ខេត្តកំពង់ស្ពឺ៖ កម្មករ~កម្មារិនីបានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៥~៤៦ ស្ថិតនៅក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមុខរោងចក្រយីហោ តារាល អ៉ិនធើណេសិនណល ឯ.ក (TARAL INTERNATIONAL CO., LTD) នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យរោងចក្រមួយនេះទទួលខុសត្រូវលើលក្ខខណ្ឌការងារដែលខ្លួនកំពុងគេចវេស។
បន្ទាប់ពីផ្ទុះការតវ៉ា ក្រុមការងារនៃក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបើកកិច្ចប្រជុំដោះស្រាយវិវាទការងារបន្ទាន់ ស្តីពីកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនៃរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យការងារ ក្រោមវត្តមាន លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមអន្តរាគមន៍ដោះស្រាយទី០៣ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា នៅក្នុងរោងចក្រមានកម្មករ~កម្មារិនីធ្វើការចំនួន ៥៥ ០៧០ (ស្រី៣៣១០នាក់) បានធ្វើកូដកម្មសុំឱ្យរោងចក្រខាងលើកុំកាត់លុយថ្ងៃដែលបានធ្វើកូដកម្មតាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ និងប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយរហូតឈានទៅបិទផ្លូវនាពេលនេះ។
ចំពោះលទ្ធផលនៃកិច្ចប្រជុំ បន្ទាប់ពីបានពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពសះជានឹងគ្នា មានដូចខាងក្រោម៖
១~បងប្អូនកម្មករនិយោជិត ស្នើសុំលុយបាយថ្ងៃត្រង់ ព្រោះកន្លងមកមិនទាន់មានទេ។ ចំណុចនេះ ក្រុមហ៊ុនស្នើសុំអនុវត្តតាមច្បាប់ ដោយសារក្រុមហ៊ុនបានផ្តល់លុយថ្លៃបាយធ្វើការថែមម៉ោងចាប់ពី ម៉ោង៤ ដល់ម៉ោង៦ ចំនួន ៤០០០រៀលរួចហើយ ក្នុងនោះផ្តល់ជូនជាពីរចំណែក៖ ដោយចំណែក ទី១~ផ្តល់ជូន ១០០០០រៀល ជាប្រចាំសប្តាហ៍ និងទី២~ផ្តល់ជូន ២០០០រៀល ជាប្រចាំខែដែល មានបញ្ចូលទៅក្នុងបញ្ជីបើកប្រាក់ឈ្នួលប្រចាំខែ រីឯបងប្អូនកម្មករនិយោជិតដែលធ្វើការថែម ម៉ោងត្រឹមម៉ោង៥ ក្រុមហ៊ុនបញ្ចូលទៅក្នុងបញ្ជីបើកប្រាក់ឈ្នួលផងដែរចំនួន ២០០០រៀល/១ដង។ ចំណុចនេះ កម្មករនិយោជិតទាំងអស់បានឯកភាព។
២~ បងប្អូនកម្មករនិយោជិតស្នើកុំឱ្យកាត់លុយពេលមកស្ទែនយឺតលើសម៉ោង។ ចំណុចនេះក្រុមហ៊ុន ឯកភាពផ្តល់ជូនតាមការស្នើសុំរបស់កម្មករនិយោជិត នៅពេលកម្មករមកធ្វើការងារយឺត ដូចខាង ក្រោម៖
~កម្មករនិយោជិតដែលមកយឺតក្នុង ១៥នាទីចុះក្រោម (បូកចូលគ្នា) ក្នុង១ខែ មិនឱ្យកាត់លុយព្រីមចំនួន ៦ដុល្លារ នោះទេ
~កម្មករនិយោជិតមកយឺតក្នុងចន្លោះលើសពី ១៥នាទី ដល់ ២៩នាទី (បូកចូលគ្នា) ក្នុង១ខែ ក្រុមហ៊ុនឯកភាពកាត់លុយត្រឹមចំនួន ៦ដុល្លារ
~កម្មករនិយោជិតមកយឺតលើសពី ៣០នាទី (បូកចូលគ្នា) ក្នុងង១ខែ កម្មករនិយោជិតឯកភាព។
៣~នៅពេលកម្មករនិយោជិតសុំអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត អនុញ្ញាតឱ្យឈប់សម្រាកព្យាបាលកន្លះថ្ងៃ ស្នើសុំក្រុមហ៊ុនអនុញ្ញាតច្បាប់ ១ថ្ងៃ ដើម្បីមានពេល តាមដានពិនិត្យព្យាបាល។ ចំណុចនេះក្រុមហ៊ុននឹងពិនិត្យតាមវេជ្ជបញ្ជាពេទ្យ។
៤~ ស្នើសុំលុយរង្វាន់តាម target ប៉ុន្តែលុយអត់ឡើង។ ចំណុចនេះ ក្រុមហ៊ុននឹងធ្វើបញ្ជីតារាងបិត ផ្សាយតាមផ្នែកឱ្យកម្មករនិយោជិតមើល។
៥~ ចំពោះស្ត្រីមានផ្ទៃពោះ ២ខែ ស្នើសុំចេញមុនម៉ោង ១៥នាទី។ ចំណុចនេះ ក្រុមហ៊ុនឯកភាព ដោយផ្អែកសំបុត្រពេទ្យបញ្ជាក់ត្រឹមត្រូវ។
៦~ ស្នើសុំធ្វើការថែមម៉ោងតាមគោលការណ៍ស្ម័ត្រចិត្ត។ ចំណុចនេះ ក្រុមហ៊ុនឯកភាពអនុវត្តទៅតាមច្បាប់ស្តីពីការងារ។
៧~ ស្នើសុំឱ្យផ្តល់ដំណឹងជាមុនសម្រាប់ការដោះដូរធ្វើការថ្ងៃបុណ្យ។ ចំណុចនេះ ក្រុមហ៊ុនឯកភាពអនុញ្ញាតឱ្យឈប់សម្រាក ប៉ុន្តែប្រសិនបើបងប្អូនកម្មករនិយោជិតស្ម័គ្រចិត្តធ្វើការក្រុមហ៊ុនគុណលុយជូន។
៨~ ស្នើសុំកុំឱ្យមានការព្រមានកម្មករដែលយកទឹកថ្នាំខ្មែរបុរាណសម្រាប់ហូបចូលរោងចក្រ។ ចំណុច នេះ ក្រុមហ៊ុនឯកភាពអនុញ្ញាតឱ្យយកចូលបាន ប៉ុន្តែមិនត្រូវយកចូលក្នុងខ្សែច្រវ៉ាក់ផលិតកម្ម។
៩~ ស្នើសុំកែប្រែឥរិយាបទថ្នាក់ដឹកនាំជនជាតិចិន។ ចំណុចនេះ ក្រុមហ៊ុនឯកភាពនឹងធ្វើការណែនាំ ។
១០~ ស្នើសុំទូទឹកក្តៅ~ទឹកត្រជាក់នៅជាន់ខាងលើ។ ចំណុចនេះ ក្រុមហ៊ុនឯកភាពនឹងតម្លើងបន្ថែមជូន កម្មករនិយោជិតឱ្យបានគ្រប់គ្រាន់។
១១~ រាល់ការបញ្ឈប់កម្មករ សូមបញ្ជាក់ពីហេតុ និងជូនដំណឹងផង។ ចំណុចនេះ ក្រុមហ៊ុនឯកភាព អនុវត្តតាមសំណូមពររបស់កម្មករនិយោជិត។
១២~ ស្នើសុំកុំឱ្យដាច់លុយក្នុងពេលធ្វើកូដកម្ម រយៈពេល០២ថ្ងៃនេះ។
១៣~ កុំមានការគុំកួន
១៤~ សុំឱ្យសហជីពផ្តល់ដំណឹងដល់កម្មករនៅពេលប្រជុំរួច
១៥~ ការកាត់លុយសហជីព សូមឱ្យដាក់ឈ្មោះសហជីពផងដែរ៕

















ចែករំលែកព័តមាននេះ