ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាសោកស្ដាយ! ជនបរទេស​ម្នាក់​លះបង់​យ៉ាង​ធំធេង​សម្រាប់​កម្ពុជា បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត បាត ចា​កុប Dr. Bart Jacobs ជនជាតិ​បែ​ល​ហ្ស៊ិ​ក ដែល​មាន​ភរិយា​ជា​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត បាត ចា​កុប Dr. Bart Jacobs ជនជាតិ​បែ​ល​ហ្ស៊ិ​ក ដែល​មាន​ភរិយា​ជា​ខ្មែរ បាន​លះបង់​ពេលវេលា​នៃ​ជីវិត​ការងារ​របស់​លោក​ក្នុង​ការ​បំពេញបេសកកម្ម​លើកកម្ពស់​សុខុមាលភាព​ប្រជាជន និង​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​នោះ​បាន​ទទួលមរណភាព​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

លោក​បណ្ឌិត បាត ចា​កុប ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២១ រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ភ្លាម​ៗ​ទៅ​មន្ទីរពេទ្យ​ឯកជន​រ៉ូ​យ៉ា​ល់​ភ្នំពេញ បន្ទាប់​មក លោក​ត្រូវ​បាន​បញ្ជូន​បន្ត ទៅ​ព្យាបាល​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ ប៉ុន្តែ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​មិន​អាច​សង្គ្រោះ​បាន ទើប​លោក​ក៏​បាន​លាចាក​លោក​នេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ។

លោក​បណ្ឌិត បាត ចេ​កុប បាន​រៀប​ការ​ជាមួយ​លោកស្រី យ៉ាវ ស៊ី​ថា​ន ក្នុង​ឆ្នាំ​២០០១ និង​មានកូន​២​នាក់ (​ប្រុស​១ ស្រី​១) ហើយ​ប​ច្ចប្ប​ន្ន ពិធី​បុណ្យសព​នឹង​តាម​ប្រ​ពី​ណី​ខ្មែរ រៀបចំ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅ​ភូមិ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ រាជធានី​ភ្នំពេញ នៅ​ពេល សព​លោក បាត ចា​កុប បញ្ជូន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ។

ប្រវត្តិ​សង្ខេប និង​សា្ន​ដៃ​ការងារ​របស់​លោក​បណ្ឌិត បាត ចា​កុប ក្នុង​ប្រទេស​កម្ពុជា Brief past performance in Cambodia of Dr. Bart Jacobs រួម​មាន ៖

លោក​បណ្ឌិត បាត ចេ​កុប កើត​នៅ​ឆ្នាំ​១៩៦៧ ក្នុង​ទីក្រុង​វី​ល​វ៉ូ​ដ (Vilvoorde) ប្រទេស​បែ​ល​ហ្សិ​ក (Belgium) ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ហើយ​បាន​ធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា​លើក​ដំបូង នៅ​ខែមេសា ឆ្នាំ​២០០០ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជាទី​ប្រឹក្សា​ផ្នែក​សុខភាព​សាធារណៈ នៃ​គម្រោង​ជំនួយ​សង្គ្រោះ (Bridging Relief Aid) ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រព័ន្ធ​សុខាភិបាល​ថ្នាក់​ស្រុក​ប្រកបដោយ​ចីរភាព ។

ក្នុង​ឆ្នាំ​២០០១ លោក​បាន​ផ្លាស់​ប្តូរ​ការងារ​ទៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ដើម្បី​ពង្រឹង​ក្រុម​អ្នកគ្រប់គ្រង​សុខាភិបាល​ថ្នាក់​ស្រុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ងាយ​រង​គ្រោះ ឲ្យ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព ដោយ​ការ​ចំណាយ​តិចតួច​បំផុត ។
លោក​បាន​បំពេញការងារ​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​គិរីវង់ ដែល​គ្របដណ្តប់​ស្រុក​រដ្ឋបាល​ចំនួន​៤ រហូត​ដល់​ឆ្នាំ​២០០៧ ក្នុង​គម្រោង​ពង្រឹង​ប្រព័ន្ធ​សេវា​សុខាភិបាល​សាធារណៈ ដោយ​ប្រើប្រាស់​ថវិកាបដិភាគ​រវាង​ថវិកា​រាជរដ្ឋាភិបាល និង​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ ដែល​សម្រេច​បាន​លទ្ធផល ដូច​ខាងក្រោម ៖
• អត្រា​ស្ត្រី​សំរាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល កើនឡើង​ពី​៥%​ក្នុង​ឆ្នាំ​១៩៩៨ ដល់ ៧៥% ក្នុង​ឆ្នាំ​២០០៨
• ខណៈនោះ​ដែរ ភាគរយ​កុមារ​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​កើនឡើង​ពី​៤០% ដល់ ៩២%
• ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​សម័យ​ទំនើប កើនឡើង ៤​ដង​ពី​៩% ដល់ ៣៦% លើស​ពី​នេះ​ទៀត
• ជន​ក្រីក្រ​ងាយ​រង​គ្រោះ ប្រើប្រាស់​សេវា​មូលដ្ឋាន​សុខាភិបាល​សាធារណៈ កើនឡើង​២០​ដង ពី​៣% ដល់ ៦១%

លទ្ធផល​ទាំងនេះ​សម្រេច​បាន​តាម​រយៈ​សំណុំ​នៃ​កិច្ច​អន្តរាគមន៍​ដែល​បាន​អនុវត្ត​ក្នុង​ពេល​ជាមួយ​គ្នា មាន​ជា​អាទិ៍ ៖

▪ ពង្រឹង​ការ​គ្រប់គ្រង ៖ តាម​រយៈ​ការ​កសាង​សមត្ថភាព​គ្រប់គ្រង​របស់​គណៈ​គ្រប់គ្រង​សុខាភិបាល​ស្រុក​ប្រតិបត្តិ និង​ធ្វើ​ឱ្យ​ពួក​គេ​អាច​វាយតម្លៃ​ការ​អនុវត្ត​ការងារ​របស់​មូលដ្ឋាន​សុខាភិបាល​ដោយ​ប្រតិបត្តិ​តាម​សេចក្តីណែនាំ និង​គោលនយោបាយ​នានា​ពី​ថ្នាក់​ជាតិ ព្រមទាំង​អាច​វិនិច្ឆ័យ​ស្ថានភាព​មូលដ្ឋាន​បាន​ល្អ​ប្រសើរ ។
▪ ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ៖ តាម​រយៈ​ការ​អនុវត្ត​ស្រប​តាម​នយោបាយ​ក្នុង​ថ្នាក់​មូលដ្ឋាន និង​ធ្វើការ​រួម​គ្នា​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​អង្គការ​សង្គម​ស៊ី​វិល ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក ។
▪ ពង្រឹងគុណភាព​សេវា​សុខភាព ៖ ដោយ​ធានា​ការ​ផ្តល់​សេវា​បង្ការ​ការពារ និង​ថែទាំ​សុខភាព​ចាំបាច់​នៅ​ថ្នាក់​មូលដ្ឋាន តាម​រយៈ​ការ​ចុះ​ដល់​មូលដ្ឋាន ពង្រឹងគុណភាព​សេវា​នៅ​ថ្នាក់​មណ្ឌល​សុខភាព និង​ពង្រឹងគុណភាព​សេវា​នៅ​ថ្នាក់​មន្ទីរពេទ្យ​បង្អែក​ឲ្យ​បាន​ល្អ​ប្រសើរ ដែល​ជា​ឆ្អឹងខ្នង​របស់​មណ្ឌល​សុខភាព ។
▪ ពង្រឹង​ការ​ចូលរួម​របស់​សហគមន៍ ៖ ប្រើប្រាស់​រចនាសម្ព័ន្ធ​សហគមន៍​ដែល​មាន​ស្រាប់​នៅ​ជុំវិញ​វត្ត​អារាម និង​អ្នក​ស្ម័គ្រចិត្ត​ដែល​ជាប់​ពាក់ព័ន្ធ ដូច​ជា​ចាស់ទុំ និង​អាចារ្យ ដែល​មាននៅ​តាម​បន្ត​វត្ត​អារាម​ទាំង​៩១ និង​វិហារ​ឥ​ស្លា​ម​ចំនួន​៥ ឲ្យ​ចូលរួម​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ត្រឡប់​ពី​សហគមន៍​នូវ​បញ្ហា​ទាក់ទង​នឹង​សុខភាព និង​រួម​ជាមួយ​អាជ្ញាធរ​ឃុំ និង​ស្រុក ដោយ​លើកកម្ពស់​គណនេយ្យ​ភាព​ទៅ​វិញ​ទៅ​មក ។
▪ លើកកម្ពស់​ការ​អប់រំ​សុខភាព ៖ ធ្វើ​ឡើង​តាម​រយៈ​ចាស់ទុំ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ប្រកបដោយ​គ្រោះថ្នាក់ និង លើកកម្ពស់​ការ​ប្រើប្រាស់​ឱសថ​សារវន្ត ព្រមទាំង​ការ​រក្សា​អនាម័យ និង​អាហារ​រូប​ត្ថ​ម្ភ ។
▪ មូលនិធិ​សហគមន៍​សម្រាប់​ប្រជាជន​ក្រីក្រ ៖ អ្នក​ស្ម័គ្រចិត្ត​តាម​វត្ត​បាន​កៀរគរ​មូលនិធិ​ពី​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​ដើម្បី​ចំណាយ​លើ​សេវា​ថែទាំ​សុខភាព ក៏​ដូច​ជា​ជួយ​ឧបត្ថម្ភ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​សុខាភិបាល និង​ជួយ​សម្រួល​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ចំពោះ​ការ​ថែទាំ​សុខភាព​សម្រាប់​ប្រជាជន​ក្រីក្រ ។
▪ សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជន​ក្រីក្រ ៖ ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​សហគមន៍ ដើម្បី​ផ្តល់​ជំនួយ​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​សុខភាព​ដោយ​ឥត​គិតថ្លៃ​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ក្រោម​មូលនិធិ​សមធម៌​សុខភាព​ថ្នាក់​ជាតិ ។
▪ ការ​ផ្តល់​ហិរញ្ញប្បទាន​ផ្អែក​លើ​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ ៖ ការ​ប្រើប្រាស់​គម្រោង​ច្នៃ​ប្រតិដ្ឋ​ថ្មី ដូច​ជា ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បុគ្គលិក​ដើម្បី​ដែល​អនុវត្ត​ការងារ​បាន​ល្អ ជា​ពិសេស ការ​ផ្តល់​សេវា​សុខភាព​នៅ​តាម​តំបន់​មានការ​ប្រើប្រាស់​សេវា​សុខាភិបាល​មាន​កម្រិត​ទាប ។

អន្តរាគមន៍​ខាងលើ បាន​ផ្តល់​ជា​គំរូ​ល្អ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ទូ​ទាំង​ប្រទេស រួម​មាន ៖
គំរូ​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ផ្អែក​លើ​លទ្ធផល​អនុវត្ត​ការងារ​នៅ​ស្រុក​គិរីវង់​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​ក្នុង​កម្មវិធី Service Delivery Grants (SDG)​សព្វថ្ងៃ ។ ហើយ​ធាតុ​ផ្សំ​ជា​ច្រើន​នៃ​ដំណើរការ​នៃ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ដោយ​សហគមន៍​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ដំណើរការ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ថ្នាក់​ជាតិ ដែល​បច្ចុប្បន្ន​បាន​កំណត់​ជន​ក្រីក្រ​ចំនួន​២.៧​លាន​នាក់ ។ ទទ្ទឹម​នឹង​នេះ​ដែរ សេវា​នៅ​ថ្នាក់​មណ្ឌល​សុខភាព​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កញ្ចប់​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន​ក្រីក្រ របស់​មូលនិធិ​សមធម៌​សុខាភិបាល​ថ្នាក់​ជាតិ​ផង​ដែរ ។

ដើម្បី​ធានា​បន្ត​យន្តការ​នៃ​ចូលរួម​របស់​សហគមន៍​ដោយ​មាន​វត្ត​អារាម និង​វិហារ​ឥ​ស្លា​ម ក៏​ដូច​ជា យន្តការ​មូលនិធិ​សមធម៌​សហគមន៍​(​ម​សគ​.)​សម្រាប់​ប្រជាជន​ក្រីក្រ អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សុខភាព ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ឡើង ។ អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សុខភាព​បាន​ពង្រីក​វិធីសាស្ត្រ ម​សគ​. នៅ​តាម​មណ្ឌល​សុខភាព​រហូត​ចំនួន​៤៤០ នៅ​បណ្តា​ខេត្ត​ចំនួន​១២ ដែល​គ្របដណ្តប់​ដោយ​ស្រុក​រដ្ឋបាល​ចំនួន ៦៣ មាន​ភូមិ​ចំនួន ៥,៤៣៧ មាន​វត្ត​ចំនួន ១,៨៧៩ និង​វិហារ​ឥ​ស្លា​ម​ចំនួន ១៧៤ ដែល​មាន​អ្នក​ស្ម័​គ​ចិត្ត​ដែល​ជា​សមាជិក​របស់​ម​សគ​.​សរុប​ចំនួន​១៨,៨៩៦​នាក់ បាន​ចូលរួម ដែល​ភាគច្រើន​ជា​ព្រះសង្ឃ អ្នក​ស្ម័គ្រចិត្ត​តាម​វត្ត អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ស្ម័គ្រចិត្ត​ដទៃ​ទៀត ។

ចំនួន​ប្រជាជន​ក្រីក្រ​សរុប​ក្នុង​តំបន់​ទាំងនេះ​មាន​ចំនួន​១,០២២,៩២៥​នាក់ ខណៈ​ដែល​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​បំផុត​ចំនួន ១៣៦,៥៦១​នាក់​បន្ថែម​ទៀត​ទទួល​បានការ​គាំទ្រ​តាម​រយៈ​ហិរញ្ញប្បទាន​សហគមន៍ រូ​ម​មាន ៖ មនុស្ស​ចាស់ ជន​មាន​ពិការ​ភាព ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ដទៃ​ទៀត អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​-​របេង ក៏​ដូច​ជា​ក្មេង​កំព្រា ឬ​គ្រួសារ​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច ។ ចាប់ពី​ឆ្នាំ ២០១៦ តរៀង​មក ចំនួន​ទឹកប្រាក់​ប្រចាំត្រីមាស​ដែល​ប្រមូល​បាន​ពី​សហគមន៍​នៅ​តាម​ខេត្ត​ទាំង​១២ នេះ​មាន​ចាប់ពី ១២,៥០០ ដុល្លារ​ទៅ ៤២,៥០០​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​អំឡុង​ឆ្នាំ ២០០៧-២០១៣ លោក​បណ្ឌិត បាត ចា​កុប បាន​បម្រើ​ការងារ​នៅ​ប្រទេស​ឡាវ ប៉ុន្តែ​នៅ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា និង​បាន​ផ្តល់​ប្រឹក្សា​ជា​យុទ្ធសាស្ត្រ​សម្រាប់​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សុខភាព ។

លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ន​លោក​បាន​ធ្វើ​ការងារ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ដែល​មាន​ការិយាល័យ​ស្ថិត​នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​នៅ​ទីនោះ​លោក​បាន​ផ្តល់​បច្ចេកទេស​ក្នុង​ផែនការ​គ្របដណ្តប់​សេវា​សុខភាព​ជាស​កល (Universal Health Coverage) ដែល​កិច្ចការ​នេះ​នឹង​ជួយ​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព ដោយ​ចំណាយ​តិច​តូច​បំផុត ។

រូប​លោក​នឹង​ស្ថិត​នៅ​ក្នុង​បេះដូង​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់ សូម​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ទៅ​កាន់​សុគតិភព ទី​ស្ថាន​ស្ងប់​សុខ​កុំបី​ឃ្លៀងឃ្លាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ