ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បឹង​ទន្លេ​អុំ​» មាន​ប្រវត្តិ​និទាន​​​កកើត​ពី​ការ​​ភ្នាល់​គ្នា​រវាង​បុរស និងនារី​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បឹង​ទន្លេ​អុំ ជា​រមណីយដ្ឋាន​វប្បធម៌​-​ប្រវត្តិសាស្ត្រ​មួយ ដែល​បន្សល់​ទុកជា​យូរ​លង់​ណាស់​មក​ហើយ ។ បឹង​មាន​អាយុ​អំឡុង​សម័យ​អង្គរ ឬ​ចុង​សម័យ​អង្គរ​នេះ​បាន​ចុះ​ក្នុង​បញ្ជី​រក្សា​ទុកជា​បេ​តិក​ភ័​ណ្ឌ​ជាតិ ។ បឹង​ទន្លេ​អុំ…

ខេត្តពោធិ៍សាត់ ៖ បឹង​ទន្លេ​អុំ ជា​រមណីយដ្ឋាន​វប្បធម៌​-​ប្រវត្តិសាស្ត្រ​មួយ ដែល​បន្សល់​ទុកជា​យូរ​លង់​ណាស់​មក​ហើយ ។ បឹង​មាន​អាយុ​អំឡុង​សម័យ​អង្គរ ឬ​ចុង​សម័យ​អង្គរ​នេះ​បាន​ចុះ​ក្នុង​បញ្ជី​រក្សា​ទុកជា​បេ​តិក​ភ័​ណ្ឌ​ជាតិ ។

បឹង​ទន្លេ​អុំ ស្ថិត​ក្នុងភូមិ​បា​គូ ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ធ្វើ​ដំណើរ​តាម​ផ្លូវ​កៅស៊ូ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ។ បណ្ដោយ​ប្រវែង​៣៩០​ម៉ែត្រ ទទឹង​២១០​ម៉ែត្រ លាតសន្ធឹង​លើ​ផ្ទៃដី​ជិត​៨​ហិ​កតា ។

បឹង​ទន្លេ​អុំ​មាន​ប្រវត្តិ​និទាន​ទាក់ទង​ទៅ​នឹង​ការ​ភ្នាល់​គ្នា​រវាង​បុរស និង​នារី​អំពី​ការ​កសាង​ប្រាសាទ និង​ជីក​ទន្លេ​នេះ ។

បើ​តាម ចាស់​ៗ​រស់នៅ​ជុំវិញ​នោះ បាន​តំណាល ត​ៗ​គ្នា​មក​ថា កាលពី​យូរលង់​មក​ហើយ​នោះ បុរស និង​នារី​បាន​ភ្នាល់​គ្នា​ថា បើ​ខាង​ប្រុស​ឈ្នះ គឺ​ខាង​ស្រី​ត្រូវ​ចូល​ស្ដីដណ្ដឹង​ខាង​ប្រុស តែបើ​ខាង​ស្រី​ឈ្នះ ខាង​ប្រុស​ត្រូវ​ចូល​ស្ដីដណ្ដឹង​ខាង​ស្រី ។

ការ​ភ្នាល់​គ្នា​នេះ​គឺ​ខាង​ប្រុស​សាងសង់​ប្រាសាទ ឯខាង​ស្រី​ជីក​ទន្លេ​អុំ ដោយ​សន្យា​ថា បើ​ផ្កាយព្រឹក​រះ​ត្រូវ​ឈប់ ។ ទាំង​ខាង​ប្រុស និង​ខាង​ស្រី​បាន​នាំ​គ្នា​សម្រុក​ធ្វើ រៀង​ៗ​ខ្លួន រហូត​ដល់​ពាក់កណ្ដាល​អធ្រាត្រ ខាង​ស្រី​បាន​លួច​បង្ហោះគោម​ឡើង​លើ​ពី​ទិស​ខាងកើត ។ ពេល​នោះ​ខាង​ប្រុស​ឃើញ ស្មានថា​ផ្កាយព្រឹក​រះ​ក៏​នាំ​គ្នា​សម្រាក​អស់​ទៅ ឯខាង​ស្រី​នៅ​តែ​បន្ត​ជីក​រហូត​រួចរាល់​ជា​ស្ថាពរ ឈ្នះ​ខាង​ប្រុស ។

ដោយសារ​ចាញ់ល្បិច​ខាង​ស្រី​ដូច្នេះ​ហើយ ទើប​បានជា​ខាង​ប្រុស​ត្រូវ​ចូល​ស្ដីដណ្ដឹង​ខាង​ស្រី ព្រមទាំង​បាន​បន្សល់​ទុក​បឹង​ទន្លេ​អុំ និង​សសរស្ដម្ភ​ប្រាសាទ​ដែល​កសាង​មិន​ទាន់​រួច​នៅ​ក្នុង​វត្ត​ព្រះ​ធាតុ ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង តាំងពី​ពេល​នោះ​មក ។ តាម​រយៈ​រឿងព្រេង​និទាន​នេះ គឺ​ស្រ​ដៀង​រឿងព្រេង​និទាន​ពី​ភ្នំ​ប្រុស​ភ្នំ​ស្រី​នៅ​ខេត្តកំពង់ចាម​ដែរ ។

លោក​ញឹក ធាង មេឃុំ​ស្រែ​ស្ដុក​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បឹង​ទន្លេ​អុំ​មិន​ទាន់​មានការ​អភិវឌ្ឍ​នៅឡើយ​ទេ ហើយ​នៅ​ខែប្រាំង​ទឹកបាន​គោក​រាក់ ។ កន្លង​មក​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាក់​ដី​សង់ផ្ទះ​(​សំណង់​រឹង​មាំ​) ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ឲ្យ​រុះរើ​វិញ​ជា​បន្ទាន់ ។

សព្វ​ថ្ងៃនេះ​នៅ​សល់​តូប​អាជីវករ​លក់ដូរ​លើ​ដី​ចំណី​មាត់បឹង​ចំនួន​១៣​តូប​ទៀត ដែល​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​កំពុង​សម្របសម្រួល​ឲ្យ​ពួក​គាត់​ចាកចេញ ដើម្បី​ក្រុមការងារ​របស់​ឯកឧត្តម​កែវ រតនៈ និង​ឯកឧត្តម​អេ​ង គ​ន្ធា រៀបចំ​ស្ដារ​បឹង​ទន្លេ​អុំ​នេះ​ឲ្យ​មាន​បរិស្ថាន​ល្អ សម្រាប់​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​» ។

ប្រសិនបើ​មានការ​រៀបចំ​បឹង​ទន្លេ​អុំ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សសរ​ស្ភ​ម្ភ​នោះ​ឲ្យ​បាន​ល្អ អាច​ទាក់​ទាញ​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ជាក់​ជា​មិន​ខាន ។ អ្នកទេសចរ​មិន​ត្រឹមតែ​កម្សាន្ដ​នៅ​បឹង​ទន្លេ​អុំ​ប៉ុណ្ណោះ​ទេ គឺ​អាច​ទៅ​មើល​ថ្ម​សសរស្តម្ភ​ប្រាសាទ ដែល​បាន​បន្សល់​ទុក ហើយ​មាន​ប្រវត្តិ​ទាក់ទង​គ្នា​រវាង​បឹង​នេះ និង​សសរ​ស្ភ​ម្ភ​ទៀត​ផង ។ មានរឿង​ព្រ​ង​និទាន​ពី​បឹង​ទន្លេ​អុំ និង​សសរ​ស្ភ​ម្ភ ដែល​កកើត​ពី​ការ​ភ្នាល់​គ្នា​រវាង​បុរស និង​ស្ដ្រី​ទៀត​ផង ។ ខាង​ប្រុស​កសាង​ប្រាសាទ និង​ខាង​ស្រី​ជីក​ទន្លេ​អុំ ហើយ​ខាង​ស្រី​ឈ្នះ​ខាង​ប្រុស​ដើរ​ប្រើ​ល្បិច ទើប​ខាង​ប្រុស​សង់​ប្រាសាទ​មិ​ហើយ បាន​ត្រឹមតែ​សសរ​ស្ភ​ម្ភ​ដែល​បន្សល់​មក​ដល់​សព្វ​ថ្ងៃនេះ ។

លើស​ពី​នេះ​ទៀត​អ្នកទេសចរ​អាច​ទៅ​មើល​ទួល​ព្រះ​ជ្រៃ ដែល​ជា​កន្លែង​ខ្មែរក្រហម​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​របប​ប្រល័យពូជសាសន៍ រួច​ហើយ​អាច​បន្តដំណើរ​ទៅ​ទស្សនា​ព្រៃ​លិច​ទឹក នៅ​ឃុំ​រាំង​ទិល លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ