រាជធានីភ្នំពេញ ៖ ដូចតាមការកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ នាវេលាម៉ោងប្រមាណ៥កន្លះល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានធ្វើការបញ្ជូនជនសង្ស័យ៤នាក់ ដែលក្នុងនោះ មាន២នាក់ជាមន្ត្រីនគរបាលជាន់ខ្ពស់ ម្នាក់ពាក់ផ្កាយ៣ និងម្នាក់ពាក់ផ្កាយ២ ព្រមទាំងអ្នកពាក់២នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាប់ចោទពីបទស៊ីសំណូកពីក្រុម Scams Online និងសម្អាតប្រាក់ ។
បានសង្កេតឃើញថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ដឹកតាមរថយន្តទំនើប២បាំងចំនួន៤ គ្រឿង គឺរថយន្តមួយគ្រឿង ដាក់ជនសង្ស័យម្នាក់ ដោយមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អង្គុយអមសងខាង និងមានរថយន្តមួយគ្រឿងទៀត ជារថយន្តមន្ត្រីជំនាញ ACU អ្នកកាន់សំណុំរឿង ជិះតាមពីក្រោយ សរុបរថយន្ត៥ គ្រឿង ។
ក្បួនរថយន្តទាំង៥គ្រឿង បានចេញដំណើរពីអង្គភាពប្រឆាំងអំពើពុករលួយ ឆ្ពោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលរថយន្ត ១គ្រឿង ខាងមុខគេ គឺដឹកលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយរង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ រថយន្តទី២ ដឹកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ រថយន្តទី៣ ដឹកជនសង្ស័យឈ្មោះ យ៉ាត កុសល និងរថយន្តទី៤ ដឹកអ្នកស្រី អស កូពិសី ប្រពន្ធលោក សរ សំណាង ។
បើទោះបីជានីតិវិធី នាំជនសង្ស័យទាំង៤នាក់ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចនេះក្តី នាម៉ោងជាង៦ល្ងាចថ្ងៃដដែល កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបញ្ជូនជនសង្ស័យទាំង៤នាក់ត្រឡប់ទៅវិញ រង់ចាំតំណាងអយ្យការអមសាលាដំបូង បើកការស៊ើបសួរនៅថ្ងៃស្អែក ។
សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាយសារព័ត៌មានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំបញ្ជូនមន្ត្រីនគរបាលជាតិជាន់ខ្ពស់២រូប និងជនសង្ស័យ២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធសំណុំរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់ ។
ជនសង្ស័យទាំង៤ នាក់នោះមាន ៖
ទី១.ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា (ផ្កាយ៣) អគ្គនាយករង នៃអគ្គនាយ ដ្ឋានអន្តោរប្រវេសន៍ ។
ទី២.ឧត្តមសេនីយ៍ទោ សរ សំណាង (ផ្កាយ២) ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ទី៣.អ្នកស្រី អស កូពិសី ជាប្រពន្ធ លោក សរ សំណាង ទី៤.ឈ្មោះ យ៉ាត កុសល ។ ពាក់ពន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់ ។
បើតាមលោកទេសរដ្ឋមន្ត្រី មនុស្ស២នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមាន អ្នកស្រី អស កូពិសី ជាប្រពន្ធ លោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ដែលជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់ ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បន្ថែមថា ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ពីររូប និងជនពាក់ពាន់ខាងលើ បានធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលករណីនេះ អង្គភាពប្រឆាំអំពើពុករលួយ ACU បានបើកប្រតិបត្តិការស៊ើបអង្កេតរយៈពេល២០ថ្ងៃមកហើយ ហើយប្រតិបត្តិការ២០ថ្ងៃ អង្គភាពនឹងបញ្ជាក់ជូនលម្អិត ក្រោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ រួចរាល់ ។
មួយរយៈពេលចុងក្រោយនេះ ACU បានចាប់ខ្លួនបុគ្គលសំខាន់ៗ ជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធ នាការបង្ក្រាបបោសសម្អាត ឧក្រិដ្ឋកម្មតាមប្រពន្ធអ៊ីនធើណិត និងភាពអសកម្មនានា ។ កាលពីខែមីនា អនុប្រធាន និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស២នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយរកឃើញលុយពុករលួយ ប្រមាណជាង១លានដុល្លារអាមេរិក ដែលសំណុំរឿងនេះ ជនសង្ស័យកំពុងដេកក្នុងពន្ធនាគារ ដើម្បីរង់ចាំទទួលទោសតាមផ្លូវច្បាប់ ៕






ចែករំលែកព័តមាននេះ