ខេត្តកណ្តាល ៖ រន្ធត់ណាស់ មានករណីបុរសម្នាក់ដាច់ក្បាលខ្ទាតចេញពីខ្លួនខ្ទាតទៅម្ខាង ខណៈឱនកៀរអាចម៌ចំណីត្រី បណ្តាលឱ្យឲ្យធ្លាក់ចូលខ្ទះម៉ាស៊ីនកិនចំណីត្រី ពេលកាំបិតម៉ាស៊ីនកំពុងដំណើរការ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦ ចំណុចស្រះចិញ្ចឹមត្រី ភូមិព្រែកក្តាម២ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ក្រឹម ឡូត អាយុ៥០ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិជ្រៃរលំ ឃុំក្រាំងក្រយ៉ង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ បច្ចុប្បន្នស្នាក់នៅ ស្រះចិញ្ចឹមត្រី ភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ។ សមត្ថកិច្ចពិនិត្យឃើញមានស្លាបព្រាដែកបន្សុលទុកក្នុងម៉ាស៊ីនវៃចំណីត្រី ប្រវែង២៨សង្ទីម៉ែត្រ ចំនួន១។
តាមការបំភ្លឺរបស់ឈ្មោះ យ៉ន អាត ភេទប្រុស អាយុ៥២ឆ្នាំ ជាកម្មករ នៅស្រះចិញ្ចឹមត្រីខាងលើ បានឲ្យដឹងថា គាត់បានមកធ្វើការជាកម្មករ និងស្នាក់នៅស្រះចិញ្ចឹមត្រី នៅចំណុចព្រៃជ្រក ភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដែលមានម្ចាស់ស្រះត្រីឈ្មោះ ឌឹម កែវឡាយ ភេទប្រុស អាយុ៦៥ឆ្នាំ ។
លុះដល់ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ០៧ ព្រឹក គាត់រួមជាមួយកម្មករចំនួន៣នាក់ រួមមានទី១-ឈ្មោះ ក្រឹម ឡូត អាយុ៥០ឆ្នាំ ទីលំនៅភូមិជ្រៃរលំ ឃុំក្រាំងក្រយ៉ង ស្រុកព្រះស្តេច ខេត្តព្រៃវែង (ជាជនរងគ្រោះដែលបានស្លាប់) ទី២-ឈ្មោះ អាត សំអឿន ភេទប្រុស អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ សៀន យឹង អាយុ៣៨ឆ្នាំ បាននាំគ្នាលាយចំណីត្រីដាក់ក្នុងម៉ាស៊ីនកិននុយ ក្រោមរោងដែកដាក់ចំណីត្រី ដោយក្នុងពេលនោះរូបគាត់ និងកម្មករចំនួន០៣នាក់ទៀតបាននាំយករទេះដែកត្រងនុយចំណីត្រីចេញពីទុយោដែកចេញម៉ាស៊ីនកិននុយដាក់តាមកញ្ចុះស្រះត្រី ។
ខណៈពេលកំពុងធ្វើការ ឈ្មោះ ក្រឹម ឡូត ជាអ្នកកាន់ម៉ាស៊ីនកិននុយត្រី បានយកស្លាបព្រាដែកអោនខ្លួនលូកចូលទៅកៀរអាចម៌នុយឱ្យធ្លាក់ចូលខ្ទះ ក្នុងពេលម៉ាស៊ីនកាំបិតកូរនុយកំពុងដំណើរការ បណ្តាលឱ្យកាំបិតកូរនុយប៉ះនឹងក្បាលរបស់ឈ្មោះ ក្រឹម ឡូត ដាច់ក្បាលចេញពីខ្លួនចូលទៅក្នុងម៉ាស៊ីនកិននុយត្រីនោះតែម្តង ។ បន្ទាប់ពីឃើញដូច្នេះ គាត់ និងកម្មករផ្សេងទៀតបាននាំគ្នាទៅជួយលើកសាកសពរបស់ឈ្មោះ ក្រឹម ឡូត ចេញពីម៉ាស៊ីនកិននុយត្រី និងទូរស័ព្ទប្រាប់ម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ ឌឹម កែវឡាយ តែម្តង ក្រោយមកបានរាយការណ៍ប្រាប់សមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលកោះចិន។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅទីកន្លែងកើតហេតុនេះ ស្ថិតនៅក្នុងបរិវេណស្រះចិញ្ចឹមត្រី របស់ឈ្មោះ ឌឹម កែវឡាយ ភេទប្រុស អាយុ៦៥ឆ្នាំ ផ្ទៃដីទំហំ៦០០០ម៉ែត្រការេ ក្រោមរោងឃ្លាំងដែកដាក់ចំណីត្រី ទំហំ១៥ម៉ែត្រx៣០ម៉ែត្រ កំពស់៨ម៉ែត្រ ភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ចំណុចកើតហេតុនៅក្នុងម៉ាស៊ីនកិននុយចំណីត្រី ទំហំ២ម៉ែត្រx២ម៉ែត្រ មានស្នាមប្រឡាក់ឈាម ។
សាកសពត្រូវបានលើកតម្កល់នៅលើផ្ទៃសាប ពាក់អាវក្រណាត់ដៃវែងពណ៌ខ្មៅ ស្លៀកខោយឺតចង្កេះកៅស៊ូជើងវែងពណ៌ខ្មៅ ក្បាលដាច់ចេញពីដងខ្លួន មានស្នាមរបួសលើចិញ្ចើមខាងឆ្វេងដល់ឆ្អឹងដាច់ក្បាលពីចេញដងខ្លួន ស្នាមរបួសដាច់រាងបញ្ឆិតក្រោមត្រចៀកខាងឆ្វេងដល់ដងខ្លួន (ស្នាមរបួសទល់) ប្រអប់ដៃខាងឆ្វេងប្រឡាក់ឈាម ក្រៅពីនេះពុំពិនិត្យឃើញស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ។
ដូច្នេះតាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច្ច័យ ផ្នែកជំនាញ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកណ្ដាល ជនរងគ្រោះស្លាប់ បណ្តាលមកពីចូលម៉ាស៊ីនកិននុយចំណីត្រី ។ សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ