ទំនិញថៃផ្សេងទៀត អាចនាំចូលកម្ពុជាបាន ដោយលើកលែងតែប្រភេទបន្លែ ផ្លែឈើ និងប្រេងឥន្ធន: និងឧស្ម័នឥន្ធន:ប៉ុណ្ណោះ ។ នេះបើតាមអង្គភាពគយប្រកាសអោយដឹង ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥បានលើកឡើងថា ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនមេត្តាជ្រាបថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចខាងក្រោម៖
ក. បន្លែ និងផ្លែឈើ
ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុច ខ នេះ មានដូចខាងក្រោម៖
១. ប្រេងសាំង (Gasoline)
២. ប្រេងម៉ាស៊ូត (Diesel)
៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤. ប្រេងខ្មៅ (Fuel oil) និង
៥. ប្រេងសាំងយន្តហោះ (Jet-A1)។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកឡើងទៀតថា ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ ។
អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន ។
ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិងសាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។
ចែករំលែកព័តមាននេះ