សហរដ្ឋអាមេរិក ៖ នេះជាប្រវត្តិសាស្ត្រហើយ ដោយប្រធានាធិបតីអាមេរិកលោកដូ
ណាល់ត្រាំបានរងការចោទប្រកាន់ក្នុងសភា កាលពីថ្ងៃទី១៣មករា ជានីតិវិធីដកតំណែងលោកលើកទី២ជាប្រវត្តិសាស្ត្រ ខណៈសល់ពេលតែ១សប្ដាហ៍ទៀត មុនដាច់
អាណត្តិរបស់លោក ក្នុងស្ថានភាពដែលមានភាពច្របូកច្របល់និងក្នុងបរិយាកាសមានភាពតានតឹងខ្លាំង។
សភាត្រួតត្រាដោយពួកអ្នកប្រជាធិបតេយ្យ បានអនុម័តគាំទ្រ នីតិវិធីដកតំណែងលោកត្រាំ ដោយ២៣២សំឡេង ទល់១៩៧សំឡេងប្រឆាំង។ លោកត្រាំអាយុ៧៤ឆ្នាំ ដែលត្រូវប្រគល់តំណែងដល់លោកចូបៃដិន នាថ្ងៃទី២០មករា ទទួលការចោទប្រកាន់ពីបទលើកទឹកចិត្តឲ្យពួកអ្នកគាំទ្រលោក លុកចូលអុកឡុកវិមានកាពីតូល ដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់៥នាក់ និងបណ្ដាលឲ្យមានការប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យអាមេរិក។
មុននេះបន្តិចលោកស្រីណានសីុពីឡូសីុប្រធានសភាថ្លែងថា លោកត្រាំត្រូវតែចាកចេញ លោកពិតជាមនុស្សមានគ្រោះថ្នាក់យ៉ាងច្បាស់និងជាបន្ទាន់ ប្រឆាំងប្រជាជាតិដែលយើងគ្រប់គ្នាស្រឡាញ់។ លោកត្រាំរងការចោទប្រកាន់ជាមហោឡារិកថាបានញុះញង់ ឲ្យមានការបះបោរនិងឧទ្ទាមកម្មដោយអាវុធ។
ប៉ុន្មានថ្ងៃមុនការចេញដំណើរបស់លោកទៅកាន់MAR-A-LAGOរដ្ឋផ្លរីដា ជាកន្លែងលោកចាប់ផ្ដើមជីវិតថ្មីជាអតីតប្រធានាធិបតី លោកដូណាល់ត្រាំពេលនេះហាក់ដូចជាកំពុងស្ថិតក្នុងភាពឯកោខ្លាំងបំផុត។ផ្ទុយពីការចោទប្រកាន់រឿងទាក់់ទិននឹងអ៊ុយក្រែនកាលពី១ឆ្នាំមុន ការចោទប្រកាន់លើកនេះអ្នកសាធាណរដ្ឋច្រើននាក់ សរុបដល់១០នាក់ក្នុងសភា បានបោះឆ្នោតគាំទ្រនីតិវិធីដកតំណែងលោក។
ក្នុងចំណោមអ្នកទាំងនោះសមាជិកសភាសាធារណរដ្ឋមួយរូប លោកDAN NEWHOUSE រហូតដល់អះអាងថា គ្មានការសុំទោសសម្រាប់អំពើរបស់លោកប្រធានាធិបតីត្រាំឡើយ។ ការបោះឆ្នោតអនុម័ត លើការចោទប្រកាន់នោះកំណត់ពីការបើកជាផ្លូវការ នីតិវិធីដកតំណែងលោកត្រាំ ហើយពេលនេះស្ថិតលើព្រឹទ្ធសភាជាអ្នកវិនិច្ឆ័យ៕
ចែករំលែកព័តមាននេះ