ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ប៉ៃ​លិន​​​ទទួល​​អំណរ​ឆ្នាំ​ថ្មី​ចាក​ផុត​ទុក្ខ​​ភ័យ​ពី​ឆ្នាំ​ចាស់​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្នុង​វត្ថុបំណង​ទាក់ទាញ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​មកកម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន និង​រក្សា​សោភ័ណ​ភាព នា​ឱកាស​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០២១ ទើប​រហូត​មកដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ ក្នុង​វត្ថុបំណង​ទាក់ទាញ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​មកកម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន និង​រក្សា​សោភ័ណ​ភាព នា​ឱកាស​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០២១ ទើប​រហូត​មកដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រីនៅ​តាម​មន្ទីរ​ជុំវិញ​ខេត្ត ជា​ពិសេស​គឺ​កងកម្លាំង នគរបាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត ព្រមទាំង​មន្ត្រីរាជការ ចុះ​លាបថ្នាំ​តាម​របាំង​ពុះ​ចែក​ទ្រូងផ្លូវ កាត់​ស្មៅ​ថែ​សួនផ្កា និង​លាង​សម្អាត​តាម​ផ្លូវ​សាធារណៈ​ជាដើម ជា​ពិសេស​គឺ​នៅ​ចំណុច​ផ្លូវភ្លោះ​ដង​ផ្លូវ​ជាតិ​លេខ​៥៧ ចាប់ពី​ពី​ចំណុច​ភ្នំ​យ៉ា​តរហូត​ទៅ​ដល់​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ឧត្តមសេនីយ៍ត្រី ពេជ្រ ឆើត ស្នងការ​រង​នគរបាល​ខេត្ត ដែល​បាន​ដឹកនាំ​កងកម្លាំង​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​ដងផ្លូវ​ខាងលើ ថ្លែង​ថា ក្រោយ​ពី​មាន​បញ្ជា​ពី​លោកស្នងការ រូប​លោក​ក៏​បាន​នាំ​កងកម្លាំង​ដែល​ប្រចាំ​បញ្ជា​នៅ​ស្នងការដ្ឋាន​ទាំងអស់ ចេញ​ទៅ​សម្អាត​នៅ​តាម​ដងផ្លូវ​សាធារណៈ ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ដូច​ជា​ប្រើ​រថយន្ត​ដឹក​ទឹក​ចំនួន​២​គ្រឿង​បាញ់​លាង​សម្អាត​ផ្លូវ​កុំ​ឲ្យ​មាន​ភាព​កខ្វក់ ជា​ការ​ចូលរួម​ក្នុង​ការ​ធ្វើ​អនាម័យ បង្កើត​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន។

លោកស្នងការ​រង​បន្ត​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិ​ន បើ​ឃើញ​ផ្លូវថ្នល់​មាន​សភាព​កខ្វក់ មាន​ភក់ជ្រាំ ខាង​រដ្ឋបាល​ខេត្ត​តែងតែ​បញ្ជា​ដល់​កងកម្លាំង​នគរបាល ឱ្យ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដឹក​ទឹក​ដើម្បី​បាញ់​លាង​សម្អាត ជា​ពិសេស​គឺ​នៅ​មុន​ពេល​បុណ្យចូលឆ្នាំ​សកល មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ។ រដ្ឋបាល​ខេត្ត តែងតែ​ធ្វើ​អនាម័យ​លាង​សម្អាត​ជា​ប្រចាំ​ដើម្បី​ឱ្យ​ទីក្រុង​ស្អាត នាំ​មក​នូវ​សុខភាព​ល្អ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន ដែល​មក​លេង​ម្ដង​ហើយ​ចង់​មក​ម្ដងទៀត ។

ចំណែក​មន្ត្រីរាជការ គឺ​មាន​ភាព​សស្រាក់សស្រាំ អ្នកខ្លះ​មាន​អំបោស ចបជីក បង្គី កាំ​បិត និង​សម្ភារ​ផ្សេង​ៗ​ទៀត ដើម្បី​សម្អាត​សួន​កុមារ និង​ផ្លូវ​សាធារណ​: សម្រាប់​ជា​គំរូ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ ឱ្យ​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​ផ្ទះសម្បែង​របស់​ខ្លួន​ផង​ដែរ ។ លើស​ពី​នេះ​ទៀត ក៏​មាន​តុបតែង​ភ្លើង​ចម្រុះ​ពណ៌​នៅ​មុខ​សាលាខេត្ត ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត មាន​ភាព​ទាក់ទាញ​ផង​ដែរ ។

នៅ​យប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ភូមិ​នាំ​គ្នា​ធ្វើ​កម្មវិធី​ផ្សេង​ៗដើម្បី​អបអរសាទរ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ដោយមាន​អ្នកខ្លះ​ចាក់​ធុងបាស់​រាំ​សប្បាយ​នៅ​មុខ​ផ្ទះអ្នកខ្លះ​ធ្វើ​ម្ហូបអាហារ​ជួបជុំ​គ្នា​ទទួលទាន​ជា លក្ខណ​:​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ លុះ​អស់​រយ​:​ពេល​១​ទៅ​២​ម៉ោង​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួនវិញ ។ ចំណែក​អ្នកខ្លះ គេ​នៅ​ហូប​ចុក​ជួបជុំ​មិត្តភក្តិ និង​រាំ​លេង​កម្សាន្ត​សប្បាយ​តាំងពី​ព្រលប់​រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ ទើប​បែក​គ្នា​ទៅ​សម្រាក​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ។

នៅ​សួន​កុមារ​មុខ​សាលាខេត្ត អាជ្ញាធរ​ខេត្ត ក៏​បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ដែរ ដោយ​មាន​ដាក់​ភ្លើង​បំភ្លឺ​ដ៏​ស្រស់បំព្រង មានការ​ដុត​កាំជ្រួច ដេញ​ឧបទ្រពចង្រៃ​នៅ​ឆ្នាំ​ចាស់​ចេញ ហើយ​ទទួលមក​វិញ​នូវ​ពរ​ជ័យ​សម្រាប់​ឆ្នាំ​ថ្មី ។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សេង​ៗទៀត ក្នុង​ក្រុង​ប៉ៃលិន នាំ​គ្នា​ទិញ​ម្ហូបអាហារ​ពី​ផ្សារ ត្រៀម​រៀបចំ​អបអរសាទរ​ការ​ឆ្លង​ឆ្នាំ​ចាស់​២០២០ ឈាន​ចូល​ឆ្នាំ​ថ្មី​២០២១ ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ចែ​មួយ អាយុ​៣៩​ឆ្នាំរស់នៅ​ក្នុងភូមិ​ខាង​លើ និយាយ​ថា នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ក្រុម​គ្រួសារ​របស់​គាត់បាន​​រៀបចំ​ជួបជុំ​គ្នា​ធ្វើ​ម្ហូបអាហារ ស្ល​ការី​ទាកាប៉ា ធ្វើ​ទឹក​សម្រាប់​នំ​បញ្ចុក​៥០​គីឡូក្រាម និង​មាន​បុកល្ហុង ហើយ​ហៅ​អ្នក​ក្នុងភូមិ​ក្មេង​ចាស់​ប្រុស​ស្រី នាំ​គ្នា​ទទួលទាន​ជាមួយនឹង​បងប្អូន​សាច់ញាតិ​របស់​ខ្លួន​តាំងពី​ល្ងាច ។ លុះ​រហូត​ដល់​ម៉ោង​១០​យប់ ក៏​មាន​អ្នកខ្លះ​ត្រឡប់​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ​វិញ តែ​អ្នកខ្លះ​នៅ​រាំ​លេង​កម្សាន្ត​រហូត​ដល់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ទើប​ទៅ​សម្រាក ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ដែល​ឈាន​ចូល​មក​ដល់ ។

ចំណែក​នៅ​តាម​ភូមិ​ក្បែរ​ៗ​នោះ គេ​មាន​ដុតភ្លើង​គប់​ដោយ​មាន​ដុត​ដំឡូងជ្វា និង​អាំង​សាច់​ហូប​ជួបជុំ​គ្នា​ក្នុង​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ ។ជាមួយ​នេះ ក៏​មានការ​ច្រៀង​ចម្រៀង​ឆ្លង​ឆ្លើយ​គ្នា ដើម្បី​អបអរ​ការ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​យ៉ាង​កងរំពង ព្រោះ​ពួក​គាត់​សប្បាយ​រីករាយ​ដែល​ជីវិត​នៅ​លើ​ផែនដី​នេះ​បាន​១​ឆ្នាំ​ទៀត​ហើយ ។

រីឯ​អ្នកខ្លះ​ទៀត ក៏​ធ្វើ​ដំណើរ​ទៅ​កន្លែង​អាស្រម​យាយ​យ៉ា​ត ដើម្បី​បួងសួង​សុំ​សេចក្តីសុខ សម្រាប់​ឆ្នាំ​ថ្មី អ្នកខ្លះ​ដែល​នៅ​ក្នុងផ្ទះ​ក៏​អុជ​ធូប ទៀន បួងសួង​ដល់​ទេវតា​សុំ​សេចក្តីសុខ​រៀង​ៗខ្លួន ។ ក៏​មាន​បងប្អូន​មួយ​ចំនួន ដែល​គាត់​មាន​ជំនឿ​លើ​ព្រះ​ជា​ម្ចាស់ បាន​បួងសួង​សុំ​ឱ្យ​មាន​សេចក្តីសុខ កម្លាំង​មាំមួន សុខភាព​ល្អ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្តការងារ​សម្រាប់​ឆ្នាំ​ថ្មី​២០២១ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា នៅ​ឯ​សួន​កុមារ​វិញ អាជ្ញាធរ​ខេត្ត បាន​ដុត​កាំជ្រួច​លាន់ឮ​សូរ​កងរំពង ខណៈ​ឆ្នាំ​ថ្មី​ជិត​ឈាន​ចូល​មក​ដល់ ក្នុង​ការ​ចូលរួមអបអរសាទរ ព្រមទាំង​មានការ​រាំ​លេង​កម្សាន្ត​សប្បាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ