រាយុទ្ធចាន់អូចាលាលែងចេញពីតំណែង កែទម្រង់រដ្ឋធម្មនុញ្ញនិងកាត់បន្ថយអំណាចព្រះមហាក្សត្រ។
បាតុកម្មទាំងនោះរហូតដល់ទាមទារ ឲ្យព្រះមហាក្សត្របោះបង់ចោលទ្រព្យសម្បត្តិដ៏មហាសាលទៀតផង។ ពីដើមរៀងមកទោសប្រមាថព្រះមហាក្សត្រគេឃើញមានយ៉ាងច្រើនត្រឺមដាក់គុក១៥ឆ្នាំប៉ុណ្ណោះ។
មេធាវីលោកស្រីPAWINEE CHUMSRIថ្លែងប្រាប់រ៉យទ័រថា លោកស្រីANCHAN PREELERTទទួលការកាត់ទោសពីបទចោទប្រកាន់ដល់២៩ករណីផ្សេងៗពីគ្នា ទាក់ទិនការចែកចាយនិងចេញផ្សាយបណ្ដាវីដេអូ តាមYOUTUBE និងFACEBOOK រវាងឆ្នាំ២០១៤និង២០១៥។
លោកស្រីដំបូងត្រូវកាត់ទោសដាក់គុកដល់៨៧ឆ្នាំ តែទោសនោះត្រូវបានសម្រាល ក្រោយពីលោកស្រីព្រមទទួលស្គាល់កំហុស។ មេធាវីអះអាងថាកូនក្ដីរបស់គាត់អាចតវ៉ាទៅសាលាឧទ្ធរណ៍ចំពោះការកាត់ទោសនេះ៕
ចែករំលែកព័តមាននេះ