រាជធានីភ្នំពេញ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដូច្នេះនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានកាយចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត ។
ឯកឧត្តមបានលើកឡើងថា កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល ហើយត្រូវមានវិធានធានការទប់ស្កាត់មិនឱ្យត្រឡប់មកវិញបានទៀត ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការការក្រើនរំលឹក ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្តផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំនេះហើយ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវស្រុះដៃគ្នាក្នុងការចុះអនុវត្តឲ្យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានាជាបន្ទាន់ ត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ត្រូវមានរបាយការណ៍ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការទាន់ឲ្យសភាពការណ៍។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលក៏បានបំផុសឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវមានកិច្ចសហការណ៍ល្អជាមួយប្រជាពលរដ្ឋផងដែរក្នុងការរាយការណ៍ និងផ្តល់តំរុយមកសមត្ថកិច្ចអំពីករណីដែលមានការសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ
«បទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលមាន៩ចំណុច ក្នុងនោះ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។
ការចេញបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់ ។ ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ៕
ចែករំលែកព័តមាននេះ