ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​ម្នាក់​​បញ្ជូន​មក​ពី​ថៃ​ជួប​គ្រោះ​​​អកុសល​ ​មុន​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​មានករណី​​បុរសជា​ពលករ​​ម្នាក់​បាន​​បាត់បង់ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត នា​​ព្រឹក​ថ្ងៃ​ទី​១៨​ មក​រា ឆ្នាំ​​២០២១​ ក្រោយពេល​ជន​រងគ្រោះ​រូប​នោះ​​ជួប​គ្រោះ​អកុសល​ដើរ​ជំពប់​ជើង​ដួល​ បណ្តាល​ឱ្យរង​​របួស​ក្បាលយ៉ាង​​ធ្ងន់ធ្ងរ​នៅ​មាត់​ច្រក​របៀង​ ស្ថិត​​ក្នុងស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​មានករណី​​បុរសជា​ពលករ​​ម្នាក់​បាន​​បាត់បង់ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត នា​​ព្រឹក​ថ្ងៃ​ទី​១៨​ មក​រា ឆ្នាំ​​២០២១​ ក្រោយពេល​ជន​រងគ្រោះ​រូប​នោះ​​ជួប​គ្រោះ​អកុសល​ដើរ​ជំពប់​ជើង​ដួល​ បណ្តាល​ឱ្យរង​​របួស​ក្បាលយ៉ាង​​ធ្ងន់ធ្ងរ​នៅ​មាត់​ច្រក​របៀង​ ស្ថិត​​ក្នុងស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។

​ជន​រង​គ្រោះ​​​ឈ្មោះ​សុង ​សា​រ៉ា​យ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​សង្កាត់​និមិត្ត ​ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្ត​បន្ទាយមានជ័យ ​ទើប​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រករបៀង​មួយ​ក្នុងស្រុក​ម៉ា​ឡៃ​ កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែ​​មករា ឆ្នាំ​​​២០២១​​។

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍​សួង ​សៅ​ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ពលករ​ដែល​ថៃ​បញ្ជូន​​មក​ឲ្យ​ភាគី​កម្ពុជា​នៅ​ច្រករបៀង​ចំបក់​ក្នុង​ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​ មក​រា​២០២១​ រួម​ជាមួយ​ជន​រង​គ្រោះ​ផងនោះ​​សរុប​មាន​​​ចំនួន​៥៦​នាក់ ​(ស្រី​២១​ និង​កុមា​៩​នាក់​) ។

លោក​​មេបញ្ជាការ​​​បាន​បន្ត​ថា ​មុន​ពេលឱ្យ​ឡើង​រថយន្ត​របស់​ក្រសួងការពារជាតិ​(​រថយន្ត​យោធា​)ដើម្បី​​យក​ទៅ​កាន់​​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ពលករ​​​រងគ្រោះ​​រូប​នោះ​ឈឺពោះ​ក៍​សុំ​ទៅ​បត់ជើង ​ស្រាប់​តែ​ជួប​គ្រោះ​អកុសល​ដើរ​ជំពប់​ថ្ម​ដួល​របួស​ក្បាល​ផ្នែក​ខាងក្រោយ​ដេរ​២​ថ្នេរ​។

​តាម​ប្រភព​ខាងលើ​​​បាន​បន្ត​ថា​ ក្រោយ​កើតមាន​ហេតុ​ការ​ណ៍​ពលករ​មួយរូប​ខាងលើ​ជំពប់​ជើង​ដួល​នោះ ​ខាង​កម្លាំង​ជួរ​មុខ​ក៍បានជួយ​​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ​មក​ដឹក​​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។​

​​តាម​ប្រភព​​​​​ខាងលើ​​បាន​បន្ត​ថា ​យោង​​តាម​ការ​​សួរនាំ​ ពលករ​រួម​ដំណើរ​ពី​ថៃ​និយាយ​ថា​ជន​រង​គ្រោះ​ មុន​មក​ដល់​ដី​ខ្មែរវិញ ​បាន​ផឹកស្រា​បៀ​អស់​២​ដប​ធំ​ និង​សង្ស័យ​ស្រវឹង​ផង​ដែរ​។

​លោក​វ​ជ្ជ​បណ្ឌិត​ឪ​ក ​ទី​ន​ណា ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ពិតជា​មាន​ពលករ​រង​គ្រោះ​​បាត់បង់ជីវិត​ម្នាក់​ប្រាកដ​​មែន​ ។​ លោក​បាន​​បញ្ជាក់​ថា​ កា​រ​ពិត​ពលករ​រង​គ្រោះ​គេ​បញ្ជូន​​មក​ពី​ថៃ​ និង​ជួប​គ្រោះថ្នាក់​នៅ​ឯ​ព្រំដែន ​ហើយ​មុន​​ដំបូង​ គេ​បញ្ជូន​​ជនរងគ្រោះ​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ​ កាលពី​យប់​ថ្ងៃ​ទី​១៧​ មក​រា ​លុះ​​ស្ថានភាព​ធ្ងន់ធ្ងរ​​ពេក​ គេក៏​​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​នា​​ព្រឹក​ថ្ងៃ​ទី​១៨ ​នេះដែរ ​ប៉ុន្តែ​លោក​ថា ​ជន​រង​គ្រោះ​បាន​បាត់បង់ជីវិត​តាម​ដងផ្លូវ​ មុនពេល​​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។

​ទោះ​បី​ជា​យ៉ាងណា ​គិត​មក​​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ ​មក​រា​នេះ ​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប្រាប់​ថា​ សព​ជន​រង​គ្រោះ​គឺ​កំពុង​តម្កល់ទុក​​នៅ​ក្នុង​ប​​ន្ទ​ប់​តម្កល់សព​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​នៅឡើយ ​ហើយ​មិន​អនុញ្ញាត​ឲ្យ​សាច់ញាតិ​ ឬ​អ្នក​គ្មាន​ភារកិច្ច​ចូល​ទៅ​បន្ទប់​តម្កល់សព​ឡើយ​ ព្រោះ​ខាង​លោក​បាន​យក​សំណាក​វិភាគ​របស់​ជន​រង​គ្រោះ​ផ្ញើទៅ​ក្រសួងសុខាភិបាល​ ពិសេស​ខាង​​វិទ្យាស្ថាន​​ប៉ាស្ទ័រ​ភ្នំពេញ​ មិន​ទាន់​ចេញ​លទ្ធផល​ថា ​ជន​រង​គ្រោះ​មាន​ផ្ទុកមេរោគ​ ឬ​អត់​នោះ​ទេ​។

​ដោយឡែក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ​មិន​បាន​​ធ្វើ​អត្ថាធិប្បាយ​នូវ​​សំណួរ​របស់​ភ្នាក់ងារ​កោះសន្តិភាពនោះ​​ទេ​ ដោយ​គ្រាន់តែ​​និយាយ​យ៉ាង​ខ្លី​ថា ​លោក​កំពុង​ជាប់រវល់​ បន្ទាប់​មក​ក៏បិទ​ទូរស័ព្ទ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ