ជនពិការពីកំណើតពីរនាក់ ដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភ
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង…
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង…
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនពិការពីកំណើតនេះ ឈ្មោះ សុខ ខ្វេ ភេទប្រុស អាយុ ២៦ឆ្នាំ បានពិការជើងទាំង២ មានម្តាយឈ្មោះ ជុច សូត្រ អាយុ ៦៦ឆ្នាំ ជាចាស់ជរាស្រ្តី មេម៉ាយមានកូន ៣ ( ស្រីម្នាក់ ) និងក្មេងស្រីម្នាក់ទៀត ជាជនពិការខ្វិនដៃជើងពីកំណើត ឈ្មោះ វ៉ាង ស្រីនាត អាយុ ១១ឆ្នាំ មានជីដូន ជាអ្នកមើលថែ។ អ្នកពិការទាំងពីរនាក់ រស់នៅក្នុងភូមិឃុំខាងលើ។
ស្រ្តីឈ្មោះ ជុច សូត្រ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះក្មួយប្រុ សសុខ ខ្វេ បានរៀបរាប់ឱ្យកោះសន្តិភាពថា រូបគាត់អភ័ព្វណាស់ មានប្តីក៏ជាជនពិការ ហើយមកដល់កូន ក៏ជាជនពិការ។ រូបគាត់ជាអ្នកមើលថែប្តី រហូតមកដល់កូន។ តែប្តីបានបាត់បង់ជីវិត កាលពីអំឡុងឆ្នាំ២០១៣ ដោយបន្សល់កូនប្រុសស្រី ៣នាក់។ រូបគាត់ចិញ្ចឹមបីបាច់ថែរក្សា រហូតកូនមានប្តីប្រពន្ធពីរនាក់ នៅសល់តែកូនពិការ ដែលរូបគាត់ នៅជាមួយ សព្វថ្ងៃ។
ស្ត្រីមេម៉ាយ បន្តថា កូនប្រុសស្រីមានប្តីប្រពន្ធមានជីវភាពក្រីក្រពេក មិនបានជួយដល់រូបគាត់ទេ ហើយរូបគាត់ រួមរស់ជាមួយកូនពិការ ដែលធ្វើជាងជួសជុលទូរទស្សន៍ បានកម្រៃបន្តិបន្តួចចិញ្ចឹមជីវិត រួមទាំងមានប័ណ្ណក្រីក្រ ដែលទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងមួយខែ ចំនួន ១៤ម៉ឺនរៀល។
ដោយឡែកស្រ្តី ឈ្មោះ ហេង ផល អាយុ ៦៩ឆ្នាំ ជាអ្នកមើលថែចៅ បានរៀបរាប់ ប្រាប់កោះសន្តិភាពថា រូបគាត់ មានជីវភាពក្រីក្រ។ ចំណែកកូនប្រុសស្រី ដែលជាម្តាយឪពុកចៅស្រីនេះ បានដើរកស៊ីឈ្នួលគេ បានលុយបន្តិចបន្តួច មកចិញ្ចឹមកូនស្រី ៣នាក់ ស្ទើរតែមិនគ្រប់ ហើយក៏មានប័ណ្ណក្រីក្រ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលជាង ១០ម៉ឺនរៀល ក្នុង ១ខែ។
តែទោះជាបែបណា ស្ត្រីរូបនេះ បានអះអាងថា ក្រុមគ្រួសារគាត់ នៅតែខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ។
គ្រួសារទាំងពីរ បានសូមអំពាវនាវដល់ឯកឧត្តម ឧកញ៉ា លោកជំទាវ លោកស្រី ប្រជាពលរដ្ឋ នៅឯនាយសមុទ្រ និងសប្បុរសជន នៅក្នុងប្រទេស មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារពួកគាត់ផង៕ ដោយ៖ ឱម សារឿន
ចែករំលែកព័តមាននេះ