ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្លូវ​រងគ្រោះ​ដោយទឹកជំនន់​​ ត្រូវមន្ទីរជំនាញថា ស្នើសុំទៅ​ក្រសួង​ហើយ

4 ថ្ងៃ មុន
  • Banteay Meanchey

បន្ទាយមានជ័យ៖ ផ្លូវ ដែលរងគ្រោះដោយទឹកជំនន់ខូចខាតជាច្រើនកន្លែង ​ត្រូវមន្ទីរ​ជំនាញអះអាងថា បាន​ស្នើសុំទៅក្រសួងហើយ តែ​មិនដឹងពេលណា ទើបក្រសួង សម្រេចជួសជុលនូវ​ផ្លូវ ១ខ្សែ ដែល​មាន​ប្រវែងជិត…

បន្ទាយមានជ័យ៖ ផ្លូវ ដែលរងគ្រោះដោយទឹកជំនន់ខូចខាតជាច្រើនកន្លែង ​ត្រូវមន្ទីរ​ជំនាញអះអាងថា បាន​ស្នើសុំទៅក្រសួងហើយ តែ​មិនដឹងពេលណា ទើបក្រសួង សម្រេចជួសជុលនូវ​ផ្លូវ ១ខ្សែ ដែល​មាន​ប្រវែងជិត ១០គីឡូម៉ែត្រ ស្របមាត់ស្ទឹង តភ្ជាប់ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី។

ប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវនេះ បានត្អូញត្អែរថា ផ្លូវកៅស៊ូ ដែលរងគ្រោះ ដោយទឹកជំនន់ កាលពីឆ្នាំ២០២០ ​តភ្ជាប់ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី នឹងត្រូវ​ជួសជុលកសាងឡើងវិញនោះទេ។ សព្វថ្ងៃ ប្រជាពលរដ្ឋ ដែលទៅមកឆ្លងកាត់ ពិតជាជួបការលំបាក ព្រោះមានជង្ហុកជ្រៅៗ។ ផ្លូវនេះ ទៅមកបានតែរថយន្តធំប៉ុណ្ណោះ។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរស្រុកឃុំ ដែលបានជួយសម្រួលចាក់​ដីលុបជង្ហុកកន្លងមក ដើម្បី​អោយប្រជាពលរដ្ឋចរាចរណ៍ទៅមកបាន។ តែសង្ឃឹមថា មន្ទីរជំនាញ នឹងជួសជុល​ឡើងវិញ អោយបានឆាប់ ព្រោះផ្លូវកៅស៊ូ ១ខ្សែនេះ ប្រវែង​ប្រមាណជិត ១០គីឡូម៉ែត្រ ហើយជាផ្លូវដ៏សំខាន់ សម្រាប់​ប្រជាពលរដ្ឋឆ្លងកាត់​ពីខេត្តបន្ទាយមានជ័យ ទៅ​ខេត្តបាត់ដំបង។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានប្រាប់​កោះសន្តិភាព​ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ថា ផ្លូវដែលតភ្ជាប់ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី ដែលរងការខូចខាតដោយទឹកជំនន់ឆ្នាំ២០២០នេះ ត្រូវបានធ្វើរបាយការណ៍ ជូនទៅក្រសួងជំនាញ ហើយស្នើសុំទៅក្រសួងហិរញ្ញវត្ថុ ដើម្បីធ្វើការជួសជុលឡើងវិញ។ តែមិនទាន់បានទទួលចម្លើយ​ថា ក្រសួងនឹង​ទម្លាក់ថវិកា​កសាងពេលណានៅឡើយទេ។

តែលោកប្រធានមន្ទីរ បញ្ជាក់ថា ពេលនេះ ខេត្តបន្ទាយមានជ័យ កំពុងជួសជុល​កសាងផ្លូវចំនួន ១៣ខ្សែប្រវែងជាង ១០០គីឡូម៉ែត្រ ដែលរងគ្រោះដោយទឹកជំនន់​ឆ្នាំ២០២០នេះ ដែលមានផ្លូវគ្រួសក្រហម ដែលកំពុងជួសជុលកសាងឡើងវិញ បាន ៧០ភាគរយហើយ។ ដោយឡែក ផ្លូវកៅស៊ូ ដែលតភ្ជាប់ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី កំពុងរង់ចាំចម្លើយពីក្រសួង​នៅឡើយ៕ ដោយ៖ ប៊ុន ធឿន​