តំណក់ប្រេងកម្ពុជា ចំថ្ងៃខួបលើកទី22នៃការដាក់ចេញនយោបាយឈ្នះ ឈ្នះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានតំណក់ប្រេងផ្ទាល់ខ្លួនដំបូងចេញពីប្លុកA ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានតំណក់ប្រេងផ្ទាល់ខ្លួនដំបូងចេញពីប្លុកA ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្ងៃទី២៩
ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានតំណក់ប្រេងផ្ទាល់ខ្លួនដំបូងចេញពីប្លុកA ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៩ ខែធ្នូ ថា ៖ «ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុកA ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមកនេះ ។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន
Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរ នូវការសាងសង់ ការបំពាក់គ្រឿងសម្ភារនិងបរិក្ខារនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង» ។
សម្តេចតេជោបន្តថា «តំណក់ប្រេងលើកដំបូងរបស់កម្ពុជាចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បង្កលក្ខណសម្បត្តិគ្រប់យ៉ាងឱ្យយើងមានតំណក់ប្រេងលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ» ។
សម្តេចតេជោ ក៏សូមឆ្លៀតឱកាសនេះរំឭកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy ។
សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក ។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevronបានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្មជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍន៍និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច ។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២ ។
ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតិភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍន៍ និងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចាកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតិភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ ឆ្នាំ២០១២ ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន ។
ការចរចាកិច្ចព្រមព្រៀងប្រេងកាត ក៏បានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ(រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចាដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Moeco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញជាបន្តបន្ទាប់គ្នា នៅឆ្នាំ២០១៤ និងឆ្នាំ២០១៦។
ការចរចាបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍន៍និងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន ។ សម្តេចតេជោបន្តថា ហេដ្ឋារចនាសម្ព័ន្ធផលិត
កម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
ផ្លាតហ្វមអណ្តូងប្រេងផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែសីហា ឆ្នាំ២០២០ ។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុកA និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ កប៉ាល់ផលិតកម្មប្រេងបានដំឡើង ជួសជុល និងបំពាក់សម្ភារបរិក្ខាររួចរាល់នៅខែកញ្ញា ឆ្នាំ២០២០ នៅប្រទេសសិង្ហបុរី និងបានដឹកមកដល់ និងដំឡើងរួចរាល់នៅប្លុកA នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។
កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុកA នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អណ្តូងប្រេងទី១ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួន២ទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ ។
សម្តេចតេជោបានលើកឡើងទៀតថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់ សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា ។ ផលប្រយោជន៍សំខាន់ៗរួមមាន ៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ ។
ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ ។ កូវីដ-១៩បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៏ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង ។
ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១តទៅ ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនាពេលកន្លងមកនេះ ៕
ចែករំលែកព័តមាននេះ