កណ្តោចកណ្តែង​ណាស់ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រស់​គ្មាន​អ្វី​ទីពឹង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កណ្តោចកណ្តែង​ណាស់ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រស់​គ្មាន​អ្វី​ទីពឹង

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​អាណិត​ដល់​ជីវិត​ស្ត្រី​ចំណាស់​ម្នាក់​វ័យ​៦៨​ឆ្នាំទៅ​ហើយ​គ្មាន​អ្វី​ទីពឹង​គឺ​រស់នៅ​ម្នាក់ឯង​និង​សុំ​កន្លែង​គេ​រស់នៅ​ហើយ​អះអាង​ថា មិន​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​ពី​អាជ្ញាធរ​ឡើយ​។ ស្ត្រី​ចំណាស់​រស់នៅ​តោកយ៉ាក​ខាងលើ​ឈ្មោះ ហោ មុ​យ​ឆេ​ង អាយុ​៦៨​ឆ្នាំ បច្ចុប្បន្ន​សុំ​ទីតាំង​របស់​អង្គការ​យេស៊ូ​គ្រី​ស្ត មួយ​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រិច​សង្កាត់…

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​អាណិត​ដល់​ជីវិត​ស្ត្រី​ចំណាស់​ម្នាក់​វ័យ​៦៨​ឆ្នាំទៅ​ហើយ​គ្មាន​អ្វី​ទីពឹង​គឺ​រស់នៅ​ម្នាក់ឯង​និង​សុំ​កន្លែង​គេ​រស់នៅ​ហើយ​អះអាង​ថា មិន​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​ពី​អាជ្ញាធរ​ឡើយ​។ ស្ត្រី​ចំណាស់​រស់នៅ​តោកយ៉ាក​ខាងលើ​ឈ្មោះ ហោ មុ​យ​ឆេ​ង អាយុ​៦៨​ឆ្នាំ បច្ចុប្បន្ន​សុំ​ទីតាំង​របស់​អង្គការ​យេស៊ូ​គ្រី​ស្ត មួយ​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រិច​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ រឿងរ៉ាវ​ដ៏​វែង​អន្លាយ និង​ស្តាប់​ទៅ​ដ៍​លន្លង់លន្លោច​ខ្លោចចិត្ត​នោះ លោកយាយ​រូប​នេះ​ប្រាប់​កោះសន្តិភាព​ថា គាត់​មានកូន​ស្រី​២​នាក់​ហើយ​បែកបាក់​គ្រួសា​តាំងពី​គាត់​អាយុ​៣៥​ឆ្នាំ​ម្លេះ​។

គាត់​បន្ត​ថា​ក្រោយ​បែកបាក់​គ្រួសា​គាត់​ក៏​រសាត់អណ្តែត​ទៅ​រស់នៅ​ស្រុក​ថៃ​ធ្វើ​ជា​កម្មករ​លី​សែង​ដូច​ប្រុស​អីចឹង​។ ក្រោយ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​គាត់​ក៏​ទៅ​រស់នៅ​អតីត​ស្រុក​អូរ​ជ្រៅ​បច្ចុប្បន្ន​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ជា​សំណង់អាណាធិបតេយ្យ​លើ​ដី​គេ​។ គាត់​បន្ត​ថា​ក្រោយ​ទទួល​បាន​គោលនយោបាយ​ពី​ម្ចាស់​ដី​នៅ​ថវិកា​មួយ​ចំនួន​គាត់​ក៏​ជួល​ផ្ទះ​គេ​នៅ​ចំណុច​ភូមិ​សង្កាត់​ខាងលើ​រស់នៅ​ពោល​មុន​ផ្ទុះ​មេរោគ​កូ​វី​ដ​លើ​ពិភពលោក​។ ស្ត្រី​ចំណាស់​រូប​នេះ​បន្ត​ថា លុះ​សម័យ​កូ​វី​ដម​ក​ដល់​ប្រាក់​ដែល​ទទួល​បាន​ពី​គោលនយោបាយ​គាត់​ចំណាយ​លើ​គ្រប់​បែប​យ៉ាង និង​មើលថែ​ជំងឺ​ផង ថវិកា​នោះ​ក៏​ជិត​អស់​ធ្វើ​ឲ្យ​គាត់​បង្ខំចិត្ត​ឈប់​ជួល​ដី​គេ​នៅ​ហើយ​ទៅ​សុំ​អង្គការ​យេស៊ូ​គ្រី​ស្ត​មួយ​ដើម្បី​ស្នាក់​នៅ​ទម្រាំ​ដល់​ជីវិត​ចុង​ក្រោយ​។

លោកយាយ​បន្ត​ថា បច្ចុប្បន្ន​រស់នៅ​អាស្រ័យ​លើ​អ្នកស្រុក​ហុច​បាយ​ទឹក និង​ជំនួយ​ខ្លះ​ពី​ខាង​អង្គការ​យេស៊ូ​គ្រី​ស្ត​ទើប​គាត់​អាច​រស់រាន​មានជីវិត​ដល់​ពេល​នេះ​។ ពេល​សាកសួរ​ពី​ប័ណ្ណ​ក្រីក្រ​គាត់​ថា​មិន​ដែល​បាន​ទទួល​ទេ​។ ខណៈ​សាកសួរ​បន្ត​រឿង​កូនស្រី​លោកយាយ​រូប​នេះ​បង្ហូរទឹកភ្នែក​តែ​ម្តង​ដោយ​និយាយ​ថា កូន​ៗ​គាត់​នៅ​ឯ​ស្រុក​កំណើត​ក្រ​ណាស់​មិន​អាច​ជួយ​អ្វី​គាត់​បាន​ឡើយ​។ និយាយ​ទាំង​ក្តុកក្តួល​ចិត្ត និង​បង្ហូរទឹកភ្នែក​ផង​នោះ​លោកយាយ​រូប​នេះ​បាន​ទទូច​សុំ​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​គាត់​ថា សូមអ្នក​មានចិត្ត​សប្បុរសធម៌​មេត្តា​ជួយ​គាត់​ផង​។

ជុំវិញ​ករណី​នេះ​មេ​ភូមិ​ព្រៃ​ព្រិច​លោកស្រី ហុ​ក លឿម ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ស្ត្រី​ចំណាស់​ខាងលើ​មិនមែន​ជា​សមាជិក​ក្នុងភូមិ​គាត់​ទេ​ហើយ​ថា ស្ត្រី​ចំណាស់​ខាងលើ​តែងតែ​បន្លាស់​ទី​ម្តង​ទៅ​រស់នៅ​ភូមិ​នេះ​ម្តង​ទៅ​រស់នៅ​ភូមិ​នោះ​។ មេ​ភូមិ​រូប​នេះ​បន្ត​ថា ស្ត្រី​ខាងលើ​ទើបតែ​ទៅ​ស្នាក់​នៅ​ក្នុងភូមិ​របស់​គាត់​ប្រហែល​១​ឆ្នាំ និង​បញ្ជាក់​ថា អាជ្ញាធរ​ធ្លាប់​ឲ្យ​អំណោយ​គាត់​ជា​ញឹកញាប់​ដែរ​នា​ពេល​កន្លង​មក​៕ ដោយ ៖ មុត សា​រុន