ខេត្តពោធិ៍សាត់ ៖ មនុស្ស៣នាក់ស្លាប់ និង១០នាក់ទៀតរងរបួសធ្ងន់-ស្រាល បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តម៉ាកហ្វតមួយគ្រឿង បានបុកជាមួយគោយន្តបណ្ដាលឱ្យធ្លាក់មនុស្សរាយប៉ាយលើថ្នល់ ខណៈនោះក៏មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបើកកិនពីលើបន្ថែមទៀត ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី២៥ កក្កដា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាស្នាមព្រះ ក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ។
ប្រភពបន្តថា មុនពេលកើតហេតុ មានគោយន្តកន្ត្រៃមួយគ្រឿងសណ្ដោងរ៉ឺម៉កធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ដោយមានដឹកមនុស្សក្មេងចាស់ប្រុសស្រីចំនួន១៣នាក់ ដើម្បីទៅចូលរួមក្នុងពិធីបុណ្យបងប្អូននៅភូមិរលាប ក្នុងសង្កាត់រលាបក្រុងពោធិ៍សាត់។ ពេលធ្វើដំណើរមកដល់ខាងមុខសាលាបឋមសិក្សាស្នាមព្រះ មានរថយន្តម៉ាកហ្វតមួយគ្រឿង ពណ៌ស្ពៃជ្រក់ ពាក់ស្លាកលេខភ្នំពេញ2F-4812 ឡើងជែងហើយបានមកបុកដាច់កង់គោយន្តខាងឆ្វេង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងធ្លាក់មនុស្សរាយប៉ាយពេញផ្លូវ ។
ស្របពេលជាមួយគ្នានោះ មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-8375 កំពុងបោះពួយយ៉ាងលឿនមកពីក្រោយដែរ ។ ដោយគេចទៅណាមិនរួច ក៏កិនពីលើទាំងរដូករណែលតែម្ដង បណ្ដាលឱ្យស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១០នាក់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ