ទីក្រុងគូឡាឡាំពួរ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន (AMM) ស្តីអំពីភាពតានតឹងព្រំដែនកម្ពុជា និងថៃ ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានពន្យារពេលលើកទៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ជំនួសវិញ។ ក្រសួងការបរទេសម៉ាឡេស៊ីថ្លែងថា ការពន្យារពេលនេះ ត្រូវបានធ្វើឡើងតាមការស្នើសុំរបស់ប្រទេសថៃ។ នេះបើយោងតាមប្រភពពីសារព័ត៌មានម៉ាឡេស៊ី The Star និង Bernama ព្រមទាំងទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ (Xinhua) បានចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំពិសេសនេះ នឹងដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នៅក្នុងនាមម៉ាឡេស៊ីជាប្រធានអាស៊ានបច្ចុប្បន្ន។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសរបស់ម៉ាឡេស៊ី បានបញ្ជាក់ថា «ការប្រជុំ AMM ពិសេស គឺជាការបន្តពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) រួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា និងលោកនាយករដ្ឋមន្ត្រី អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) នៃប្រទេសថៃ កាលពីថ្ងៃទី១១ ខែធ្នូ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយស្ថានភាពរវាងប្រទេសកម្ពុជា និងថៃ»។ ចំណែកព័ត៌មានលម្អិតបន្ថែមនៃកិច្ចប្រជុំនេះ ក្រសួងនឹងចែករំលែកនៅពេលសមស្រប។
ទាំងកម្ពុជា និងថៃ បច្ចុប្បន្នបាននិងកំពុងតែប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកតាមព្រំដែនសាជាថ្មីឡើងវិញ ទោះបីជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ កាលពីខែតុលាក៏ដោយ។
នៅមុននេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថា ការចរចាកំពុងតែដំណើរការដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងរដ្ឋសមាជិកអាស៊ានទាំងពីរ។ លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី១៥ ខែធ្នូនេះពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាអ៊ីស្លាមកម្រិតខ្ពស់ (IAIS) ថា «ទោះជាយ៉ាងណាក៏ដោយ យើងនៅតែបន្តអំពាវនាវដល់ភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធគ្នា។ ស្ថានភាពនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយខ្ញុំនៅតែទាក់ទងជាមួយភាគីទាំងពីរជារៀងរាល់ថ្ងៃ»។
ម៉ាឡេស៊ីធ្លាប់បានអំពាវនាវឱ្យថៃ និងកម្ពុជាបញ្ឈប់រាល់ទម្រង់នៃជម្លោះ និងចៀសវាងសកម្មភាពយោធាណាមួយបន្ថែមទៀត រួមទាំងការដាក់ពង្រាយកងទ័ពប្រដាប់អាវុធទៅកាន់ជួរមុខ បន្ទាប់ពីការប្រយុទ្ធគ្នាកើតឡើងវិញនៅតំបន់ព្រំដែន៕
ចែករំលែកព័តមាននេះ