ខេត្តសៀមរាប ៖ សូមប្រយ័ត្នចំពោះភ្លើង ព្រោះវាងាយបង្កគ្រោះថ្នាក់ខ្លាំងណាស់ បើយើងមានការធ្វេសប្រហែស ខណៈអាកាសធាតុកំពុងចុះត្រជាក់និងមានខ្យល់បោកផងដែរ ។

ជាក់ស្តែង បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីពលរដ្ឋដុតសំរាមខ្វះការប្រុងប្រយ័ត្នក៏បណ្តាលឱ្យឆេះកន្លែងទិញអេតចាយអស់មួយចំនួនធំ។ ហេតុការណ៍ឆេះទីតាំងលក់អេតចាយនៅតាមផ្លូវក្រវ៉ាត់ក្រុង នោះបានកើតឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១២ មករា ស្ថិតនៅចំនុចកន្លែងទិញអេតចាយ ខាងក្រោយឃ្លាំង ក្រុមទី៧ ភូមិថ្មី សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ។
លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឱ្យដឹងថា ម្ចាស់អេតចាយ ឈ្មោះ លឿង ប៊ុនចូវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មានករណីអគ្គិភ័យ កើតឡើងបណ្ដាលឱ្យឆេះ ខូចខាតគំនរកំទេចជ័រសំបកទូរទស្សន៍អេតចាយ ដែលខ្លួនស្តុកទុកនៅខាងក្រោយដែលមានតម្លៃប្រហែលជា៣,០០០,០០០រៀល។

លោកបន្តថា មូលហេតុអ្នកជិតខាងឈ្មោះ ជា ម៉ិច ភេទប្រុស អាយុ៤១ឆ្នាំ បានដុតសំរាមស្លឹកប្ញស្សីងាប់ៗនៅដីរបស់ខ្លួន ដែលជាប់នឹងរបងនៅកន្លែងកើតហេតុ ហើយក៏ឆេះរាលដាលដល់ កន្លែងអេតចាយតែម្ដងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្នុងហេតុការនេះដែរ សមត្ថកិច្ចយើងប្រើប្រាស់រថយន្តទឹកអស់ចំនួន៣គ្រឿង(ឡានទឹកអធិការដ្ឋានក្រុងសៀមរាបមួយគ្រឿង, រថយន្តទឹកស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿង ទើបរលត់ជាស្ថាពរ ៕





ចែករំលែកព័តមាននេះ