ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​លួចលាក់​ឆបោក​តាម​អន​ឡាញ​​២​កន្លែង ឃាត់​មនុស្ស​ប្រុស​-​ស្រី​សរុប​១៥២​នាក់

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆក​បោក​តាម​អន​ឡាញ​ចំនួន​ពីរ​កន្លែង​ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ​សរុប​ចំនួន​១៥២​នាក់ និង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ធំ ។ប្រតិបត្តិការ​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆក​បោក​តាម​អន​ឡាញ​ចំនួន​ពីរ​កន្លែង​ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ​សរុប​ចំនួន​១៥២​នាក់ និង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ធំ ។
ប្រតិបត្តិការ​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ដឹក​នាំ​ដោយ​លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង​រាជធានី​ភ្នំពេញ ។ ការ​ចុះ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញ​នេះ ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​មាន​បទបញ្ជា​យ៉ាង​ម៉ុ​ន​ម៉ាត់​ពី​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​ព័ត៌មាន​ដែល​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ កងកម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ទីតាំង​ខុន​ដូ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​អគារ​លេខ​១៥ ផ្លូវ​១២៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​បង្កប់​បទល្មើស​ឆបោក​អន​ឡាញ (Online Scams) ។ ក្នុង​​ប្រតិ​បត្តិការ​បង្ក្រាប​នោះ ក្រុម​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​-​ខ្មែរ​សរុប​ចំនួន​១៤៩​នាក់ ដោយ​ក្នុង​នោះ​មាន​ស្រី​២៣​នាក់ ដែល​មានមុខរ​បរជា​ជាងភ្លើង​, កម្មករ​សំណង់​, សន្តិសុខ​មក​ពី​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ​ឈ្មោះ ហាន ហុង​, និង​ជា​ចុងភៅ​និង​កូនកាំបិត​ផង​ដែរ ។

ជនជាតិ​វៀតណាម​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​អន្តោប្រវេសន៍ ។ ចំណែក ជន​ជាតិ​ខ្មែរ​ចំនួន​៦៧​នាក់ (​ស្រី​១២​នាក់​) ព្រមទាំង​មធ្យោបាយ​សម្ភារៈ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ។ ដោយឡែក នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​បទល្មើស​ឆបោក​តាម​អន​ឡាញ​មួយ​កន្លែង​ទៀត មា​នទី​តាំងនៅ​ក្នុង​អគារ​ខុន​ដូ​លេខ​៣៨២ ផ្លូវ​ឌួ​ង​ងៀប ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ​។

ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ និង​ដកហូត​វត្ថុ​តាំង​មួយ​ចំនួន ។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេ​អគារ​ខុន​ដូ​៨​ជាន់​នេះ បាន​រក​ឃើញ​ជនសង្ស័យ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៣​នាក់ និង​សម្ភារៈ​ដែល​ជា​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​កុំព្យូទ័រ​ចំនួន​៤៧​គ្រឿង​,Laptop ចំនួន ១៩​គ្រឿង​, iPad ចំនួន​១​គ្រឿង​, ទូរស័ព្ទ​ចំនួន​២៨​គ្រឿង​, ទូរ​ដែក​ចំនួន​៦​គ្រឿង ។

ក្នុង​នោះ​ដែរ ក្រុមការងារ​ក៏​បាន​ប្រមូល​បាន​លិខិតឆ្លងដែន​ចំនួន​៨​ក្បាល និង​ចុងភៅ​ចំនួន ៣​នាក់ ស្រី​១​នាក់​, អ្នក​អនាម័យ ចំនួន​ម្នាក់​ផង​ដែរ​។ បច្ចុប្បន្ន អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន និង​សម្ភារ​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ដោយឡែក​ទីតាំង​អគារ​ខាងលើ​ត្រូវ​បាន​បិទ​ឃ្លុំបេ​បណ្តោះអាសន្ន​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​បវរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត ជា​ប្រមុខ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ដោយ​រាជរដ្ឋាភិបាល​បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​បង្ក​ការ​គំរាមកំហែង​និង​អសន្តិសុខ​ក្នុង​ពិភពលោក​និង​តំបន់​។ ក្រុម​ឧក្រិដ្ឋ​ជនបរទេស​ក៏​បាន​ជ្រៀតចូល​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ ។

ក្នុង​គោលបំណង​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូលរួម​ចំណែក​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ