ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះរួមមាននគរបាលការពារព្រំដែនគោកលេខ៩១១ប៉ុស្តិ៍សិលាខ្មែរ, នគរបាលរដ្ឋបាលប៉ុស្តិ៍អូរបីជាន់ និងកម្លាំងយោធា៥០៣ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២១ បានធ្វើការបង្ក្រាបគ្រឿងញៀនមួយកន្លែង ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន ព្រមទាំងដកហូតបានថ្នាំញៀនមួយចំនួនផងដែរ ។
ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះពៅ ស្តើង ភេទស្រី អាយុ៣៦ឆ្នាំ (ជាអ្នកចែកចាយ) ២-ឈ្មោះហាន់ ហេង ភេទប្រុស អាយុ២២ឆ្នាំ (ជាអ្នកប្រើប្រាស់) ៣-ឈ្មោះជឿន ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ (ជាអ្នកប្រើប្រាស់) និង៤-ឈ្មោះយី ប៊ុនធី ភេទប្រុស អាយុ៣៩ឆ្នាំ (ជាអ្នកប្រើប្រាស់) ។ ជនសង្ស័យទាំង៤នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្នុងករណីបង្ក្រាបខាងលើនេះ សមត្ថកិច្ចឆែកឆេរផ្ទះជនសង្ស័យរកឃើញម្សៅក្រាមពណ៍ស(ម៉ាទឹកកក)ចំនួន៤ថង់តូច ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនបន្តទៅកាន់ប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ