ឈ្មួញយកដីមានទំនាស់ពុះឡូតិ៍លក់ ដូចលក់ខ្យល់ អ្នកចាញ់បោ.កជិត ២០០នាក់ លើកគ្នាតវ៉ា
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជិត ២០០នាក់នាំគ្នាលើកបដាដង្ហែតវ៉ាសុំជួយអន្តរាគមន៍ដែលទិញដីហើយក្រុមហ៊ុនពៅវណ្ណា មិនទាន់បានដី និងប្លង់អោយដែលតវ៉ានៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលាក្រុងប៉ោយប៉ែត ។
តំណាងប្រជាពលរដ្ឋប្រាប់ថា ពួកគាត់ដែលនាំគ្នាតវ៉ាដង្ហែចូលសាលាក្រុងប៉ោយប៉ែតជិត ២០០នាក់គឺសុទ្ធតែជាអ្នករងគ្រោះដោយទិញដីរបស់ក្រុមហ៊ុន ពៅ វណ្ណា ដីឡូតិ៍ដែលលក់អោយពួកគាត់ហើយមិនទាន់បានចេញប្លង់អោយ ក្រោយទទួលព័ត៌មានបានដឹងថា មន្ត្រីជំនាញមិនអាចចុះបញ្ជីបាន ព្រោះដីមានទំនាស់មិនទាន់ដោះស្រាយបញ្ចប់ ទើបប្រជាពលរដ្ឋសុំអន្តរាគមន៍ជួយដោះស្រាយជូនពួកគាត់ផង ប្រៀបដូចចាញ់បោកឈ្មួញដី ។
លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ថា ប្រជាពលរដ្ឋដែលតវ៉ាជិត ២០០នាក់ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ដែលបានទិញដីក្រុមហ៊ុនដីឡូតិ៍លោកស្រី ពៅ វណ្ណា ដែលស្ថិតភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសុំអោយជួយអន្តរាគមន៍អោយក្រុមហ៊ុនដីឡូតិ៍ត្រូវធ្វើប្លង់ជូនពួកគាត់ ព្រោះទិញដីត្រូវមានប្លង់កម្មសិទ្ធិ ។
លោកបានបញ្ជាក់ថា មូលហេតុដែលដីក្រុមហ៊ុន ពៅ វណ្ណា លក់ដីធ្វើប្លង់មិនបាន ព្រោះជាដីមានទំនាស់ដែលលោកស្រី ពៅ វណ្ណា បានទិញដីពីលោកយាយ សេង គីម ដែលមានទំនាស់ជាមួយលោក លី សាយឃាង ដែលមិនទាន់បានដោះស្រាយបញ្ចប់ នៅពេលដែលដីមានទំនាស់ទើបមិនអាចចុះបញ្ជីដីធ្លីបាន ដែលគម្រោងក្រុមហ៊ុនដីឡូតិ៍របស់លោកស្រី ពៅ វណ្ណា បានដំណើរការកាលអំឡុងឆ្នាំ ២០១៨និង ២០១៩ ដែលមានដីឡូតិ៍ប្រមាណ ៨០០ឡូតិ៍ដែលលក់ក្នុង ១ឡូតិ៍ទីតាំងល្អតម្លៃជាង ១ម៉ឺនដុល្លា និងទីតាំងទាបតម្លៃជាង ៧ពាន់ដុល្លា ។
លោក ញឹម ភឿង បានបញ្ជាក់ថា ក្រោយប្រជាពលរដ្ឋជិត ២០០នាក់តវ៉ាសុំអន្តរាគមន៍ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានជួបតំណាងក្រុមហ៊ុនដែលមានកូនចូលជំនួស និងប្រជាពលរដ្ឋដោយទុកពេល៣ថ្ងៃអោយក្រុមហ៊ុនដីឡូតិ៍ត្រូវប្រមូលឯកសារប្រគល់ជូនក្រុមការងារ និងទុកពេល ៧ថ្ងៃត្រូវផ្តល់ចម្លើយដោយទុកចិត្តតើប្រគល់ដី ឬលុយជូនប្រជាពលរដ្ឋវិញ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕















ចែករំលែកព័តមាននេះ