ប្រមុខរដ្ឋាភិបាលបានចេញការព្រមានថា មន្ត្រីណាមិនធ្វើ ឬមិនសហការក្នុងការបង្ក្រាបការឆបោកតាមបច្ចេកវិទ្យានឹងអាចត្រូវផ្លាស់ប្តូរ ឬដកចេញពីមុខតំណែង ។ ដូច្នេះ មន្ត្រីណាក៏ដោយ មិនថាតូចឬធំទេនឹងត្រូវអាចដកតំណែង បើសិនជាធ្វេសប្រហែស ឬមិនបានធ្វើការបង្ក្រាបការឆបោកតាមបច្ចេកវិទ្យាអោយមានប្រសិទ្ធភាពទេនោះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញ«បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលមាន៩ចំណុច ក្នុងនោះ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំងផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង ។
ការចេញបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្ន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងបង្កការគំរា.មកំហែ.ង និងអសន្តិសុខក្នុងពិភពលោក និងតំបន់ ។ ក្រុមឧក្រិ.ដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ។
យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ ។
ចែករំលែកព័តមាននេះ