រាជធានីភ្នំពេញ ៖ រថយន្តទំនើបម៉ាកឡិចស៊ីសRX៣៥០ របស់ឯកឧត្តម ដួង តារា រដ្ឋ
លេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានត្រូវក្រុមចោរលួចកាត់យកកញ្ចក់មើលក្រោយទាំងសងខាង និងយកដុំថ្មវាយបំបែកកញ្ចក់ប្រុងបើកទ្វារលួចយករបស់របរនៅខាងក្នុងរថយន្តទៀតតែពុំបានសម្រេចដោយសារតែមានការភ្ញាក់ផ្អើលឡើង ។
ទោះបីជាយ៉ាងណា ក្រុមជនសង្ស័យដែលអះអាងថា មានគ្នា២នាក់បានគេចខ្លួនទៅបាត់ ។ បន្ទាប់ពីកើតមានហេតុការណ៍បែបនេះ ឯកឧត្តម ដួង តារា ក៏បានបង្ហោះតាមបណ្តាញសង្គម សម្តែងការសោកស្តាយចំពោះអ្វីដែលកើតឡើង ហើយឯកឧត្តមពិតជាមានការបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ដែលស្នាក់នៅក្នុងផ្ទះល្វែងហើយរថយន្តចតនៅមុខផ្ទះ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ
២០២១ នៅចំណុចផ្ទះសង់ថ្មីតាមផ្លូវលេខ៣៧១ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ នាវេលារំលងអធ្រាត្រនោះ អង្គរក្សរបស់ឯកឧត្តមដែលកំពុងដេកលក់ក៏បានភ្ញាក់ឡើង ខណៈមានសំឡេងវាយកញ្ចក់រថយន្តរបស់ឯកឧត្តមម៉ាកឡិចស៊ីសRX៣៥០ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២BM-៥៨៨៨ ដែលទើបតែទិញបានប្រមាណ១ខែ ក្នុងតម្លៃ១០៥.០០០ដុល្លារ ។ នេះបើតាមការឱ្យដឹងពីអ្នកបើកបរ ។
តាមការបង្ហោះក្នុងផេក ឯកឧត្តម ដូង តារា បានឱ្យដឹងថា «នេះជាលើកទី២ហើយដែលចោរមកបំផ្លាញដល់មុខផ្ទះ ក្រោយភ្ញាក់ពីដំណេកឃើញរថយន្តត្រូវបានបំផ្លាញដោយស្នាដៃចោរ ពិតជាគួរឱ្យសោកស្តាយយ៉ាងខ្លាំង» ។ ឯកឧត្តម ដួង តារា បានសរសេរក្នុងផេកថា «ខ្ញុំសាកាមេរ៉ាមើល យប់មិញរវាងម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឃើញមានចោរពាក់ម៉ាស បានមកលួចកាច់កញ្ចក់រថយន្តខ្ញុំទាំងសងខាង ហើយយកដុំថ្មវាយបំបែកកញ្ចក់រថយន្តខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ» ។
នៅក្នុងការបង្ហោះនោះ ឯកឧត្តមបានបញ្ជាក់ថា «កាលពីខ្ញុំមកនៅទីនេះដំបូង ក៏ធ្លាប់មានចោរចូលពីលើដំបូលផ្ទះមកក្នុងផ្ទះ ។ គួរឱ្យសោកស្តាយចំពោះអ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ» ។តាមអង្គរក្សរបស់ឯកឧត្តម ដួង តារា បានឱ្យដឹងថា នាវេលារំលងអធ្រាត្រនោះ ពេលគាត់
ភ្ញាក់ពីដំណេកស្រាប់តែឮសំឡេងវាយកញ្ចក់រថយន្តក៏បើកទ្វារចេញមកមើល ជនសង្ស័យក៏រត់គេចខ្លួនបាត់ ។
តាមព័ត៌មានឱ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង មកឈប់ក្បែរនោះ រួចធ្វើសកម្មភាពលួចកាច់យកកញ្ចក់មើលក្រោយទៅបាត់ ។ លុះក្រោយមក ក៏បានយកដុំថ្មមកវាយកញ្ចក់រថយន្តខាងស្តាំ ក្នុងបំណងបំបែកកញ្ចក់ប៉ងបើកទ្វារលួចរបស់របរក្នុងរថយន្តតែមិនទាន់បានលួចផង ក៏រត់គេចខ្លួនបាត់ទៅ ។
គួរបញ្ជាក់ថា រថយន្តរបស់ឯកឧត្តម ដួង តារា បានចតទុកនៅមុខផ្ទះល្វែងក្បែរចិញ្ចើមផ្លូវ ដោយពុំមានរបងបិទបាំងនោះទេដែលទំនងជាយល់ថា ចោរមិនហ៊ានលួចទេ ព្រោះ
ផ្ទះក្បែរគ្នាក៏មានរថយន្តនៅមុខផ្ទះដែរ ។ បន្ទាប់ពីមានការបង្ហោះនៅក្នុងបណ្តាញសង្គមនោះនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ព្រមទាំងនាយប៉ុស្តិ៍ កម្លាំងជំនាញនិងកងរាជអាវុធហត្ថខណ្ឌ បានចុះទៅសាកសួរដើម្បីស្រាវជ្រាវរកមុខចោរនាំមកផ្តន្ទាទោស ៕
ចែករំលែកព័តមាននេះ