ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​ទៅ​អន្លង់​វែង​ត្រូវ​បាន​ផ្អាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​កម្ពុជា សម្រេច​ផ្អាក​ការ​រៀបចំ​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​នៅ​ឆ្នាំ​នេះ ។ អន្លង់​វែង​ជា​ស្រុក​មួយ​មា​នទី​តាំងនៅ​ជាប់​ប្រទេស​ថៃ ដែល​មាន​ច្រក​អន្តរជាតិ​ជាំ​ជាទី​ប្រសព្វ…

រាជធានី​ភ្នំពេញ ៖ ការ​កើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​កម្ពុជា សម្រេច​ផ្អាក​ការ​រៀបចំ​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​នៅ​ឆ្នាំ​នេះ ។ អន្លង់​វែង​ជា​ស្រុក​មួយ​មា​នទី​តាំងនៅ​ជាប់​ប្រទេស​ថៃ ដែល​មាន​ច្រក​អន្តរជាតិ​ជាំ​ជាទី​ប្រសព្វ និង​ជា​កន្លែង​ចេញ ចូល​រវាង​ប្រជាជន​កម្ពុជា និង​ថៃ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០២១ បាន​និយាយ​ដូច្នេះ​ថា​៖«​ឆ្នាំ​នេះ​យើង​មិន​អាច​ធ្វើ​បាន​ទេ ដោយសារ​សភាពការណ៍​តាម​ព្រំដែន​មិនសូវ​ល្អ ពាក់ព័ន្ធ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺកូ​វី​ដ​-១៩ ដូច្នេះ​យើង​ត្រូវ​លើក​ពេល​ទៅ​រៀបចំ
នៅ​ឆ្នាំ​ក្រោយ ដោយសារ​យើង​មិន​អាច​ត្រៀមខ្លួន​កើត និង​សភាពការណ៍​មិន​អំណោយផល​»​។

ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ ត្រូវ​បានបង្កើត​ឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ជាមួយ​រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងភាគី​ថៃ ។ កម្មវិធី​មួយ​ចំនួន​ក្នុង​ព្រឹត្តិការណ៍​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាជន​ថៃ​រស់​ក្នុងស្រុក​ជាប់​ស្រុក​អន្លង់​វែង ។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទេសចរណ៍​មួយ​នេះ មិន​អាច​ដំណើរការ​បាន​។

គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជិត​៩​ពាន់​នាក់ ក្នុង​នោះ​​បាត់​បង់​ជីវិត​​​ចំនួន​៦៥​នាក់ ។ ដោយឡែក​នៅ​ថ្ងៃនេះ ប្រទេស​ជិតខាង​កម្ពុ​ជាមួយ​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ជាង​៥​រយ​នាក់ ។ ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​នៅ​កម្ពុជា ដែល​សម្តេច ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ក៏​ជា​កត្តា​រួមចំណែក​ក្នុង​ការ​ផ្អាក​នេះ​ដែរ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​។ បើ​តាម​លោក វ៉ា​ត់ ចំរើន គណៈកម្មការ​រៀបចំ​ត្រូវការ​ពេលវេលា​យ៉ាងតិច​ពីរ​ទៅ​បី​ខែ ក្នុង​ការ​ត្រៀមលក្ខណៈ​រៀបចំ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​សុវត្ថិភាព​។

ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ក្នុងស្រុក​អន្លង់​វែង ដែល​ជាទី​តាំង​ចុង​ក្រោយ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។ ព្រឹត្តិការណ៍​នេះ ក៏​ធ្វើ​ឡើង​ដើម្បី​អបអរ​ខួប​នៃ​ការ​ទទួល​បាន​សន្តិភាព​ពេញលេញ​ក្នុង​ឆ្នាំ​១៩៩៨ ផង​ដែរ​។

ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា​-​ថៃ និង​បង្កើត​ឲ្យ​ភាព​អ៊ូអរ​ក្នុង​តំបន់​រ៉ាំរ៉ៃ​ដោយ​សង្គ្រាមស៊ីវិល​មួយ​នេះ ក៏​ស្ថិត​ក្នុង​គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែរ ។ លើស​ពី​នេះ គឺ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ផ្នែក​សន្តិភាព និង​បន្សាប​ភាព​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​ដែល​ដិតដាម​ជាមួយ​របប​ខ្មែរ​ក្រហម ។ ប្រជាពលរដ្ឋ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ក្នុងស្រុក​អន្លង់​វែង ជា​អតីត​កម្មាភិបាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ