ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ​សាលាឧទ្ធរណ៍​ភ្នំពេញ ​បាន​កំណត់​យក​ថ្ងៃ​ទី​៣០ ​មេសា នឹង​ប្រកាស​សាលដីកាលើ​បណ្តឹងឧទ្ធរណ៍​របស់​លោក កឹ​ម សុខា

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែមេ​សា ឆ្នាំ​២០២៦ បាន​ចេញ​លិខិត​ជូនដំណឹង​ស្តី​ពី​ការ​ប្រកាស​សាលដីកា លើ​បណ្តឹងឧទ្ធរណ៍​របស់​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែមេ​សា ឆ្នាំ​២០២៦ បាន​ចេញ​លិខិត​ជូនដំណឹង​ស្តី​ពី​ការ​ប្រកាស​សាលដីកា លើ​បណ្តឹងឧទ្ធរណ៍​របស់​លោក កឹ​ម សុខា ដែល​ប្តឹង​ជំទាស់ ​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២៧ឆ្នាំ ជាប់ចោទ​ពី​បទ ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ។

ក្នុង​លិខិត​ជូនដំណឹង​នោះ​ បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​១១ នៃ​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​ភ្នំពេញ សូម​ជម្រាប​ជូន លោក លោកស្រី ជា​មេធាវី​តំណាង​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី និង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ កឹ​ម សុខា ឲ្យ​បាន​ជ្រាប​ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៥៦ ចុះ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ កឹ​ម សុខា ជាប់ចោទ​ពី​បទ ស​ន្និ​ដ្ឋិ​ភាព ជាមួយ​បរទេស ក្រុមប្រឹក្សា​ជំនុំជម្រះ​កំណត់​យក​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​៩​និង​៣០នាទី​ព្រឹក​នៅ​បន្ទប់​សវនាការ​ទី​១ ដើម្បី​ប្រកាស​សាលដីកា ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើសូមលោក​ ​លោកស្រី ជ្រាប​ជា​ដំណឹង ។

សូម​ជម្រាប​ថា សាលាឧទ្ធរណ៍​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ លើ​សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប​ន្ធា​ប់​ពី​សវនាការ​បើក​ការ​សាកសួរ​ដេញដោល​ជា​សាធារណ​អស់​រយៈពេល​២​ថ្ងៃ ពី​បទ​”​ស​ន្និ​ភាព ជាមួយ​បរទេស ឬ​បទ​.​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​” ។

សវនាការ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែមេសា ឆ្នាំ​២០២៦ ហើយ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​តុលាការ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​លោក គឹ​ម សុខា ធ្វើ​សំណូមពរ​ទៅ​កាន់​អង្គ​សវនាការ ក្នុង​នោះ​លោក កឹ​ម សុខា ក៏​បាន​ធ្វើ​សំណូមពរ​មាន ៣ ចំណុច ៖

ទី​១.​សុំ​ឲ្យ​បដិសេធ​ចោល​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​អសា​បង់​ទាំងស្រុង ។ ពីព្រោះ​បើ​តម្កល់​សាលក្រម​នេះ គឺ​មិន​ត្រឹមតែ​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ គឺ​អយុត្តិធម៌​ដល់​ប្រទេស​ដែល​រង​ការ​ចោទ​ថា​ត្រូវរ៉ូវ​ជាមួយ​ខ្ញុំ ទាំង​គេ​មិន​បានដឹង​អ្វី​សោះ ហើយ​គេ​ជា​ប្រទេស​មានគុណ​ជួយ​ខ្មែរ ។ ការ​បដិសេធ​សាលក្រម គឺ​ដើម្បី​ប្រយោជន៍​ប្រទេស​កម្ពុជា​យើង​ទាំងអស់​គ្នា ។

ទី​២.​សុំ​មេត្តា​សម្រេច​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​បទចោទប្រកាន់​ទាំងអស់ ។ ព្រោះ​ខ្ញុំ​គ្មាន​ចេតនា​ក្បត់ជាតិ គ្មាន​គប់គិត​ត្រូវរ៉ូវ​ជាមួយ​បរទេស​ទេ ។ ខ្ញុំ​ចង់​ចូលរួម​ជួយ​ជាតិ ចង់​បង្ហាញ​សាមគ្គីភាព​ជាតិខ្មែរ ខ្ញុំ​ស្រឡាញ់​ជាតិខ្មែរ ។

ទី​៣.​ចំពោះ​មុខ​ខ្ញុំ​សុំ​ឲ្យ​ខ្ញុំ​មាន​សេរីភាព​ពី​ពេល​នេះ​តទៅ ។ ខ្ញុំ​ដឹង​ថា ខណៈ​បច្ចុប្បន្ន​នេះ ខ្ញុំ​អាច​ជួយ​ជាតិ ខ្ញុំ​អាច​ស្រែក​ឲ្យ​មានការ​គាំទ្រ​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​ទឹកដី​ដែល​កំពុង​រង​ការ​ឈ្លា​ន ពាន ឲ្យ​គេ​ជួយ​ខ្មែរ ជួយ​រាជរដ្ឋាភិបាល​បាន ។

សូម​ជម្រាប​ទៀត​ថា កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣ លោក កឹ​ម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​សាកសួរ​ដេញដោល​ជា​បន្តបន្ទាប់​ចំនួន​៦៦ លើក ចាប់ពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ ២០២០ រហូត​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ ២០២២ និង​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ កឹ​ម សុខា ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ សញ្ជាតិ ខ្មែរ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ២៧ (​ម្ភៃ​ប្រាំពីរ​) ឆ្នាំ ពី​បទ “​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​២០១០ ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​៤៣៩ និង​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ និង​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេង​ទៀត តាម​បញ្ញត្តិ​មាត្រា​៤៥០ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ដាក់​ជនជាប់ចោទ​ឱ្យ​ស្ថិត​នៅ​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​យ៉ាង​ដូច្នោះ លោក កឹ​ម សុខា ពឹងពាក់​មេ ធា​វី​សម្រេច​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ ហើយ​គិត​ចាប់តាំងពី​ឆ្នាំ​២០២៤ សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បើក​សវនាការ​លើ​បណ្តឹង​ប្រឆាំង​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន​ជាង​១០ លើក រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បញ្ចប់​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ និង​លើក​សាលដីកា នៅ​ចុង​ខែមេសា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ