កម្ពុជា​សង្វៀន​គុន​ខ្មែរ​ចុង​ស​ប្ដា​ហ៍​នេះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ជា​ច្រើន​គូ​ប៉ះ​គ្នា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​សង្វៀន​គុន​ខ្មែរ​ចុង​ស​ប្ដា​ហ៍​នេះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ជា​ច្រើន​គូ​ប៉ះ​គ្នា

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់កម្ពុជា​សង្វៀន​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សោ​រ៍​ទី​១៦ មក​រា ខាង​មុខ​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជាច្រើន​គូ​ប៉ះ​គ្នា ។ ឡុ​ង បេន​លឿន ជើង​ខ្លាំងលំដាប់​ជួរ​មុខ​ប្រចាំ​ក្លិប​សាល​វ័​ន្ត​កីឡា…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់កម្ពុជា​សង្វៀន​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សោ​រ៍​ទី​១៦ មក​រា ខាង​មុខ​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជាច្រើន​គូ​ប៉ះ​គ្នា ។ ឡុ​ង បេន​លឿន ជើង​ខ្លាំងលំដាប់​ជួរ​មុខ​ប្រចាំ​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ប៉ះជាមួយ​សេក គឹ​ម​រួន ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ។ ចំណែក​ឈឿ​ង ល្វៃ ជើង​ខ្លាំង​ប្រចាំ​ក្លិប​នាគរាជ​ចតុមុខ ប៉ះ​ជាមួយ​វង្សវិ​ឆ័​យ ជើង​ខ្លាំង​ប្រចាំ​ក្លិប​ប្រដាល់​បញ្ជាការដ្ឋានទ័ព​ពិសេស​។

រវាង​ឡុ​ង បេន​លឿន និង​សេក គឹ​ម​រួន សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ​។ ដូច្នេះ​សម្រាប់​ការ​ប៉ះ​គ្នា​លើក​នេះ សង្ឃឹមថា មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ខកបំណង​ឡើយ ។ ឡុ​ង បេន​លឿន ល្អ​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង ឯ​ចលនា​វាយ​ចេញ​ក៏​មាន​ភាព​រហ័សរហួន​ដែរ គ្រាន់​តែ​ចិត្ត​របស់​គេ​រាង​តូច​បន្តិច ។ រីឯ​សេក គឹ​ម​រួន​វិញ​ល្អ​បាន​តែ​ស្នៀត​ជើង​ប៉ុណ្ណោះ និង​ចាញ់​ប្រៀប​កម្ពស់​ឡុ​ង បេន​លឿន​បន្តិច ប៉ុន្តែ​ចិត្តសឿង​ខ្លាំង​ណាស់ ។ សម្រាប់​ការ​ប្រកួត​កន្លង​មក​មិន​ដែល​មាន​អ្នក​ណា​វាយ​រូប​គេ​ឱ្យ​សន្លប់​ម្ដងណា​ឡើយ ។ ដូច្នេះ​សូម​រង់ចាំ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​គ្នា​កុំឱ្យ​ទសនីយភាព​ដ៏​ល្អ​មួយ​នេះ​រំលង​ពី​ខ្សែ​ចក្ខុ​លោក​អ្នក​ឱ្យ​សោះ​។

សម្រាប់​ការ​ប៉ះ​គ្នា​រវាង​ឈឿ​ន ល្វៃ និង​វង្ស វិ​ឆ័​យ​វិញ​ក៏​រំពឹង​ថា​ល្អមើល​មិនធម្មតា​ដែរ ។ កីឡាករ​ទាំង​២​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយដោយ​មាន​ចាញ់​ឈ្នះ​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​សម្រាប់​កីឡាករ​ឈឿ​ន ល្វៃ​ហាក់បីដូច​ជា​មានការ​កោតញញើត​វង្ស វិ​ឆ័​យ​ច្រើន​ជាង​។

វង្ស វិ​ឆ័​យ ជា​អ្នក​ប្រដាល់​ចាស់វស្សា ទោះបីជា​កម្លាំង​របស់​គេ​រាង​ចុះ​ខ្សោយ​បន្តិច​មែន តែបើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​វិញ​នៅ​តែ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ខ្លា​ចាស់​កំពូល​ល្បិច​ដដែល ។ ជា​ពិសេស​ផ្លែ​កែង​ និង​ជង្គង់​របស់​គេ​តែ​ម្ដង​ដែល​អាច​ធ្វើ​ឱ្យ​គូប្រកួត​បន្សល់​នូវ​ស្នាម​របួស​លើ​ផ្ទៃ​មុខជា​ច្រើន
នាក់ ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ ឈឿ​ន​ល្វៃ មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​បើ​មិន
ដូច្នេះ​ទេ​ច្បាស់​ជា​បែក​មុខ​មិន​ខាន​៕