ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រឡុកស៊ីម៉ង់ត៍ បុករះរ៉ឺម៉ក និងរថយន្តក្រុមហ៊ុនតេលា ហើយ​ធ្លាក់ផ្លូវ ប៉ះអ្នកដំណើររងរបួស ៤នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង បានបើកបោះពួយ នៅត្រង់ចំណុចផ្លូវកោង ក៏បានបុករះរ៉ឺម៉កម៉ូតូ និងរថយន្តស៊ីទែនសាំងរបស់​ក្រុមហ៊ុនតេលា ពេញទំហឹង ហើយខ្ទាតធ្លាក់ផ្លូវ ទៅប៉ះលោក​តា និងចៅប្រុស​ស្រី…

រាជធានីភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង បានបើកបោះពួយ នៅត្រង់ចំណុចផ្លូវកោង ក៏បានបុករះរ៉ឺម៉កម៉ូតូ និងរថយន្តស៊ីទែនសាំងរបស់​ក្រុមហ៊ុនតេលា ពេញទំហឹង ហើយខ្ទាតធ្លាក់ផ្លូវ ទៅប៉ះលោក​តា និងចៅប្រុស​ស្រី ៣នាក់ បានរងរបួស។ រីឯអ្នកបើកបររថយន្តក្រុមហ៊ុនតេលាម្នាក់គាបជាប់ក្នុងរថយន្ត រងរបួសស្រាលផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី​វេលាម៉ោង ២ និង៣០ នាទីរសៀល​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខខ្លោងទ្វារវត្តអង្គសិរិសួស្តី លើផ្លូវលេខ១៥១ ក្នុង​ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តក្រឡុកស៊ីម៉ង់ត៍នោះ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1173 បើកបរដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះ​បានគេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុ។ រីឯ​រ៉ឺម៉កម៉ូតូមួយគ្រឿង គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណដែរ។

ចំណែករថយន្តស៊ីទែនសាំងរបស់ក្រុមហ៊ុនតេលា ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2739 បើកបរដោយឈ្មោះ ផាត រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិបាត់ដឹង ឃុំបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របួសស្រាល។

​សាក្សីបាន​អោយដឹងថា នៅមុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ១៥១ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុករះរ៉ឺម៉កមួយ រួចបន្តទៅរថយន្តដឹកស៊ីទែនប្រេងរបស់ក្រុមហ៊ុនតេលា ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា (ពីលិចទៅកើត) ពេញទំហឹង។

សាក្សី បានអោយដឹងទៀតថា គ្រោះថ្នាក់នោះ បណ្តាលអោយរថយន្តទាំងពីរ ជ្រុលធ្លាក់ផ្លូវ ទៅប៉ះលោកតាម្នាក់ ចៅប្រុសម្នាក់ និងចៅស្រីម្នាក់ ដែលកំពុងតែដើរនៅចិញ្ចើមផ្លូវ បណ្តាលអោយ​រងរបួសធ្ងន់ស្រាល​។ ដោយឡែកអ្នកបើករ រថយន្តដឹកប្រេង បានគាបជាប់ រងរបួសស្រាល។ ​

បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿង និងរ៉ឺម៉កម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ ចុះវាស់វែង រួចបញ្ជូន​ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ៕ ដោយ៖ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ