ឡុ​ង សាល​វ័​ន្ត ប្រាប់​គន្លឹះ​ឈរជើង​ក្នុង​វិស័យ​ប្រដាល់​បាន​យូរអង្វែង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឡុ​ង សាល​វ័​ន្ត ប្រាប់​គន្លឹះ​ឈរជើង​ក្នុង​វិស័យ​ប្រដាល់​បាន​យូរអង្វែង

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បើ​គិត​ពី​ស្នាដៃ និង កេរ្តិ៍ឈ្មោះ អតីត​កីឡាករ​ល្បីឈ្មោះ លោក ឡុ​ង សាល​វ័​ន្ត មិន​គួរ​បន្ត​ធ្វើ​ការងារ​ជា​សន្តិសុខនៅ​ពេល​យប់​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ បើ​គិត​ពី​ស្នាដៃ និង កេរ្តិ៍ឈ្មោះ អតីត​កីឡាករ​ល្បីឈ្មោះ លោក ឡុ​ង សាល​វ័​ន្ត មិន​គួរ​បន្ត​ធ្វើ​ការងារ​ជា​សន្តិសុខនៅ​ពេល​យប់​នោះ​ទេ ជាក់ស្ដែង​លោក​ទទូច​កុំឱ្យ​អ្នក​ចង់​បន្ត​ដើរ​លើ​វិ​ថី​មួយ​នេះ ត្រូវ​ទទួល​រង​នូវ​ស្ថានភាព​ដូច​លោក​នោះ​ផង​។

លោក ឡុ​ង សាល​វ័​ន្ត និយាយ​ថា មនុស្ស​ភាគច្រើន​យល់​ថា វិស័យ​ប្រដាល់​មានការ​រីក​ចម្រើន​ទើប​ម្នាក់​ៗ​ចេះ​តែ​ចង់​ប្រឡូក​តែ​ការ​ពិត​បណ្ដាល​មក​ពី​អ្នក​ទាំងនោះ​មិន​ព្រម​ទទួល​ស្គាល់​ថា វិស័យ​ប្រដាល់​នៅ​មាន​កម្រិត ទើប​បញ្ហា​ចេះ​តែ​កើត​មាន​ចំពោះ​អ្នក​ដែល​ចាប់​អាជីព​មួយ​នេះ​។ លោក​ថា អ្នក​ប្រដាល់​ច្រើន​ណាស់ ដែល​ចូល​ប្រដាល់​រំពឹង​មានបាន ហើយ​ពេល​ប្រដាល់​មិន​ដូច​បំណង ក៏​បន្ទោស​វិស័យ​មួយ​នេះ ហើយ​លទ្ធផល​ទាំងមូល​ក៏​បង្ក​ឱ្យ​ប៉ះពាល់​។​កីឡាករ​ខ្លះ សំអាង​ការ​ប្រដាល់​ចិញ្ចឹម​ខ្លួន​មិន​រស់ ហើយ​ទៅ​ធ្វើការ​ខាងក្រៅ​មក​ផ្សំ ក៏​ឈាន​ដល់​ការ​បោះបង់​ការ​ហ្វឹកហាត់ ដែល​នាំ​ឱ្យ​សមត្ថ​ភាព​លើ​រេញ​ប្រែប្រួល ។

Picture

លោក​ថា បើ​ចង់​ប្រដាល់​ឱ្យ​ខ្លាំង​ឱ្យ​ល្បី ដាច់ខាត​ត្រូវ​តែ​មានការ​ងារ​ខាងក្រៅ​ទ្រទ្រង់​ជីវភាព ព្រោះ​បើ​គ្មាន​ការងារ​ទាំងនេះ​គឺ​ពិតជា​ប្រដាល់​ទៅ​មុខ​មិន​រួច​។ ការ​មានការ​ងារ​ខាងក្រៅ​នេះ គឺ​ជំរុញ​ឱ្យ​ទឹក​ចិត្ត​កុំឱ្យ​ស្មុគស្មាញ​នឹង​ជីវភាព ហើយ​មាន​កម្លាំង​ចិត្ត​ហ្វឹកហាត់​។ បើ​មាន​ឆ​ន្ទះ​ទាំង​ព្រម​ផង គឺ​ពិតជា​ធ្វើ​ឱ្យ​ការ​ប្រដាល់​មានការ​ឈាន​ឡើង​យូរអង្វែង ។ លោក​ផ្ដល់​បទ​ពិសោធ​ថា ដើម្បី​​​សម្រេច​​គោលដៅ​នោះ​បាន គឺ​ត្រូវ​កុំ​ខ្មាស​ដោយ​ត្រូវ​ប្រដាល់​ផង ធ្វើការ​ខាងក្រៅ​ផង ហើយ​កុំ​មាន​អារម្មណ៍​ថា ខ្លួន​ជា​កីឡាករ​ល្បី​មិន​ទទួល​ធ្វើការ​មិន​សមរម្យ​ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព ។

ជាក់ស្ដែង ដូច​ជា​រូប​លោក គឺ​មិន​ត្រឹមតែ​ជា​អតីត​កីឡាករ​ល្បី​ទេ តែ​ក៏​ជា​ប្រធាន​ក្លិប​ប្រដាល់ និង​ជា​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ​ផង​ដែរ តែ​លោក​នៅ​តែ​ទទួល​ធ្វើ​ការងារ​ជា​សន្តិសុខ​យាម​យប់ ដោយ​​មិន​ខ្វល់​នឹង​សំដី​អ្នក​ណា ។ នោះ​គឺ​ដើម្បី​ទ្រទ្រង់​ជីវភាព ដើម្បី​អាច​ឱ្យ​លោក​បាន​បន្តការងារ​ជា​អ្នក​បង្វឹក​កីឡាករ ដែល​ភាគច្រើន​បង្ហាត់​មិន​បាន​លុយ និង​បន្តការងារ​ជា​អ្នក​លើក​ស្ទួយ​​ប្រដាល់ ។

Picture

លោក​ថា​ខ្លួន​មាន​ស្ថានភាព​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ចរន្ត​ក្លិប​ទាំងមូល ជា​ពិសេស​គឺ​ការ​រក​លុយ​មក​ផ្គត់​ផ្គង់​កូនសិស្ស​ទាំង​១៥​នាក់ ដែល​រស់នៅ​ជា​ប្រចាំ បើ​ទោះជា​កូនសិស្ស​ខ្លះ​បាន​ជួយ​អង្ករ និង​ថវិកា​ក្នុង​ពេល​ចូល​ហាត់​ដំបូង​ៗ​ក្ដី ។ លោក​ថា រាល់​ថ្ងៃ​លោក​ត្រូវ​ប្រឹងប្រែង​រក​លុយ​ពី​ការងារ​សន្តិសុខ​ពេល​យប់​ប្រចាំ​នៅ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​កន្លែង​ដែល​បាន​ប្រាក់ខែ​២០០​ដុល្លារ​និង​ការងារ​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នៅ​តាម​សង្វៀន​នានា ដើម្បី​យក​មក​ចិញ្ចឹម​គ្រួសារ និង កូនសិស្ស​ទាំង​១៥​ដោយពេល​ខ្លះ​គឺ​មិន​ហ៊ាន​ឈឺ និង​មិន​ហ៊ាន​សម្រាក​នោះ​ផង ដោយសារ​តែ​ខ្លាច​កូនសិស្ស​ដាច់​បាយ និង​ខ្លាច​ក្លិប​ត្រូវ​បះជើង ហើយ​បើ​គ្មាន​ការងារ​មួយ​នេះ​គឺ​លោក​ប្រហែល​បិទ​ក្លិប​យូរហើយ ។

Picture

លោក​ថា អ្នក​ប្រដាល់ បើ​ចង់​បម្រើ​វិស័យ​មួយ​នេះ យូរ​អ​ង្វែ​រ គឺ​មិន​ត្រូវ​ត្អូញត្អែរ​ទេ ហើយ​កុំ​មាន​គំនិត​រត់​ចោល ពោល​គឺ​ត្រូវ​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា​ហិរញ្ញវត្ថុ ។ លោក​និយាយ​ថា​៖«​រាល់ថ្ងៃ​ខ្ញុំ​មានកូន​៤​នាក់​ប្រុស​១​ស្រី​៣ សុទ្ធ​តែ​នៅ​ពេញ​រៀន និង​អត់​ទាន់​ធ្វើការ​អី​កើត​ទេ ហើយ​ខ្ញុំ​ត្រូវ​រ៉ាប់រង​កូនសិស្ស​ក្នុង​ក្លិប​១៥​នាក់​ទៀត ហើយ​បើ​និយាយ​ពី​រឿង​លំបាក​គឺ​មហាលំបាក ព្រោះ​យូរ​ម្ដង​ៗ​ទើប​មាន​គេ​ជួយ​អង្ករ​មួយ​បេ ឬ ២​បេ និង លុយ​១០០​ដុល្លារ​ជាដើម ។

អ៊ីចឹង​បើ​ខ្ញុំ​ទោរទន់​មិន​ប្រឹង កូនសិស្ស​ខ្ញុំ​នឹង​អត់បាយ​»​។ លោក​បន្ត​ថា ការងារ​សន្តិសុខ​រាល់ថ្ងៃ​មាន​មនុស្ស​មិន​តិច​មិនសូវ​ឱ្យ​តម្លៃ តែ​លោក​មិន​ខ្វល់​ដោយ​លោក​ប្រកាស​ថា បើ​ទោះជា​មាន​អ្នក​មិន​រាប់ មិនល្អ​ជាមួយ​ក៏​លោក​មិន​ឈប់​ហើយ​សុខចិត្ត​បាត់​ចំណូល​២០០​ដុល្លារ​តាម​សម្ដី​របស់​អ្នក​ណា​នោះ​ទេ ។ លោក​បន្ត​ថា លោក​គឺជា​អ្នក​វេទនា​មួយ​រូប និង​ជា​អ្នក​ដែល​តស៊ូ​មួយ​រូប​ដើម្បី​ជម្នះ​ភាព​ក្រ ក្រៅពី​លោក​មិន​អាច​តស៊ូ​ធ្វើ​ជា​សន្តិសុខ​ពេល​យប់​បាន​ច្រើន​ឆ្នាំ​ដូច​ពេល​នេះ​ទេ បើ​ធៀប​នឹង​អតីត​កាលដែល​ធ្លាប់​ជា​កីឡាករ​ល្បីឈ្មោះ និង​ក្រោយ​ពី​បាន​ក្លាយ​ជា​ប្រធាន​ក្លិប​ប្រដាល់​មួយ​រូប​នេះ ។

Picture

លោក​ថា តស៊ូ​ប៉ុន​ហ្នឹងហើយ​តែ​នៅ​តែ​រក​ជោគជ័យ​មិន​ទាន់​ឃើញ​ទៀត​។ លោក​បន្ត​ថា រាល់ថ្ងៃ​មិនមែន​ពិបាក​តែ​រឿង​ជីវភាព​ប៉ុណ្ណោះ​ទេ លោក​ក៏​ខ្វាយខ្វល់​ណាស់​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ស្វះស្វែង​ឱ្យ​កូនសិស្ស​បាន​ឡើង​ប្រដាល់​គ្រាន់​បាន​លុយ​នោះ​ផង ខណៈ​ដែល​ជា​រៀង​រាល់​ខែ​លោក​ថា​មាន​តែ​កីឡាករ​៥​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បណ្ដា​ប៉ុស្តិ៍​ឱ្យ​ឡើង​ប្រកួត ដែល​ពិបាក​ឱ្យ​លោក​លក​លៃ​ដើម្បី​ឱ្យ​កីឡាករ​មាន​ទីផ្សារ ។ ជា​ចុង​ក្រោយ​លោក​ក៏​បាន​សំណូមពរ​ដល់​មហាជន​នានា ដែល​ស្រឡាញ់​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ សូម​ជួយ​គាំទ្រ​លើកទឹកចិត្ត​ជ្រោមជ្រែង​ជា​សម្ភារ ឬ​ថវិកា​ដល់​កីឡាករ ឬ​ក្លិប​ដែល​មានការ​ខ្វះខាត​ទោះ​តិច​ក្តី ច្រើន​ក្តី ដើម្បី​ជួយ​ជំរុញ​លើកកម្ពស់​វិស័យ​​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture