ខេត្តបាត់ដំបង ៖ កេ្មងប្រុសជំទង់ម្នាក់ដែលកំពុងជិះម៉ូតូ បានដួលត្រឡប់ត្រឡិនដោយ សារតែឈើមួយកំណាត់ធ្លាក់ពីលើរថយន្តមកប៉ះ តែអកុសល ត្រូវរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយកិនចំពាក់កណ្ដាលខ្លួនបណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងរន្ធត់ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី០៨ មករា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល រីឯរថយន្តបង្កមិនត្រូវបានគេស្គាល់ម៉ាកទេ ហើយបានបន្ថែមល្បឿនបើកគេចបាត់ទាំង២គ្រឿងបាត់ស្រមោល ។
អធិការស្រុកថ្មគោល លោក ផង់ សុភាព បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន រីឆាត អាយុ១៥ឆ្នាំ រស់នៅភូមិនគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល។ លោកបានប្រាប់ថា បើតាមព្រឹត្តិហេតុ ជនរងគ្រោះត្រូវរថយន្តមួយគ្រឿងដែលគេមិនស្គាលម៉ាកបើកកិនបន្ថែម ក្រោយពីជនរងគ្រោះជិះម៉ូតូដួល ដោយសារជិះបុកគល់ឈើដែលធ្លាក់ពីលើរថយន្តមួយគ្រឿងទៀតបើកនៅខាងមុខ។ ប៉ុន្តែរថយន្តទាំង០២គ្រឿងដែលគេមិនទាន់ស្គាល់ភិនភាគនោះ បានបន្ថែមល្បឿនដូចគ្នាបើករត់បាត់។
បើតាមព្រឹត្តិហេតុរបស់មន្ត្រីជំនាញ បានឲ្យដឹងថា ឧប្បតិហេតុ ដែលបានកើតឡើងរវាងម៉ូតូមួយគ្រឿង ជាមួយនឹងរថយន្ត០២គ្រឿងនេះ គឺ ធ្វើដំណើរក្នុងគោលដៅស្របទិសគ្នាពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលខ៥។ របាយការណ៍បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូពីក្រោយរថយន្តមួយគ្រឿងដែលមានដឹកគល់ឈើ ហើយដល់ចំណុចកើតហេតុ ស្រាប់តែគល់ឈើនោះបានធ្លាក់ទៅប៉ះនឹងម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលត្រឡប់ត្រឡិននៅលើថ្នាល់ តែចៃដន្យពេលនោះ មានរថយន្តមួយគ្រឿងទៀតបើកយ៉ាងលឿនមកពីក្រោយ។
បើតាមព្រឹត្តិហេតុដដែលបានបញ្ជាក់ថា ក្រោយបង្កហើត រថយន្តទាំង០២គ្រៀងមិនបានឈប់ទេ។ ផ្ទុយទៅវិញម្ចាស់រថយន្តទាំង០២គ្រឿង បានបន្ថែមល្បឿនបើករត់បាត់ភ្លាមៗទាំង០២គ្រឿង ដោយគ្មានសាក្សីណាម្នាក់បានស្គាល់ភិនភាគឡើយ។
ចែករំលែកព័តមាននេះ