រាជធានីភ្នំពេញ ៖ រយៈពេលមិនដល់៥នាទីផង ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ១គ្រឿង របស់ប្រជាពលរដ្ឋបានសម្រេច ខណៈដែលជនរងគ្រោះទុកម៉ូតូនៅខាងមុខផ្ទះដែលនៅជិតនឹងសាលាស្រុកត្បូងឃ្មុំតែម្តង ។
ហេតុការណ៍លួចកាច់សោ.កម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
យោងតាមរយៈវីដេអូឃ្លីបដែលជនរងគ្រោះបានធ្វើការបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពរបស់ក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ១គ្រឿង មកឈប់នៅជិតផ្ទះរបស់ជនរងគ្រោះ ។ បន្ទាប់មកជនសង្ស័យម្នាក់ក្នុងចំណោយ២នាក់ បានដើរចូលទៅធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ របស់ជនរងគ្រោះដែលចតទុកនៅខាងមុខផ្ទះបានសម្រេច រួចហើយជិះចេញទៅដោយសុវត្ថិភាព ដោយមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឡើយ ។
មហាជនជាច្រើននៅលើបណ្តាញសង្គមបានចោទជាសំនួរថា សូម្បីតែនៅជិតសាលាស្រុកត្បូងឃ្មុំ ក៏មានចោរអាចធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានដែរ ចុះទម្រាំនៅឆ្ងាយពីសាលាស្រុកទៀត តើប្រជាពលរដ្ឋរំពឹងទៅលើអ្វី? ៕
ចែករំលែកព័តមាននេះ